សេចក្តីព្រាង៖ កម្ពុជាស្ថិតក្នុងបញ្ជីលឿងនៃការហាមឃាត់ចូលដីអាម៉េរិក?
- ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៥:៥៩ នាទី ល្ងាច

រូបភាព The New York Times
សារព័ត៌មាន New York Times នៅថ្ងៃទី១៤ ខែមីនា បានចុះផ្សាយពីសេចក្តីព្រាងរបស់ក្រសួងការបរទេសអាម៉េរិក ដែលរឹតបន្តឹងប្រជាជនពីប្រទេសចំនួន ៤៣ ជាន់ដីអាម៉េរិក ដោយកម្ពុជាស្ថិតនៅក្នុងបញ្ជីលឿង។ កម្ពុជាស្ថិតបញ្ជីលឿងនៃសេចក្តីព្រាងនោះ ប៉ុន្តែមានរយៈពេល ៦០ថ្ងៃ ដើម្បីផ្តល់ព័ត៌មានទៅរដ្ឋាភិបាលអាម៉េរិក ដើម្បីពិនិត្យ ថាតើដកចេញពីការរឹតត្បិត ឬចូលក្នុងបញ្ជីក្រហម ឬទឹកក្រូច។ បញ្ជីនេះអាចប្រែប្រួលពេលទៅដល់សេតវិមាន។

បន្ទាប់ពីស្បថចូលកាន់តំណែង លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានបញ្ជាឱ្យក្រសួងការបរទេសធ្វើបញ្ជីរឹតត្បិតប្រជាជនពីបណ្តាប្រទេសផ្សេងៗ ដែលមានយ៉ាងហោចណាស់ ៤៣ ដោយក្នុងនោះរួមមានកម្ពុជា ដែលស្ថិតក្នុងបញ្ជីលឿង។
សេចក្តីព្រាងនៃការរឹតត្បិតនោះ បានបែងចែកបញ្ជីជា៣ គឺពណ៌ក្រហម ទឹកក្រូច និងលឿង។ ពណ៌ក្រហម គឺរឹតត្បិតទាំងស្រុង ខណៈ ពណ៌ទឹកក្រូចអនុញ្ញាតឱ្យតែអ្នកធុរកិច្ច ហើយអាចសម្ភាសដោយមួយទល់មួយ ដើម្បីទទួលបានទិដ្ឋាការ។ ចំណែកពណ៌លឿង តម្រូវឱ្យរដ្ឋាភិបាលប្រទេសទាំងនោះ មានរយៈពេល ៦០ថ្ងៃ ក្នុងការបញ្ជាក់ពីព័ត៌មានដែលខ្វះខាត។
ប្រទេសក្នុងបញ្ជីក្រហមមានចំនួន ១១ ដោយក្នុងនោះមានអាហ្វហ្កានីស្ថាន, កូរ៉េខាងជើង, ប៊ូតង់, គុយបា, អ៊ីរ៉ង់, លីប៊ី និងសូម៉ាលីជាដើម។ ចំណែកបញ្ជីទឹកក្រូចមានដូចជា បេឡារុស, ឡាវ, មីយ៉ាន់ម៉ា, រុស្ស៊ី, ប៉ាគីស្ថាន និងបណ្តាប្រទេសផ្សេតទៀត។ ដោយឡែកបញ្ជីលឿងមានដូចជា អង់ហ្គោឡា, កម្ពុជា, កាមេរូន និងបណ្តាប្រទេសផ្សេងៗ។ បញ្ជីនោះ មិនរឹតត្បិតចិនឡើយ។
មន្រ្តីដែលសុំមិនបញ្ចេញឈ្មោះ ដែលពិភាក្សាលើរឿងដ៏សំខាន់មួយនេះ បានបញ្ជាក់ថា បញ្ជីទាំងនោះ ត្រូវបានរៀបចំដោយក្រសួងការបរទេសជាច្រើនសប្តាហ៍មកហើយ ចំណែកការផ្លាស់ប្តូរប្រទេស ទំនងអាចមានការផ្លាស់ប្តូរពេលទៅដល់សេតវិមាន។
តាមការចុះផ្សាយរបស់សារព័ត៌មាន New York News មន្រ្តីស្ថានទូតនៅថ្នាក់តំបន់នៃក្រសួងការបរទេស និងអ្នកជំនាញផ្នែកសន្តិសុខនៅក្រសួងផ្សេង និងទីភ្នាក់ងារចារកិច្ច បានពិនិត្យលើសេចក្តីព្រាងនេះ។ មន្រ្តីទាំងនោះ កំពុងពិនិត្យលើយោបល់ ថាតើលក្ខខណ្ឌនៃការខ្វះខាតនៅក្នុងប្រទេសទាំងនោះត្រឹមត្រូវ ឬជាហេតុផលគោលនយោបាយ ដើម្បីរួមបញ្ចូលប្រទេសផ្សេង ដោយមិនចង់ប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការលើអាទិភាព។
ក្រោយស្បថចូលកាន់តំណែង លោក ត្រាំ បានចេញបញ្ជាប្រតិបត្តិមួយឱ្យក្រសួងការបរទេសកំណត់ពីប្រទេស ដែលត្រូវកម្រិត និងពិនិត្យឱ្យបានត្រឹមត្រូវលើព័ត៌មានដែលខ្វះខាតក្នុងការចូលប្រទេស។ ដោយផ្អែកលើព័ត៌មាននោះ ប្រទេសដែលដាក់ក្នុងបញ្ជី អាចដាក់ក្នុងបញ្ជីរឹតត្បិតដោយផ្នែក ឬរឹតត្បិតទាំងស្រុង ក្នុងការចូលដីអាម៉េរិក។ លោក ត្រាំ បានផ្តល់ពេលឱ្យក្រសួងការបរទេស រយៈពេល ៦០ថ្ងៃ។ សប្តាហ៍ក្រោយ គឺគ្រប់ពេលរដ្ឋបាលអាម៉េរិក បញ្ចេញបញ្ជីរឹតត្បិត។
ប្រទេស ដែលដាក់ក្នុងក្នុងបញ្ជីលឿង ដោយសារមិនអាចចែករំលែកព័ត៌មាន ពីអ្នកដំណើរជាមួយអាម៉េរិក និងការលក់សញ្ជាតិទៅប្រជាជន ដែលមានប្រទេសហាមឃាត់ ដែលបង្កឱ្យមានចន្លោះប្រហោងក្នុងការអនុវត្តការរឹតត្បិត៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: