លោតមឹក ប៉េតង់ អុកចត្រង្គ អុកយក្ស វាយសី បាល់ទាត់ គុនខ្មែរ និងរត់ចម្ងាយ នៅបុណ្យទន្លេខេត្តតាកែវ
- ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:១៩ នាទី យប់

រូបភាពពីហ្វេសប៊ុក លោក វ៉ី សំណាង
ភ្នំពេញ៖ បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នឹងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា នៅភូមិសាស្ត្រខេត្តតាកែវ។ ដើម្បីអបអរសាទរបុណ្យទន្លេ រដ្ឋបាលខេត្តតាកែវ នឹងរៀបចំកីឡា និងល្បែងកម្សាន្តប្រពៃណីចំនួន១០ប្រភេទទៀតផង។

នេះជាលើកដំបូង ដែលខេត្តតាកែវ ធ្វើជាម្ចាស់ផ្ទះទទួលបន្ទុករៀបចំសណ្ដាប់ធ្នាប់ និងសេវាកម្មទេសចរណ៍ ដើម្បីទទួលទេសចរជាតិ និងអន្តរជាតិ ចូលរួមព្រឹត្តិការណ៍បុណ្យទន្លេ។ បុណ្យទន្លេលើកទី៩នេះ រៀបចំរយៈពេល៣ថ្ងៃ នៅបរិវេណសួនច្បារមាត់បឹង ខេត្តតាកែវ។ ក្នុងឆ្នាំនេះ បុណ្យទន្លេ ប្រព្រឹត្តទៅក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ»។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានសរសេរលើហ្វេសប៊ុកខ្លួនថា រដ្ឋបាលខេត្តតាកែវ នឹងរៀបចំកីឡា និងល្បែងកម្សាន្តប្រពៃណីចំនួន១០ប្រភេទ មានល្បែងលោតមឹក ប៉េតង់ អុកចត្រង្គ អុកយក្ស វាយសី បាល់ទាត់ គុនខ្មែរ ពិសេសរត់ចម្ងាយ៥គីឡូម៉ែត្រផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តតាកែវ នឹងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ ការពារសុវត្ថិភាពដល់ថា្នក់ដឹកនាំ គណៈអធិបតី ប្រតិភូជាតិនិងអន្តរជាតិ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីធ្វើឱ្យបរិយាកាសកាន់តែមានភាពរីករាយ ។
កន្លងមក លោក ហួត ហាក់ រដ្ឋមន្រ្តីទេសចរណ៍ បានចេញសេចក្ដីណែនាំឱ្យពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ជាពិសេសកំណត់តម្លៃឱ្យច្បាស់ និងត្រូវយកចិត្តទុកដាក់លើការរក្សាអនាម័យបន្ទប់ទឹក សម្រាប់ព្រឹត្តិការណ៍បុណ្យទន្លេផងដែរ។
ទន្ទឹមនឹងនេះ ក្រសួងក៏ជំរុញឱ្យអាជ្ញាធរខេត្ត រៀបចំចំណតឱ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទទួលសេវាកម្មអាជីវកម្មរបស់ខ្លួន ចៀសវាងការចតយានយន្តដោយគ្មានសណ្តាប់ធ្នាប់ បង្កផលប៉ះពាល់ដល់ចរាចរណ៍លើផ្លូវសាធារណៈ។ ក្រៅពីនេះ ក្រសួងណែនាំឱ្យរៀបចំតុបតែងលម្អអំពូលភ្លើងបំភ្លឺ និងដាក់បង្ហាញទង់ជាតិកម្ពុជានៅផ្នែកខាងក្រៅទីតាំងអាជីវកម្ម ជាពិសេសផ្នែកខាងក្នុង ត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះអង្គទាំងបី ស្របតាមការណែនាំរបស់ក្រសួងព្រះបរមរាជវាំង។
លោករដ្ឋមន្រ្តី ក៏ស្នើឱ្យប្រតិបត្តិករទេសចរណ៍ក្នុងខេត្តតាកែវទាំងអស់ ត្រូវបង្ហាញអំពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់ខេត្ត តាមរយៈការរៀបចំតុបតែងលម្អនៅទីតាំងអាជីវកម្មរបស់ខ្លួន និងមិនត្រូវរៀបចំឱ្យប្រាសចាកពីប្រពៃណីទំនៀមទម្លាប់ខ្មែរឡើយ។
គួរជម្រាបថា «ពិធីបុណ្យទន្លេ» ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៥ ដើម្បីជំរុញឱ្យមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកាន់ខេត្តនៅដងទន្លេ នៃប្រទេសកម្ពុជា និងដើម្បីជំរុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋ មានភាពប្រសើរឡើង។ កន្លងមកព្រឹត្តិការណ៍នេះ បានធ្វើឡើងតាមបណ្ដាខេត្តជាច្រើនហើយ ដោយចេញពីខេត្តក្រចេះ ឆ្នាំ២០១៥, ស្ទឹងត្រែង ឆ្នាំ២០១៦, កំពង់ចាម និងត្បូងឃ្មុំ ឆ្នាំ២០១៧, កណ្ដាល ឆ្នាំ២០១៨, កំពង់ឆ្នាំង ឆ្នាំ២០១៩, បាត់ដំបង ឆ្នាំ២០២០។ តែព្រឹត្តិការណ៍ត្រូវបានផ្អាក នៅឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារជួបវិបត្តិនៃជំងឺកូវីដ-១៩។ លុះដល់ឆ្នាំ២០២៣ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងវិញនៅខេត្តកំពង់ធំ និងឆ្នាំ២០២៤នៅខេត្តសៀមរាប៕
អត្ថបទទាក់ទង
d
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: