ប្រឡងរើសមន្រ្តី៖ លោក ហ៊ុន ម៉ានី ជឿ​លើឆន្ទៈ និង​ទំនួលខុសត្រូវរបស់​មន្រ្តីក្រសួងមុខងារ ដែល​ធានាសុក្រឹតភាព
  • ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:៣៦ នាទី រសៀល
ប្រឡងរើសមន្រ្តី៖ លោក ហ៊ុន ម៉ានី ជឿ​លើឆន្ទៈ និង​ទំនួលខុសត្រូវរបស់​មន្រ្តីក្រសួងមុខងារ ដែល​ធានាសុក្រឹតភាព
លោក​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ។ រូបភាព៖ក្រសួងមុខងារសាធារណៈ។

ភ្នំពេញ៖ «ការងាររបស់យើងមិនល្អឥតខ្ចោះទេ តែខ្ញុំជឿជាក់ទៅលើឆន្ទៈ ភាពទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវ ហើយធានាសុក្រឹតភាពនៃការប្រឡងប្រជែង»។ នេះ​ជាការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក្នុងវិបស្សនាបូកសរុប និងកែលម្អប្រព័ន្ធប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន កាល​ពីថ្ងៃទី​១៥ មីនា។
TTN-Free-Banner-In-Article-PC


រយៈពេលជាង១ឆ្នាំមក​នេះ ក្រសួង​មុខងារសាធារណៈ ​សេនា​ធិការ​របស់​រដ្ឋាភិបាល បាន​រៀបចំ​ការ​ប្រឡង​ប្រជែង​ជ្រើសរើស​មន្រ្តី​រាជការ​ឱ្យ​ចូលបម្រើ​ការ​ងារ​នៅតាម​ក្រសួង​ ស្ថាប័ននានាជាហូរហែ ដែលជាការ​ដាក់​ចេញ​នូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ ជា​លទ្ធផល​ ក្រសួង​មុខងារ​សាធារណៈ បាន​ជ្រើសរើស​មន្រ្តី​ដែលមានគុណភាព ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

លោក​ ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល មាន​ប្រសាសន៍ថា៖«ពិតណាស់ រយៈពេល ១៥ខែកន្លងមក ប្រសិនបើគ្មានការមូលមតិគ្នា និងកៀកកិតនឹងគ្នានោះទេ និងការអនុវត្តការងារដោយមានភាពទទួលខុសត្រូវខ្ពស់ ប្រកបដោយវិជ្ជាជីវៈទេ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ  ក៏ការកែទម្រង់មិនអាចទៅមុខរួចដែរ»។

 រូបភាព៖ក្រសួងមុខងារសាធារណៈ។

សម្រាប់​លោក​ឧបនាយករដ្ឋមន្រ្តី និយាមនីតិប្រតិបត្តិ ដែលបានអនុវត្តរយៈពេល ១៥ខែមក​នេះ មិនល្អឥតខ្ចោះនោះទេ ប៉ុន្តែ​លោក​ជឿជាក់ទៅលើឆន្ទៈ ភាពទទួលខុសត្រូវរបស់​មន្រ្តី ដែល​ជា​ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ក្នុងការប្រតិបត្តិ អនុវត្តដោយទទួលខុសត្រូវ និងការផ្តល់ភាពសុក្រឹតនៃការប្រឡង។

«មកដល់ពេលនេះ យើងអនុវត្តបានដោយជោគជ័យ រយៈពេល ១៥ខែ  ដោយសារចិត្តមួយថ្លើមមួយ នឹងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងគ្រប់ភាគីនៃមុខងារសាធារណៈរបស់យើង»។ លោក ហ៊ុន ម៉ានី ថ្លែង​បន្ថែម​ដូច្នេះ ដោយ​បន្តជំរុញដល់មន្រ្តីក្តាប់ឱ្យជាប់ពីគោលជំហរ និងបេសកកម្មរួមដ៏ធំ គឺការចូលរួមប្រែក្លាយចក្ខុវិស័យរបស់សម្ដេចនាយករដ្ឋមន្រ្តីឱ្យក្លាយជាសមិទ្ធកម្មជាក់លាក់។

 រូបភាព៖ក្រសួងមុខងារសាធារណៈ។

ជា​ថ្នាក់ដឹកនាំ​ក្រសួង​មុខងារសាធារណៈ លោក ហ៊ុន ម៉ានី ចាត់ទុក​ការប្រឡងប្រជែងមន្ត្រីរាជការស៊ីវិល ជារឿង​សារៈសំខាន់។ បើតាម​លោក ហ៊ុន ម៉ានី ការប្រឡងប្រជែងនីមួយៗ ជាឱកាសឱ្យមន្ត្រីរបស់ក្រសួង​មុខងារសាធារណៈ​ ចូលរួមក្នុងការអនុវត្តវិធានការគន្លឹះទី១ របស់រាជរដ្ឋាភិបាល។

បើទោះបី​កិច្ចការងារក្រសួងមុខងារសាធារណៈមានច្រើន  ក្រសួងបាន​បែងចែកធនធាន សម្រាប់គាំទ្រដល់កិច្ចការងារវិភាគមុខងារ និងកិច្ចការងារផ្សេងៗមួយចំនួនបន្ថែមទៀតផងដែរ។ សូម​បញ្ជាក់ថា ដើម្បីអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានដឹកនាំការអនុវត្តវិធានការគន្លឹះចំនួន៣ គឺ​ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ, ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ និង​ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម៕ 

អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។ ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា នាងថ្មីៗ ។ ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ