រដ្ឋនឹងបង្កើត «សួនឧស្សាហកម្មស្វាយចន្ទី» ក្នុងឆ្នាំនេះ
- ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី យប់

ភ្នំពេញ៖ កម្ពុជាគ្រោងបង្កើត «សួនឧស្សាហកម្មស្វាយចន្ទី» មួយកន្លែងស្ថិតនៅខេត្តកំពង់ធំ ដើម្បីប្រមូលផ្ដុំការវិនិយោគរោងចក្រកែច្នៃគ្រប់ប្រភេទ។ គម្រោងនេះ នឹងចេញដំណើរនៅឆ្នាំ២០២៥ ដោយរដ្ឋនឹងជួយគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ នេះបើតាមការបញ្ជាក់របស់ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥» របស់សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៤ ខែមីនា។

សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងថា កន្លងទៅ រដ្ឋាភិបាលបានលើកទឹកចិត្តសម្រាប់ការនាំចេញគ្រាប់ស្វាចន្ទីឆៅ ប៉ុន្តែបច្ចុប្បន្នកម្ពុជាមានរោងចក្រអាចកែច្នៃគ្រាប់ស្វាយចន្ទី នាំចេញដោយខ្លួនឯងបានហើយ។ ការកែច្នៃក្នុងស្រុកនេះ នឹងជួយបង្កើនតម្លៃបន្ថែម ហើយរដ្ឋកំពុងលើកទឹកចិត្តដល់ការវិនិយោគផងដែរ។
ដើម្បីទាក់ទាញអ្នកវិនិយោគ កម្ពុជាត្រៀមរៀបចំ «សួនឧស្សាហកម្មស្វាយចន្ទី» មួយកន្លែង ដែលនឹងចេញដំណើរនៅឆ្នាំ ២០២៥នេះ។ ការបង្កើតសួនឧស្សាហកម្មបែបនេះ គឺដើម្បីប្រមូលផ្ដុំរោងចក្រកែច្នៃតូច-ធំគ្រប់ប្រភេទ ដោយមានការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗពីរដ្ឋ។
សម្ដេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះថា៖«រដ្ឋាភិបាល នឹងលើកទឹកចិត្ត ប្រសិនមានអ្នកវិនិយោគក្នុងការទាញតម្លៃបន្ថែមពីស្វាយចន្ទីបាន។ ឥឡូវ យើងកំពុងរៀបចំសួនឧស្សាហកម្មស្វាយចន្ទីមួយកន្លែង ដែលនឹងចេញដំណើរនៅឆ្នាំ២០២៥ ដើម្បីធ្វើយ៉ាងណាបង្រួមការវិនិយោគទៅក្នុងបណ្ដុំនៃតំបន់ឧស្សាហកម្ម ដែល បានកំណត់ ហើយរដ្ឋនឹងជួយគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ នេះគឺជាគោលនយោបាយនៃការទាក់ទាញរបស់យើង»។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក.) បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗកន្លងទៅថា «សួនឧស្សាហកម្មស្វាយចន្ទី» គឺជាការចងក្រងរោងចក្រកែច្នៃគ្រប់ប្រភេទដែលរាប់ទាំង ការគាប់ប្រេង, ផលិតជី និងផលិតផលនានា ចេញពីគ្រាប់ស្វាយចន្ទីឱ្យនៅជាបណ្ដុំ ដែលអាចកាត់បន្ថយថ្លៃដឹកជញ្ជូន និងថ្លៃដើមផលិតផ្សេងៗ។ មិនតែប៉ុណ្ណោះ ការធ្វើបែបនេះក៏អាចទទួលបានការលើកទឹកចិត្តបន្ថែមផ្នែកពន្ធដារ និងពន្ធគយ ពីរដ្ឋាភិបាលផងដែរ។ ការគាំទ្របន្ថែមពីរដ្ឋាភិបាលនេះ នឹងជួយវិស័យកែច្នៃស្វាយចន្ទីកម្ពុជានឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
ក្នុងសន្និបាតប្រចាំឆ្នាំរបស់សមាគមឧកញ៉ាដដែល សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានស្នើឱ្យ ឧកញ៉ាកម្ពុជា ជួយវិនិយោគលើការកែច្នៃបន្ថែម ដើម្បីជំរុញកម្ពុជាឱ្យក្លាយជាប្រទេសកសិ-ឧហ្សាហកម្ម និងកសិ-ពាណិជ្ជកម្មឈានមុខ និងឈានចាប់គោលដៅក្នុងការប្រែក្លាយខ្លួនទៅជាប្រទេសមានការអភិវឌ្ឍន៍នៅឆ្នាំ ២០៥០។
នៅដើមឆ្នាំ២០២៥នេះ កម្ពុជាមានសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៥២កន្លែង ក្នុងនោះធុនមធ្យម ៨កន្លែង ដែលមានសមត្ថភាពផលិតបាន ៥ម៉ឺនតោន។ បើតាម លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទី កម្ពុជាត្រូវការរោងចក្រកែច្នៃខ្នាតមធ្យមយ៉ាងតិច៣៥កន្លែង ដើម្បីពង្រីកលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅបាន ១៧ម៉ឺនតោន ក្នុងមួយឆ្នាំ។
យោងតាម ឯកសារស្ដីពី «តំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជាឆ្នាំ ២០២៤» កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុប ៥៨០ ១១៧ ហិកតា និងអាចមានសក្ដានុពលផលិតកម្មប្រមាណ ៨១៦ ៤៥៩ តោនក្នុងមួយឆ្នាំ។ តាមតួលេខនេះ កម្ពុជាឈរក្នុងចំណោមប្រទេសចំនួន៣ ដែលផលិតស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។
នៅឆ្នាំ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់វៀតណាមចំនួន ៧៩៣ ៤៥៣តោន ដែលគិតជាទឹកប្រាក់ ១១ ៥០លានដុល្លារ។ នេះបើតាមទិន្ន័យពីសមាគមស្វាយចន្ទីកម្ពុជា៕
អត្ថបទទាក់ទង
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: