យ៉េមែន៖ ស្លាប់ជាង ៣០នាក់ និង របួសជាង ១០០នាក់ ក្រោមការវាយប្រហារផ្លូវអាកាសរបស់អាមេរិក
  • ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៤៩ នាទី ព្រឹក
យ៉េមែន៖ ស្លាប់ជាង ៣០នាក់ និង របួសជាង ១០០នាក់ ក្រោមការវាយប្រហារផ្លូវអាកាសរបស់អាមេរិក
យ៉េមែន៖ ស្លាប់ជាង ៣០នាក់ និង របួសជាង ១០០នាក់ ក្រោយការវាយតាមផ្លូវអាកាសរបស់អាមេរិក AP

ដោយ៖ ទន់ ពុទ្ធពិសិដ្ឋ (RFI ខេមរភាសា)

នៅយប់ថ្ងៃសៅរ៍ ទី១៥ មីនា អាមេរិកបានវាយប្រហារតាមផ្លូវអាកាស​ទៅលើទីតាំង​យោធាសំខាន់ៗជាច្រើនកន្លែង របស់​ក្រុមឧទ្ទាមហ៊ូទីយ៉េមែន នៅរដ្ឋធានីសាណា។ ការវាយប្រហារនេះ បណ្តាលឲ្យមនុស្សស្លាប់ជាង ៣០នាក់ និង របួសជាង ១០០នាក់ ព្រមទាំងបានបំផ្លាញលំនៅឋានរបស់ប្រជាជន នៅភាគខាងជើងរដ្ឋធានីសាណាផង។ លោក ដូណាល់ ត្រាំ ក៏បានគំរាមអ៊ីរ៉ង់ ឲ្យឈប់ជួយក្រុមឧទ្ទាមហ៊ូទីយ៉េមែន។ ចំណែកឯ​អ៊ីរ៉ង់វិញ មិនចុះញ៉ម ឱនក្រាបនៅចំពោះមុខការគំរាមកំហែងរបស់អាមេរិក ហើយថែមទាំងបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អាមេរិក ដោយថា នេះជាទង្វើព្រៃផ្សៃរបស់អាមេរិក មកលើប្រទេសយ៉េមែន។
TTN-Free-Banner-In-Article-PC


ការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក នៅប្រទេសយ៉េមែន ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានសរសេរសារនៅលើបណ្តាញសង្គមរបស់លោក Truth Social កាលពីថ្ងៃសៅរ៍ ទី១៥ មីនា ថា លោកនឹងធ្វើឲ្យក្រុមភេវនិយមហ៊ូទីធ្លាក់នរក។ 

ពាក្យគំរាមរបស់លោកដូណាល់ ត្រាំកើតឡើងមកពីក្រុមឧទ្ទាមយ៉េមែន បានប្រកាសនៅថ្ងៃអង្គារ ទី១១ មីនា បើកការវាយប្រហារទ្រង់ទ្រាយធំឡើងវិញ ទៅលើលើនាវាដឹកទំនិញរបស់អ៊ីស្រាអែល ដើម្បីសងសឹកនឹងការណ៍ដែលរដ្ឋាភិបាលអ៊ីស្រាអែលបិទខ្ទប់ មិនអនុញ្ញាតឲ្យរថយន្តដឹកជំនួយមនុស្សធម៌ចូលទៅតំបន់ហ្កាស្សា។ លោក ដូណាល់ ត្រាំ បានបន្តទៀតថា អាមេរិកនឹងប្រើប្រាស់កម្លាំងយោធារបស់ខ្លួន កម្ទេចក្រុមឧទ្ទាមនេះឲ្យដួលដល់ដី។

ឆ្លើយតបនឹងការវាយប្រហារនេះ ក្រុមឧទ្ទាមហ៊ូទីយ៉េមែនបានប្រកាសសងសឹកវិញ ចំពោះទង្វើដ៏ព្រៃផ្សៃរបស់អាមេរិក ដែលបានបណ្តាលឲ្យមនុស្សស្លាប់ យ៉ាងហោចណាស់ ៣១នាក់ និង របួស១០១នាក់ ដែលភាគច្រើនជាកុមារ និង ស្រ្តី។ នេះបើយោងតាមក្រសួងសុខាភិបាលយ៉េមែន នៅថ្ងៃអាទិត្យ ទី១៦ មីនា។ 

វីដេអូផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយហ៊ូទី បង្ហាញពីកុមារនិងស្រ្តីរបួសជាច្រើននាក់ ដែលគេកំពុងជួយសង្រ្គោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យមួយកន្លែង នៅប្រទសយ៉េមែន។
ក្រៅវាយប្រហារទៅលើក្រុមឧទ្ទាមហ៊ូទី លោកដូណាល់ ត្រាំ ក៏ព្រមានអ៊ីរ៉ង់ឲ្យបញ្ឈប់ការគាំទ្រក្រុមហ៊ូទីជាបន្ទាន់ និងបញ្ឈប់រាល់សកម្មភាពណាមួយដែលគំរាមកំហែងដល់ប្រជាជនអាមេរិក និង ផ្លូវសមុទ្រអន្តរជាតិ។ បើពុំដូច្នោះទេ អាមេរិកនឹងមិនលើកលែងឲ្យរួចខ្លួនឡើយ។ 

ទន្ទឹមនឹងនេះ មេបញ្ជាការកងទ័ពអាមេរិកបានបង្ហោះវីដេអូ បង្ហាញពីយន្តហោះចម្បាំង ហោះចេញពីនាវានៅសមុទ្រក្រហម និងបានទម្លាក់គ្រាប់កម្ទេចទីតាំងសត្រូវមួយកន្លែង នៅរដ្ឋសាណា ប្រទេសយ៉េមែន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃអាទិត្យ ទី១៦ មីនា ប្រមុខការបរទេសអ៊ីរ៉ង់បានលើកឡើងថា រដ្ឋាភិបាលអាមេរិកគ្មានសិទ្ធិអំណាច និង គ្មានសិទ្ធិកំណត់គោលនយោបាយការបរទេសរបស់អ៊ីរ៉ង់ឡើយ។ ប្រមុខការទូតរូបនេះក៏បានអំពាវនាវឲ្យអាមេរិកបញ្ឈប់ការសម្លាប់ជីវិតប្រជាជនស្លូតត្រង់យ៉េមែន និង បានថ្កោលទោសអំពើព្រៃផ្សៃរបស់អាមេរិក។ ចំណែកឯ អគ្គមេបញ្ជាការឆ្មាំបដិវត្តអ៊ីរ៉ង់ លោក Hossein Salami បានព្រមានអាមេរិកថា អ៊ីរ៉ង់មិនចង់ធ្វើសង្គ្រាមឡើយ តែបើនរណាម្នាក់គំរាមអ៊ីរ៉ង់ នោះអ៊ីរ៉ង់នឹងឆ្លើយតបវិញ។

សូមរំលឹកថា គិតចាប់ពីឆ្នាំ ២០១៤ មកទល់ពេលបច្ចុប្បន្ននេះ ប្រទេសយ៉េមែនធ្លាក់ក្នុងសង្គ្រាមស៊ីវិល ដែលបានបង្កឲ្យមានអ្នកស្លាប់ ប្រមាណជាង ១០ម៉ឺននាក់ ព្រមទាំងបានបំផ្លាញខ្ទេចខ្ទីរហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសយ៉េមែន។

© រក្សាសិទ្ធិដោយ thmeythmey.com

Other