នំបញ្ចុក ជាអាហារពេញនិយមនៅមុខព្រះបរមរាជវាំង
- ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៤:៣៩ នាទី រសៀល

ភ្នំពេញ៖ នំបញ្ចុក ជាអាហារពេញនិយមមួយសម្រាប់ពលរដ្ឋមកកាន់មុខវាំង ។ បើតាមអ្នកលក់នំបញ្ចុកនៅមុខវាំង ពលរដ្ឋមកកម្សាន្តនៅទីនេះ មិនដែលរំលងនំបញ្ចុកឡើយ។

៨ឆ្នាំហើយ ដែលអ្នកស្រី ខាត់ សុខុម ប្រកបរបរលក់នំបញ្ចុកនៅតាមធ្លារសួន នាបណ្ដោយទន្លេចតុមុខ ទល់មុខព្រះបរមរាជវាំង ។ ចាប់ពីម៉ោង ៣ រសៀល រហូតដល់ម៉ោង ៨យប់ អ្នកស្រី សុខុម អាចលក់នំបញ្ចុកអស់ ១៥គីឡូក្រាម និងបានចំណេញ ៤ ទៅ ៥ម៉ឺនរៀលក្នុងមួយថ្ងៃ។ សម្រាប់នំបញ្ចុកសម្លខ្មែរ ឬសម្លប្រហើរ មួយចានតម្លៃ ៤ ០០០រៀល និងសម្លការីមួយចានតម្លៃ ៥ ០០០រៀល។
ស្រី្តវ័យជាង៤៥ឆ្នាំរូបនេះ ចាត់ទុករបរលក់នំបញ្ចុកនេះ ជាឆ្នាំងបាយដ៏សំខាន់មួយ ជួយដោះស្រាយជីវភាពគ្រួសារ ស្របពេលមុខរបរនេះ កំពុងពេញនិយមនៅមុខព្រះបរមរាជវាំង។ អ្នកស្រី ខាត់ សុខុម បន្តថា៖ « របរនេះហត់ណាស់់ ប៉ុន្តែដើម្បីរកចំណូលជួយកូនៗសិក្សា និងផ្គត់ផ្គង់ជីវភាព ចេះតែបន្តលក់ដល់សព្វថ្ងៃទៅ។ ថ្ងៃណាលក់នំដាច់អស់ ទើបរកចំណេញឃើញ ប៉ុន្តែនំនៅសល់គ្មានចំណេញអ្វីនោះទេ។ សប្បាយចិត្តពេលលក់នំអស់ បានលុយឱ្យកូនគ្រាន់រៀន»។
ស្រ្ដីមកពីខេត្តកំពតរូបនេះ បន្ថែមថា គុណភាព អនាម័យ និងរសជាតិនំបញ្ចុករបស់អ្នកស្រី ទទួលបានការគាំទ្រពីពលរដ្ឋ និងនិស្សិតមកកម្សាន្តនៅលើធ្លារសួន ជាហូរហែរាល់ថ្ងៃ។

អ្នកស្រី ខាត់ សុខុម ជាអ្នកលក់នំបញ្ចុកនៅមុខវាំង ៨ឆ្នាំមកហើយ
មុខព្រះបរមរាជវាំង ជាទីតាំងទេសចរណ៍មួយនៅរាជធានីភ្នំពេញ ដែលបានទាក់ទាញពលរដ្ឋទៅអង្គុយកម្សាន្ត។ ពលរដ្ឋ ក៏ដូចជានិស្សិត ដែលមកអង្គុយលេងនៅតាមបណ្ដោយដងទន្លេចតុមុខ មិនរំលងនំបញ្ចុកឡើយ។ អ្នកស្រី វង្ស សុផា ជាអាជីវករលក់នំបញ្ចុកនៅមុខទន្លេចតុមុខ លើកឡើងថា ក្រោយលក់ទឹកសុទ្ធមិនកាក់កប អ្នកស្រី ក៏បានប្ដូរមកលក់នំបញ្ចុកវិញ ព្រោះរបរនេះ កំពុងពេញនិយមសម្រាប់ពលរដ្ឋ មកកម្សាន្តនៅទីនេះ។
អ្នកស្រី លក់នំបញ្ចុកសម្លប្រហើរខ្មែរ និងសម្លការី អស់ជាង១០គីឡូក្នុងមួយយប់។ បើតាមអ្នកស្រី សុផា ភ្ញៀវភាគច្រើនមកអង្គុយបរិភោគនៅតាមបណ្ដោយមាត់ទន្លេចតុមុខ ជាមួយបរិយាកាសខ្យល់បរិសុទ្ធ ហើយខ្លះទៀតខ្ចប់យកទៅហូបនៅកន្លែងផ្សេងៗ។ មុខរបរលក់នំបញ្ចុកនេះ បានជួយលើកស្ទួយជីវភាពគ្រួសាររបស់អ្នកស្រី វង្ស សុផា ឱ្យល្អប្រសើរ ជាពិសេសមានលទ្ធភាពឱ្យកូន២នាក់ បានសិក្សាទៀតផង។ ក្រៅពីលក់នំបញ្ចុក អ្នកស្រី សុផា ក៏មានលក់ទឹកផងដែរ ដើម្បីផ្ដល់ចំណូលបន្ថែមបន្តិចបន្តួច។

អ្នកស្រី វង្ស សុផា ជាអាជីវករលក់នំបញ្ចុកនៅមុខទន្លេចតុមុខ
«ពលរដ្ឋចូលចិត្តពិសានំបញ្ចុក។ នំបញ្ចុក ពេញនិយមសម្រាប់អ្នកមកអង្គុយលេងនៅមុខវាំង។ ពេលមានអ្នកផ្សាយពីនំបញ្ចុកនៅទីនេះកាន់តែច្រើន មួយរយៈនេះ លក់ដាច់ច្រើនជាងមុន»។ អ្នកជាការអះអាងបន្ថែមរបស់អ្នក វង្ស សុផា ជាអ្នកនំបញ្ចុក និងទឹក នៅមុខទន្លេចតុមុខ។
ស្រី្ដវ័យ៣៤ឆ្នាំរូបនេះ សង្កេតឃើញថា បច្ចុប្បន្ន ការលក់នំបញ្ចុកនៅមុខទន្លេចតុមុខកើនឡើងជាងមុន។ ទោះបីជាមានអ្នកលក់កើនឡើងក្ដី ប៉ុន្តែអ្នកស្រី នៅតែលក់ដាច់ជាធម្មតា។ អ្នកស្រី សុផា ចង់ប្រកបមុខរបរតិចតួចនេះរហូត ដើម្បីរកចំណូលជួយកូនៗ និងផ្គត់ផ្គង់ជីវភាពរបស់អ្នកស្រី។ អ្នកស្រី វង្ស សុផា សប្បាយចិត្តដែលខ្លួន នៅមានកម្លាំងរុញរទះលក់នំបញ្ចុក គ្រាន់ចិញ្ចឹមជីវិត៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: