ជាង១០ឆ្នាំមកនេះ អ្នកស្រី ជឿន សុខុំ ជាតួអង្គដ៏សំខាន់ក្នុងការអភិវឌ្ឍផែនការថវិកា នៅអង្គការ អេដ អេ អាកស្យុង
- ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ម៉ោង ២:២៩ នាទី រសៀល

ភ្នំពេញ៖ អ្នកស្រី ជឿន សុខុំ នាយកហិរញ្ញវត្ថុ និងភាពជាដៃគូ នៃអង្គការអេដ អេ អាកស្យុង។ អង្គការអេដ អេអាកស្យុង ផ្តោតសំខាន់លើវិស័យអប់រំ ដែលផ្តល់មូលនិធិ ទៅឱ្យអង្គការដៃគូនៅក្នុងស្រុក និងបរទេស។ នៅក្នុងជំនាញតួនាទីហរិញ្ញវត្ថុ អ្នកស្រី សុខុំ បានរួមចំណែកកសាងផែនការថវិកា ការគ្រប់គ្រងថវិកា និងអនុវត្តគោលនយោបាយ ជាមួយដៃគូពាក់ព័ន្ធ។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
អ្នកស្រី ជឿន សុខុំ បានបញ្ចប់ការសិក្សាផ្នែកគណនេយ្យ និងបន្តការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រងទូទៅ។ ជាអ្នកខេត្តកំពង់ចាម អ្នកស្រី បានចូលរួមការងារស្មគ្រ័ចិត្តតាំងពីឆ្នាំ២០០០មក និងផ្តោតលើជំនាញគណនេយ្យ។ ២០ឆ្នាំមកនេះ ជំនាញហិរញ្ញវត្ថុ បានបង្រៀនអ្នកស្រី ជាច្រើនលើការចាត់ចែង និងទំនួលខុសត្រូវ។
អ្នកស្រី សុខុំ រៀបរាប់ថា ការងារដំបូងគឺជាគ្រូបង្រៀនភាសាអង់គ្លេសតាមផ្ទះ គណនេយ្យករតាមសាលារៀនជាតិ និងអន្តរជាតិ មុននឹងចូលបម្រើការងារនៅអង្គការ អេដ អេ អាកស្យុង ដោយរួមដំណើរជាមួយអង្គការរយៈពេលជាង១០ឆ្នាំមកហើយ។

«ខ្ញុំបានរួមចំណែកកសាងផែនការថវិកា ការគ្រប់គ្រងថវិកា ការអនុវត្តគម្រោងជាមួយអង្គការដៃគូ សមាគម ក្រសួង និងអ្នកពាក់ព័ន្ធនៃផ្នែកអប់រំទាំងអស់។ ស្រី្ត ត្រូវពង្រឹងសមត្ថភាព ចំណេះ និងជំនាញ ពេលណាយើងមានចំណេះជំនាញ គឺយើងអាចអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមបាន។ ដូច្នេះ មាតាបិតាទាំងអស់ ដែលមានកូនស្រី ខ្ញុំសុំលើកទឹកចិត្តឱ្យកូនរៀនឱ្យបានចប់។»។
ស្រ្តីវ័យ៤២ឆ្នាំរូបនេះ លើកឡើងពីបទពិសោធការងារ ក្នុងវិស័យហិរញ្ញវត្ថុ។ ក្នុងនាមជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុ គឺមានទំនួលខុសត្រូវខ្ពស់ណាស់ ទៅលើការអនុវត្តផែនការណាមួយ។ យើងត្រូវច្បាស់លាស់ កំណត់ផែនការ និងយល់ពីគោលបំណង។ ការគ្រប់គ្រង់ហិរញ្ញវត្ថុ ជាស្នូលសំខាន់មិនអាចខ្វះបាន។

អ្នកស្រី ជឿន សុខុំ បន្ថែមបែបនេះ៖ «ជាស្ត្រីមួយរូបដែលឈានជើងមកធ្វើជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុ ជាចំណុចសំខាន់នៃអង្គភាព។ ការគ្រប់គ្រងហិរញ្ញវត្ថុ មិនថាគ្រប់គ្រងនៅក្នុងគ្រួសារ ឬអង្គភាពទេ សំខាន់យើងជាស្រ្តី ត្រូវចេះរៀបចំផែនការឱ្យបានច្បាស់លាស់។ កាលណាយើងមានផែនការច្បាស់លាស់ រៀបចំទៅតាមអ្វីដែលគ្រោង និងអនុវត្តទៅតាមគោលនយោបាយរបស់អង្គភាព និងម្ចាស់ជំនួយ មានកិច្ចសហប្រតិបត្តិល្អជាមួយក្រសួងពាក់ព័ន្ធ គឺយើងអាចអនុវត្តទៅបាន។»
សូមជម្រាបថា ក្រៅពីវិស័យអប់រំ អង្គការ អេដ អេ អាកស្យុង ក៏បានចូលរួមចំណែកលើកកម្ពស់វិស័យកសិកម្ម តាមរយៈការផ្ដល់ដើមទុន សម្ភារ និងបណ្ដុះបណ្ដាលជាដើម។ ជាក់ស្ដែង អង្គការ អេដ អេ អាកស្យុង បាន និងកំពុង ផ្ដល់ការគាំទ្រដល់កសិករក្នុងសហគមន៍នេសាទនៅតំបន់ឆ្នេរ លើរបរចិញ្ចឹមត្រីស្ពង់ ដើម្បីបង្កើនចំណូលបន្ថែម និងផ្លាស់ប្ដូរជីវភាពឱ្យបានប្រសើរជាងមុន៕



© រក្សាសិទ្ធិដោយ thmeythmey.com
Tag: