តារាបូលីវូតឥណ្ឌា ឬតួសម្ដែងជាព្រះពុទ្ធ សន្យាជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា
  • ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៥៩ នាទី ព្រឹក
តារាបូលីវូតឥណ្ឌា ឬតួសម្ដែងជាព្រះពុទ្ធ សន្យាជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា

សៀមរាប៖ លោក GAGAN Malik តារាបូលីវូតដ៏ល្បី និងជាអង្គសម្ដែងជាព្រះពុទ្ធបាន បង្ហាញវត្តមាន ជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ នៅតាមប្រា សាទក្នុងរមណីយដ្ឋានអង្គរ។ បើតាមការបញ្ជាក់ពីមន្រ្តីទេសចរណ៍ តារារូបនេះសន្យា​ជួយ ជំរុញការ​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា នៅលើឆាកអន្តរជាតិ។
TTN-Free-Banner-In-Article-PC

 
ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ធិម សេរីវុឌ្ឍ បានប្រាប់សារព័ត៌មានថ្មីៗថា លោក GAGAN Malik បានបង្ហាញភាពរីករាយ និងលើកឡើងពីសក្កានុពលទេសចរណ៍របស់កម្ពុជា ពិសេសខេត្តសៀមរាប។ អំឡុងពេលដើរទស្សនាប្រាសាទនាថ្ងៃទី១៦ មីនា ជាមួយរដ្ឋមន្រ្តីទេសចរណ៍ តារារូបនេះ បានចាត់ទុក​ខេត្តសៀមរាប​ថាជាគោលដៅទេសចរណ៍វប្បធម៌ សាសនា ដ៏សំខាន់ និងជាកន្លែងមានសុវត្ថិភាព ហើយប្រជាជនមានបដិសណ្ឋារកិច្ចល្អ។ នេះបើតាមការបញ្ជាក់ពីលោក ធិម សេរីវុឌ្ឍ ដែលស្រង់សំដី តារារូបនេះ។ 
 
តារាបូលីវូតឥណ្ឌា មានវត្តមាននៅខេត្តសៀមរាប ក្នុងសិក្ខាសាលាស្តីពី ទេសចរណ៍វប្បធម៌សាសនា ដែលមានអ្នកចូលរួមប្រមាណ ៥០០អង្គ/នាក់ ក្នុងនោះក៏មានព្រះសង្ឃមកពីបណ្ដា ប្រទេសក្នុងតំបន់អាស៊ានផងដែរ។ តាមការបញ្ជាក់ពីលោក ធិម សេរីវុឌ្ឍ ក្នុងសិក្ខាសាលាខាងលើ លោក GAGAN Malik ដែលជាវាគ្មិន ក៏បានចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅកាន់ព្រះសង្ឃ និងប្រតិបត្តិករទេសចរណ៍ ក្នុងការរៀបចំតំបន់ និងវត្តអារាម អនាម័យ និងបរិស្ថាន ដើម្បីទាក់ទាញ ទេសចរសាសនា។ 

 
រូបភាព៖ ក្រសួងទេសចរណ៍

ខេត្តសៀមរាប គឺជាប៉ូលទេសចរណ៍វប្បធម៌ និងសាសនា ដ៏ធំ ក្នុងនោះរួមមាននៅតំបន់រមណីយដ្ឋានអង្គរ និងភ្នំគូលែន គឺទាំងសាសនាព្រះពុទ្ធ និងព្រហ្មញ្ញសាសនា។ ប្រធានស្តីទីមន្ទីរទេសចរណ៍បន្ថែមថា ក្នុងនោះអារាមមួយចំនួនក៏ត្រូវបានរៀបចំបានយ៉ាងទាក់ទាញ ចំណែករដ្ឋបាលខេត្តក៏បាន​ចងក្រងពិធីបុណ្យ និងសាសនាតាមមូលដ្ឋាន​ ក្នុងន័យទាក់ទាញទេសចរសាសនា។ 
 
លោក ធិម សេរីវុឌ្ឍមានសុទិដ្ឋិនិយមថា វត្តមានរបស់តារាបូលីវូតនៅលើទឹកដីខេត្តសៀមរាបនេះ ជាផ្នែកមួយសំខាន់ និងមានឥទ្ធិពលបំផុត សម្រាប់ជំរុញគោលដៅទេសចរណ៍ខេត្តសៀមរាប។ ជាតារាដ៏ល្បី ពិសេសជាតួអង្គសម្ដែងព្រះពុទ្ធច្បាស់ណាស់មានអ្នកគាំទ្រពីបណ្ដាប្រទេសជាច្រើនស្គាល់។ ហើយវត្តមានរបស់លោក GAGAN Malik នៅតំបន់ប្រាសាទខ្មែរ នឹងទាញអ្នកគាំទ្ររបស់លោកនៅក្នុង បណ្ដាញសង្គម ឱ្យស្គាល់តំបន់អង្គរកាន់តែច្បាស់បន្ថែម និងបញ្ជាក់ពីសុខសុវត្ថិភាព សម្រាប់ទេសចរគ្រប់រូប៕
រូបភាព៖ ក្រសួងទេសចរណ៍

អ្នកសរសេរអត្ថបទ

អ៊ី​សា រ៉​ហា​នី (Isa Rohany) មាន​ស្រុកកំណើត​នៅ​ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នាង​បាន​ចូលធ្វើការ​ជា​អ្នក​សារព័ត៌មាន​នៅ​គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​នៅ​ដើមឆ្នាំ​២០១៣ ក្រោយ​ទទួល​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​លើ​ជំនាញ​សារព័ត៌មាន​ពី​អ្នកកាសែត​ជើងចាស់​។ ចាប់ពី​ឆ្នាំ​២០១៤​មក អ៊ី​សា រ៉​ហា​នី គឺជា​សហការី​របស់​សារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ដោយ​ផ្តោតលើ​ព័ត៌មាន​ចម្រុះ​។ អ៊ី​សា រ៉​ហា​នី បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១១៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

អុីសា រ៉ហានី