អតីតម្ចាស់មេដាយមាសអូឡាំពិក Kipchoge នឹងបង្ហាញខ្លួនឡើងវិញនៅម៉ារ៉ាតុងក្រុងស៊ីដនី
- ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

អត្តពលិក Eliud Kipchoge ម្ចាស់មេដាយមាសអូឡាំពិកម៉ារ៉ាតុង ២សម័យកាលជាប់គ្នា នឹងវិលត្រឡប់ចូលរត់ព្រឹត្តិការណ៍ម៉ារ៉ាតុង នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលរៀបចំក្នុងខែសីហា ឆ្នាំ២០២៥។

កីឡាករវ័យ៤០ឆ្នាំ សញ្ជាតិកេនយ៉ា ដែលធ្លាប់ឈ្នះមេដាយមាសអូឡាំពិកលើកីឡារត់ម៉ារ៉ាតុង ចំនួន២លើកជាប់គ្នា នៅទីក្រុងរីយ៉ូ ឆ្នាំ២០១៦ និងទីក្រុងតូក្យូ ឆ្នាំ២០២០ បានបង្ហាញចំ ណាប់អារម្មណ៍ចូលរួមការរត់ចម្ងាយម៉ារ៉ាតុងជាថ្មី បន្ទាប់ពីរូបលោក បានបាត់មុខនៅប៉ុន្មានរយៈកាលចុងក្រោយ។ កាលពីឆ្នាំ២០១៩ Kipchoge ក្លាយជាបុរសដំបូង ដែលរត់ម៉ារ៉ាតុងដល់ទី ប្រើពេលក្រោម ២ម៉ោង ដោយកាលនោះ លោកប្រើថិរវេលា ១:៥៩:៤០ ក្នុងទីក្រុង Vienna។
បង្ហាញពីគោលបំណងពីការចូលរួមរត់កីឡាម៉ារ៉ាតុងជាថ្មី លោក Kipchoge បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ពេលថ្មីៗនេះថា៖«ខ្ញុំពិតជារំភើបខ្លាំងណាស់! នេះមិនមែនជាលើកទីមួយសម្រាប់ខ្ញុំនោះទេ ចំពោះការរត់នៅក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុង ទីក្រុងស៊ីដនី ប៉ុន្តែវាក៏ជាលើកដំបូងសម្រាប់ខ្ញុំ ដែលបានចូលរួមរត់ក្នុងទ្វីបអូសេអានី។ ការរត់នៅក្នុងប្រទេសអូស្រា្តលី គឺជាឱកាសដ៏ល្អបំផុតសម្រាប់ខ្ញុំ។»។
Kipchoge ជាកីឡាកររត់ម៉ារ៉ាតុងមួយរូប មានកំណត់ត្រាឈ្នះ ១៦លើក នៅក្នុងចំណោមការរត់ផ្លូវការ ២១លើក ដែលទទួលបានសច្ចាប័ន ពីសំណាក់ស្ថាប័នរត់ម៉ារ៉ាតុង ហើយចំណោមនោះ លោករកបានជ័យជម្នះ ១០លើកជាប់គ្នា ចន្លោះពីឆ្នាំ ២០១៤-២០១៩។
កំណត់ត្រាពិភពលោក ដែលលោក Eliud Kipchoge កាន់កាប់ពេលបច្ចុប្បន្ន ជាកីឡាករលេខ២ លើពិភពលោក ដែលរត់ម៉ារ៉ាតុងប្រើថិរវេលាលឿនបំផុត ២:១:០៩។ មិនត្រឹមតែប៉ុណ្ណោះ លោក ក៏នឹងចូលរួមរត់ម៉ារ៉ាតុងទីក្រុងឡុងដ៍ នៅខែមេសាដែរ មុនបន្តទៅរត់នៅទីក្រុងស៊ីដនី៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: