យុទ្ធនាការ«ហែលទឹកទន្លេមេគង្គ» ចម្ងាយ១២០គីឡូម៉ែត្រ ដើម្បីរកថវិកាអភិរក្សផ្សោត
- ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:២១ នាទី ព្រឹក

រូបភាព៖ WWF
ភ្នំពេញ៖ យុទ្ធនាការ «ហែលទឹកទន្លេមេគង្គ ដោយឆ្លងកាត់ទីជម្រកសត្វផ្សោត ចម្ងាយ១២០គីឡូម៉ែត្រ បានចាប់ផ្តើមហើយ នៅថ្ងៃទី១៧ ខែមីនានេះ។ យុទ្ធនាការនេះ បង្កើតក្នុងគោលបំណងរៃអង្គាសថវិកាសម្រាប់ការអភិរក្សសត្វផ្សោត និងការពារទីជម្រកវារីសត្វគ្រប់ប្រភេទក្នុងទន្លេមេគង្គ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (WWF)យុទ្ធនាការ «ហែលទឹកទន្លេមេគង្គ មានការចូលរួមពីអ្នកអភិរក្សអន្តរជាតិចំនួន ៥នាក់ អមដំណើរដោយឆ្មាំទន្លេ និងក្រុមការងារ WWF។
ការហែលទឹកចម្ងាយ១២០គីឡូម៉ែត្រនេះ ត្រូវបានចាប់ផ្ដើមចេញពីទីតាំងក្បែរ «ស្ពានមិត្តភាពកម្ពុជា-ចិន» ខេត្តស្ទឹងត្រែង រហូតដល់ទីរួមខេត្តក្រចេះ ដោយចំណាយពេល៤ថ្ងៃ គឺពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមីនា។ បេសសកម្មនោះ ក្រុមអ្នកហែលទឹកក៏នឹងជួបឧបសគ្គជាច្រើនផងដែរ ដូចជា ការប៉ះទង្គិចជាមួយចរន្តទឹកទន្លេហូរខ្លាំង ព្រមទាំងធ្វើសកម្មភាពកត់ត្រាចំនួនផ្សោត និងការប្រមូលសំណាកនៃឧបករណ៍នេសាទជាដើម។
តំណាងក្រុមអ្នកហែលទឹក និងជាប្រធានគណៈកម្មការថនិកសត្វសមុទ្រអាមេរិក លោកស្រី Frances Gulland មានអាយុ ៦៥ឆ្នាំ បានលើកឡើងថា ការការពារជីវៈចម្រុះ ជាពិសេសសត្វផ្សោត គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខុមាលភាពទន្លេ និងមហាសមុទ្រ។ លោកស្រី Frances Gulland បន្ថែមថាយុទ្ធនាការហែលទឹកទន្លេមេគង្គនេះ គឺមិនមែនគ្រាន់តែជាសកម្មភាពហែលទឹកធម្មតាប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាពនេះក៏ជាការអំពាវនាវឱ្យមានការចាត់វិធានការជាបន្ទាន់ ដើម្បីធានាថាមនុស្សជំនាន់ក្រោយនឹងបានឃើញសត្វដ៏អស្ចារ្យទាំងនេះ ដែលអាចលូតលាស់នៅក្នុងទន្លេមេគង្គ។

ក្រសួងកសិកម្ម គាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមនេះ ដែលវា ស្របនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ។ នេះបើតាម លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ដោយលោកបន្តថា រយៈពេល៣ឆ្នាំចុងក្រោយនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅតែបន្តកើនឡើង។ លោក ឌិត ទីណា បន្ថែមថា៖ «នេះ គឺជាភស្តុតាងដែលបង្ហាញពីការប្តេជ្ញាចិត្ត និងកម្មវិធីអភិរក្សប្រកបដោយប្រសិទ្ធភាពរបស់យើង។»។
មូលនិធិដែលរៃអង្គាសបានពីព្រឹត្តិការណ៍នេះ នឹងផ្តល់ការគាំទ្រដោយផ្ទាល់ដល់កម្មវិធីអភិរក្សសត្វផ្សោត គាំទ្រដល់ឆ្នាំទន្លេ ដែលតែងតែចុះល្បាតជាប្រចាំក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីតាមដាន និងការពារទីជម្រករបស់សត្វផ្សោត។ បន្ថែមពីលើនេះ ធនធានទាំងនេះ ក៏នឹងត្រូវបានបម្រុងទុក សម្រាប់ជំរុញការងារស្រាវជ្រាវ និងជំរុញកិច្ចសហការកាន់តែ ខ្លាំង រវាងកម្មវិធីអភិរក្សសត្វផ្សោតសមុទ្រ និងទឹកសាបនៅកម្ពុជា។
លោក ចាប វិបុល នាយកអង្គការ WWF-កម្ពុជា មានប្រសាសន៍ថា «ការការពារចំនួនសត្វផ្សោត គឺទាមទារវិធីសាស្ត្រនិងការចូលរួមទាំងអស់គ្នាពីអ្នកអភិរក្ស អ្នកបង្កើតគោលនយោបាយ និងសហគមន៍មូលដ្ឋាន។ យុទ្ធនាកា រហែលទឹក ទន្លេមេគង្គនេះ គឺជាសក្ខីភាពនៃកិច្ចការសហការ និងការចូលរួមជាសាធារណៈក្នុងការអភិរក្ស»។
យុទ្ធនាការហែលទឹកទន្លេមេគង្គនេះត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីវិទ្យាស្ថានស្រាវជ្រាវជីរវិទ្យាសត្វផ្សោត នៃកម្មវិធីស្រាវជ្រាវសត្វផ្សោត Sarasota នៅសហរដ្ឋអាមេរិក ដែលបានបង្កើតវេទិការរៃអង្គាសថវិកាអន្តរជាតិ ដើម្បី ជំរុញកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វផ្សោត។ អ្នករៀបចំយើងសង្ឃឹមថា បញ្ហាប្រឈមនឹងជំរុញឱ្យមានការគាំទ្រ កាន់តែច្រើនឡើងៗសម្រាប់គំនិតផ្តួចផ្តើមនានាក្នុងគោលបំណងធានាដល់អនាគតនៃសត្វផ្សោតរបស់កម្ពុជា។
គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៦ សត្វផ្សោតនៅក្នុងអន្លង់ឈើទាលកៀកជាប់ទៅនឹងព្រំប្រទល់កម្ពុជា-ឡាវត្រូវបាន ប្រកាសថាផុតពូជ ដែលត្រូវបានកត់ត្រានៅឆ្នាំ ២០២២។ ការបាត់បង់នេះបង្ហាញពីចំណាត់ការជាបន្ទាន់ដើម្បីការពារ ផ្សោតដែលនៅសេសសល់ក្នុងទន្លេមេគង្គ។
យុទ្ធនាការហែលទឹកទន្លេមេគង្គ ចូលរួមដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, គាំទ្រ ដោយរដ្ឋបាលជលផល, អង្គការ WWF-កម្ពុជា, អង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា គណៈកម្មការ ថនិកសត្វសមុទ្រសហរដ្ឋអាម៉េរិក, កម្មវិធីស្រាវជ្រាវសត្វផ្សោត Sarasola នៅសួនសត្វ Brookfield ក្នុងទីក្រុង Chicago សហរដ្ឋអាម៉េរិក, IUCN Cetacean Specialist Group និង Ocean Conservation Namibia៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: