អាមេរិកប្រកាសដាក់ទណ្ឌកម្មមន្រ្តីថៃ ពាក់ព័ន្ធនឹងការចាប់បញ្ជូនជនជាតិអ៊ុយហ្គួរទៅប្រទេសចិន
- ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:៣៩ នាទី ល្ងាច

ប្រមុខការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ AP - Saul Loeb
ដោយ៖ឈាង បុប្ផា/ RFI ខេមរភាសា
ក្រសួងការបរទេសអាមេរិកបានសម្រេចដាក់ទណ្ឌកម្មលើមន្រ្តីរដ្ឋាភិបាលថៃដែលមានជាប់ពាក់ព័ន្ធនឹងការបណ្តេញ ចាប់បញ្ជូនជនជាតិអ៊ុយហ្គួរទៅឲ្យអាជ្ញាធរប៉េកាំង។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃសុក្រទី ១៤ មីនា រដ្ឋមន្រ្តីការបរទេសអាមេរិក លោកម៉ាកូ រូប៊ីយ៉ូបានព្រមានប្រទេសដទៃទៀតកុំឲ្យយកគំរូតាមប្រទេសថៃ បើសិនមិនចង់ជាប់ទណ្ឌកម្មរបស់អាមេរិក។ ថៃ តាមរយៈក្រសួងការបទេសបានបញ្ជាក់នៅថ្ងៃសៅរ៍ ទី ១៥ មីនាថា រដ្ឋាភិបាលថៃទទួលបានការធានាពីប៉េកាំង ទាក់ទងនឹងការរក្សាសន្តិសុខឲ្យជនជាតិអ៊ុយហ្គួរ ដែលថៃបានបញ្ជូនទៅប្រទេសចិន កាលពីចុងខែកុម្ភៈកន្លងទៅ។

រដ្ឋាភិបាលថៃកំពុងរងការរិះគន់ និងការដាក់សម្ពាធ ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដោយសារតែសំណុំរឿងចាប់បញ្ជូនជនជាតិអ៊ុយហ្គួរដ៏ចម្រូងចម្រាសទៅឲ្យប្រទេសចិន។
នៅថ្ងៃសុក្រទី ១៤ មីនា តាំងពីកិច្ចប្រជុំហ្សេ ៧ នៅប្រទេសកាណាដា រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោកម៉ាកូ រូប៊ីយ៉ូបានប្រកាសថា អាមេរិកបានសម្រេចហាម មិនឲ្យមន្រ្តីរដ្ឋាភិបាលថៃអាចធ្វើដំណើរទៅសហរដ្ឋអាមេរិក បន្ទាប់ពីពួកគេមានជាប់ពាក់ព័ន្ធនឹងការចាប់បញ្ជូនជនជាតិអ៊ុយហ្គួរទៅប្រទេសចិន។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេសអាមេរិក បម្រាមខាងលើនឹងអនុវត្តទៅលើមន្រ្តីរដ្ឋាភិបាលថៃបច្ចុប្បន្ន និងមន្រ្តីចាស់ៗ ក្នុងរដ្ឋាភិបាលមុន។ គួរបញ្ជាក់ថា ក្រៅពីចាប់បញ្ជូនជនជាតិអ៊ុយហ្គួរជាង៤០នាក់ កាលពីចុងខែកុម្ភៈទៅឲ្យប្រទេសចិន រដ្ឋាភិបាលថៃ ធ្លាប់បានចាប់បញ្ជូនជនជាតិអ៊ុយហ្គួរក្នុងទ្រង់ទ្រាយធំ ក្នុងចំនួន ១០៩នាក់ កាលពី ឆ្នាំ ២០១៥ រហូតបណ្តាលសហគមន៍អន្តរជាតិរិះគន់ និងថ្កោលទោសប្រទេសថៃយ៉ាងចាស់ដៃ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក ក្រៅពីដាក់ទណ្ឌកម្មលើមន្រ្តីរដ្ឋាភិបាលថៃ ប្រមុខការបរទេស លោក ម៉ាកូ រូប៊ីយ៉ូនៅបានព្រមានប្រទេសផ្សេងទៀតកុំឲ្យចាប់បញ្ជូនជនជាតិអ៊ុយហ្គួរទៅឲ្យប្រទេសចិន។ បើតាមរដ្ឋមន្រ្តីការបរទេសអាមេរិក គេដោយផ្អែកលើភស្តុតាងកាន់តែច្បាស់ដែលថា រដ្ឋអំណាចប៉េកាំងបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទៅលើជនជាតិអ៊ុយហ្គួរនៅក្នុងខេត្តស៊ីនជាំង ជាច្រើនឆ្នាំមកហើយ រដ្ឋមន្រ្តីការបរទេសអាមេរិកព្រមានបន្ថែមថា អំណើះតទៅ រាល់ប្រទេសដែលចាប់បញ្ជូនជនជាតិអ៊ុយហ្គួរទៅប្រទេសចិន នឹងជាប់រងការការទណ្ឌកម្មពីអាមេរិក។
បើតាមភាគីអាមេរិក ប្រជាជនអ៊ុយហ្គួរ ជាង១លាននាក់ ដែលកាន់សាសនាអ៊ីស្លាម ត្រូវអាជ្ញាធរចិនចាប់ដាក់ក្នុងមណ្ឌលឃុំឃាំងជាច្រើនកន្លែង នៅក្នុងលេសបោសសម្អាត ទប់ស្កាត់ក្រុមភេរវនិយមនៅតំបន់ស៊ីនជាំង។
ទាត់ចោលការចោទប្រកាន់របស់លោកខាងលិច ដែលថា ជនជាតិអ៊ុយហ្គួររងគ្រោះដោយសារការធ្វើការដោយបង្ខំ និងលះបង់ចោលសាសនាអ៊ីស្លាម ប៉េកាំងអះអាងថា ប្រជាជនអ៊ុយហ្គួរទាំងនោះកំពុងទទួលវគ្គបណ្តុះបណ្តាល ដើម្បីកសាងជីវិតថ្មី ចាកឆ្ងាយពីក្រុមអ៊ីស្លាមជ្រុលនិយម។
នៅមុនអាមេរិក ទៅទៀត នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃព្រហស្បតិ៍ទី ១៣ មីនា សភាអឺរ៉ុបបានថ្កោលទោស និងអំពាវនាវឲ្យរដ្ឋាភិបាលថៃ ឈប់ចាប់បញ្ជូនជនជាតិអ៊ុយហ្គួរទៅឲ្យប្រទេសចិនតទៅទៀត ពីព្រោះថា ពួកគេទាំងនោះអាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។
នៅក្នុងសេចក្តីសម្រេចដែលបោះឆ្នោតគាំទ្រដោយសមាជិកសភាអឺរ៉ុបភាគច្រើន ប្រមាណ ៤៨២សំឡេង និងសំឡេងប្រឆាំងចំនួន៥៧ សភាអឺរ៉ុបបានទាមទារឲ្យគណៈកម្មការអឺរ៉ុបត្រូវតែចងភ្ជាប់លក្ខខណ្ឌមួយចំនួន ដូចជាការគោរពសិទ្ធិមនុស្ស ការធ្វើកំណែទម្រង់ច្បាប់ជេរប្រមាថព្រះមហាក្សត្រ និងការបិទបញ្ចប់ការធ្វើបត្យាប័នជនជាតិអ៊ុយហ្គួរទៅប្រទេសចិន នៅក្នុងការចរចាពាណិជ្ជកម្មជាមួយរដ្ឋាភិបាលក្រុងបាងកក។
សមាជិកសភាអឺរ៉ុបនៅបានទាមទារឲ្យរដ្ឋាភិបាលថៃបើកភ្លើងខៀវ អនុញ្ញាតឲ្យឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ ចូលទៅជួបប្រជាជនអ៊ុយហ្គួរ ដែលបានរត់ភៀសខ្លួនពីខេត្តស៊ីនជាំង ប៉ុន្តែ ត្រូវអាជ្ញាធរថៃចាប់ដាក់ក្នុងមណ្ឌលឃុំខ្លួនជាច្រើនឆ្នាំមកនេះ។
ប្រតិកម្មនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក ក្រសួងការបរទេសថៃបានបកស្រាយថា ចាប់តាំងពីចាប់បញ្ជូនជនជាតិអ៊ុយហ្គួរ ទៅប្រទេសចិននៅចុងខែកុម្ភៈ ភាគីថៃតែងតាមដានសុខុមាលភាពរបស់ពួកគេជាប់ជានិច្ច និងថា អាជ្ញាធរចិនបាននិយាយធានាយ៉ាងច្បាស់ពីសន្តិសុខ សុវត្ថិភាពរបស់ជនជាតិអ៊ុយហ្គួរ ដែលត្រលប់ចូលប្រទេសវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com