អត្ដពលិកចូលប្រកួតហែលទឹកកើនទ្វេដង ខណៈសហព័ន្ធកីឡានេះ សម្លឹង​រក​ធន​ធាន​ថ្នាលសម្រាប់ឆ្នាំ២០២៩
  • ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៤:០៤ នាទី រសៀល
អត្ដពលិកចូលប្រកួតហែលទឹកកើនទ្វេដង ខណៈសហព័ន្ធកីឡានេះ សម្លឹង​រក​ធន​ធាន​ថ្នាលសម្រាប់ឆ្នាំ២០២៩
ការប្រកួតហែលទឹក និងហែលទឹកជើងទាជ្រើសជើងឯកយុវជន រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក

សហព័ន្ធខ្មែរកីឡាហែលទឹក បានរៀបចំការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើង​ទា​​ជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៧ កាលពីថ្ងៃទី១៥ មីនា នៅ​អាង​​ហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក​ ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បញ្ជាក់ថា ចំនួនអត្ដពលិកចូលរួមប្រកួតកើនឡើងទ្វេដង ខណៈ ក្រសួង​អបរំ និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន ជំរុញឲ្យសហព័ន្ធ សម្លឹងរកធនធានថ្នាល ត្រៀម​ខ្លួនសម្រាប់ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី។
TTN-Free-Banner-In-Article-PC


អត្ដពលិកមានចំនួន១៩០នាក់ មកពី៣៥ សមាគម ក្លិប និងសាលាអន្ដរជាតិឯកជន បាន​ចូល​​រួ​មប្រកួតហែលទឹក និងហែលទឹកពាក់ជើងទា ជើងឯកយុវជនលើកទី៧ កាលពី​ថ្ងៃ​ទី​១៥ ខែមីនា។ ចំនួនអត្តពលិកចូលរួមនេះ កើនឡើងទ្វេដង ធៀបនឹងឆ្នាំកន្លងៗមកដែលមានត្រឹម ៩០-១០០នាក់ ខណៈចំនួនក្លិប និងសមាគម មានប្រមាណ ១០ប៉ុណ្ណោះ។ នេះបើតាម លោក ហែម គិរី ​អគ្គលេខាធិការសហព័ន្ធ​ខ្មែរ​កីឡាហែលទឹក។
 
លោក ហែម គិរី ពន្យល់ថា ​គឺ​ការបើកទូលាយឲ្យកុមាខ្មែរ និងបរទេសអាចចូលរួមប្រកួត គឺជាមូលហេតុចម្បងមួយដែលនាំឱ្យមានកំណើនអត្ដពលិកចូលរួមនៅឆ្នាំនេះ។
 
លោក ហែម គិរី កត់សម្គាល់ថា ការចូលរួមពីកុមារ ដែលមានវ័យចាប់ពី ៧ឆ្នាំឡើងនេះ មានសារសំខាន់សម្រាប់កុមារទាំងនោះ ព្រមទាំងសហព័ន្ធផងដែរ។ លោក គិរី ពន្យល់ថា កុមារ​នឹងមានមូលដ្ឋានគ្រឹះនៃការហែលទឹក យល់ដឹងពីរបៀបរបបនៃការប្រកួត ព្រមទាំងបទពិសោធន៍ប្រកួតជាក់ស្ដែង។ ចំណុច ទាំងអស់នេះ នឹងជំរុញឲ្យកុមារ ឈានទៅរកកម្រិតខ្ពស់ នាពេលអនាគត ជាពិសេសនៅពេលពួកគេខ្លាចជាកីឡាករ-កីឡាការិនីជម្រើសជាតិ។

ការប្រកួតហែលទឹក និងហែលទឹកជើងទាជ្រើសជើងឯកយុវជន រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក
 
អគ្គលេខាធិការរូបនេះ បាននិយាយថា៖ «អ្វីដែលជាការកត់សម្គាល់ខ្លាំងសម្រាប់ខ្ញុំនោះ គឺ​ការងារបច្ចេកទេស។ កុមារា-កុមារី ដែលមានអាយុចាប់ពី ៧ឆ្នាំឡើងមកនេះ គឺជាមូលដ្ឋាន​គ្រឹះ​សម្រាប់ឲ្យពួកគាត់ ចាប់ផ្ដើមយល់ពីរបៀបរបបនៃការប្រកួត ហើយ​ក៏មានបទ​ពិសោធ​នៃការប្រកួត ហើយក៏ជំរុញឲ្យពួកគាត់ឈានទៅរកកម្រិតខ្ពស់បន្ដទៀត។ អ្វីដែលយើងនេះ កម្រិតនៃអាយុនេះ គឺនៅមានតិចនៅឡើយ។ យើង នឹងធ្វើឲ្យមានកម្រិតអាយុកាន់តែច្រើន និងវិញ្ញាសាឲ្យកាន់តែច្រើន។»។
 
ការចូលរួមពីកុមារ និងធនធានថ្នាលទាំងនោះ នឹងផ្ដល់ផលវិជ្ជមានដល់សហព័ន្ធ ដែលកំ​ពុង​សម្លឹងមើលធនធានថ្នាល ដើម្បីត្រៀមសម្រាប់ការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍​យុវជន​អាស៊ី លើកទី៤ ឆ្នាំ២០២៩។ «ចក្ខុវិស័យរបស់យើង គឺយើងចង់រុញការប្រកួតនេះ ឲ្យទៅ​ជា​ការប្រកួតមួយ​ដ៏សំខាន់​ដើម្បី​ពិនិត្យលើសមាសមភាពកីឡាករ-កីឡាការិនី ដែលជាគោល​ដៅសម្រាប់ឆ្នាំ២០២៩ ដែល​កម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី។ ហើយវិញ្ញាសា​កីឡាហែលទឹក ដាច់ខាត គឺ​ត្រូវតែមាន។ យើងមិនអាចឱបដៃរហូតដល់ពេលប្រកួត ទើប​យើង​រៀបចំទេ។ នេះ គឺជា​ចំណុច​ចាប់ផ្ដើមរបស់យើង សម្រាប់ឆ្នាំ២០២៩។»។ លោក ហែម គិរី បន្ថែមដូច្នេះ៕

ការប្រកួតហែលទឹក និងហែលទឹកជើងទាជ្រើសជើងឯកយុវជន រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា