យុវជនកូរ៉េខាងត្បូងមិនចង់រៀបការ បង្កើតកូន ដោយសារបញ្ហាសេដ្ឋកិច្ច
  • ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
យុវជនកូរ៉េខាងត្បូងមិនចង់រៀបការ បង្កើតកូន ដោយសារបញ្ហាសេដ្ឋកិច្ច
ប្តីប្រពន្ធមួយគូនាំកូនដើលេងនៅក្រុងសេអ៊ូល។ រូបភាព ៖ Yonhap

យុវជនកូរ៉េខាងត្បូងកាន់តែច្រើនមានការភ័យខ្លាច និងព្រួយបារម្ភអំពីជីវិតអាពាហ៍ពិពាហ៍ ការសម្រាលកូន និងការចិញ្ចឹមកូន ដោយសារបញ្ហាសង្គម និងសេដ្ឋកិច្ច។ នេះបើតាមការសិក្សាដែលទើបចេញផ្សាយនៅថ្ងៃទី១១ ខែមីនា។
TTN-Free-Banner-In-Article-PC

វិទ្យាស្ថានស្រាវជ្រាវចំនួនប្រជាជនឧបទ្វីបកូរ៉េ (KPPIF) បានចេញផ្សាយការវិភាគមួយកាលពីថ្ងៃទី១១ ខែមីនា ដោយផ្អែកលើការបង្ហោះអនាមិកចំនួន ៥ម៉ឺននាក់ ចាប់ពីចុងឆ្នាំ២០១៧ ដល់ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅលើ Blind ដែលជាសហគមន៍អនឡាញសម្រាប់កម្មករវ័យក្មេង ដោយបង្ហាញថា យុវជនកូរ៉េខាងត្បូងភាគច្រើនមានអាកប្បកិរិយាអវិជ្ជមានចំពោះរឿងអាពាហ៍ពិពាហ៍។

អត្រា ៣២,៣ភាគរយនៃការបង្ហោះរបស់យុវជនកូរ៉េបានបង្ហាញពី«ទុក្ខព្រួយ» ខណៈ ២៤,៦ភាគរយមានអារម្មណ៍ថា «ភ័យខ្លាច» និង ១០,២ភាគរយមានអារម្មណ៍ថា«ស្អប់
ខ្ពើម» ជាមួយអាពាហ៍ពិពាហ៍។ ដូច្នេះ មានតែ ៩,៣ភាគរយប៉ុណ្ណោះនៃការបង្ហោះជាវិជ្ជមាន ដែលបង្ហាញពីសុភមង្គលអំពីការរៀបការ។ នេះតាមសារព័ត៌មាន The Korea Herald ។

KPPIF បានរកឃើញនិន្នាការស្រដៀងគ្នាជាមួយនឹងការសម្រាលកូន និងការចិញ្ចឹមបីបាច់ថែរក្សា ដែលជាង ៦០ភាគរយនៃការបង្ហោះទាក់ទងនឹងការសម្រាលកូនមានលក្ខណៈអវិជ្ជមាន ដោយ ២៣,៨ភាគរយបង្ហាញពី«ស្អប់ខ្ពើម» ខណៈ ២១,៣ភាគរយមានអារម្មណ៍ «ភ័យខ្លាច» និង ១៥,៣ភាគរយមានអារម្មណ៍«ទុក្ខព្រួយ»។ ទន្ទឹមនេះ ចំនួននៃការបង្ហោះដែលបង្ហាញពីអាកប្បកិរិយាអវិជ្ជមានចំពោះឪពុកម្តាយមាន ៧០ភាគរយ។

អ្នកជំនាញ KPPIF ចង្អុលបង្ហាញថា អាកប្បកិរិយាអវិជ្ជមាននេះឆ្លុះបញ្ចាំងពីកង្វល់សង្គម និងសេដ្ឋកិច្ចយ៉ាងធំនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ការវិភាគស្រដៀងគ្នាដោយវិទ្យាស្ថានបានរកឃើញថាពាក្យ »ប្រាក់កាស» លេចឡើងក្នុង ៣០ភាគរយនៃការបង្ហោះទាក់ទងនឹងអាពាហ៍ពិពាហ៍និង ១៣,២ភាគរយនៃការបង្ហោះអំពីការមានកូន។

KPPIF បានចេញផ្សាយការសិក្សានេះ ខណៈដែលអត្រាកំណើតរបស់កូរ៉េខាងត្បូងបានងើបឡើងវិញបន្តិច បន្ទាប់ពីការធ្លាក់ចុះជាច្រើនឆ្នាំ។ វិទ្យាស្ថានព្រមានថា ការងើបឡើងវិញនេះអាចជាបណ្តោះអាសន្ន ដែលជំរុញដោយផលប៉ះពាល់ក្រោយជំងឺរាតត្បាត ដោយសារការយល់ឃើញ និងអាកប្បកិរិយារបស់មនុស្សវ័យក្មេងអំពីអាពាហ៍ពិពាហ៍ ការសម្រាលកូន និងការចិញ្ចឹមកូននៅតែមានភាពអវិជ្ជមាន។

ការស្ទង់មតិដាច់ដោយឡែកពីមនុស្សចំនួន ១,៥ម៉ឺននាក់ដែលមានអាយុពី ១៩-៣៤ឆ្នាំដោយការិយាល័យសម្របសម្រួលគោលនយោបាយរដ្ឋាភិបាល ក៏បានរកឃើញអាកប្បកិរិយាអវិជ្ជមានចំពោះអាពាហ៍ពិពាហ៍ និងភាពជាឪពុកម្តាយផងដែរ ដោយចំនួនមនុស្សដែលមានឆន្ទៈចង់រៀបការនៅឆ្នាំ២០២៤ បានធ្លាក់ចុះ១២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពី២ឆ្នាំមុន។ អ្នក​ដែល​ចង់​មាន​កូន​ក៏​ថយ​ចុះ ៤ភាគរយដែរ។

នៅថ្ងៃដែល KPPIF ចេញផ្សាយការសិក្សារបស់ខ្លួន ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok បានប្រកាសពីគម្រោងគាំទ្រថ្មីជាបន្តបន្ទាប់សម្រាប់គូស្នេហ៍វ័យក្មេង ឬអ្នកដែលចង់រៀបការ។

ដូច្នោះហើយ គ្រួសារដែលមានកូនចាប់ពី ៣នាក់ឡើងទៅ នឹងត្រូវផ្តល់អាទិភាពក្នុងការឡើងយន្តហោះមុនពេលធ្វើដំណើរទៅក្រៅប្រទេស។ គូស្វាមីភរិយាថ្មីថ្មោង ឬគូស្វាមីភរិយាដែលមានកូនថ្មី ក៏ត្រូវបានផ្តល់អាទិភាពក្នុងការទិញលំនៅដ្ឋានសង្គមដែរ៕

 

អ្នកសរសេរអត្ថបទ

ធន់ សេងហុង (THUN Senghong) បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង