អស្ចារ្យ! សម្លប្រហើរ, ង៉ាំងូវ និងខត្រីរ៉ស់ ច្នៃជាអាហារកំប៉ុង
- ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៦:៥៩ នាទី ល្ងាច

ភ្នំពេញ៖ សម្លប្រហើរខ្មែរ, ង៉ាំងូវ និងខត្រីរ៉ស់ ត្រូវបានកែច្នៃជាអាហារកំប៉ុងដោយក្រុមនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ អ្នកស្រី ញ៉ែម ច័ន្ទនី នាយិកាក្រុមហ៊ុនហេងច័ន្ទនីអង្គរមាស ដែលជាអ្នកសហការជាមួយក្រុមនិស្សិត បានឱ្យដឹងថា ផលិតផលថ្មីនេះ នឹងមានលក់លើទីផ្សារក្នុងស្រុក និងក្រៅប្រទេស។

សហគ្រាសរបស់អ្នកស្រី ញ៉ែម ច័ន្ទនី គឺសហគ្រាសហេងច័ន្ទនីអង្គរមាស បានកែច្នៃផលិតផលក្រោយប្រមូលផលជាច្រើន និងទទួលបានការគាំទ្រពីអង្គការ UNIDO និងរដ្ឋបាលជលផល ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប EU។ នាពេលថ្មីៗនេះ សហគ្រាស បានទទួលកិច្ចសហការពីក្រុមនិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លើគម្រោងថ្នាលFTRIP ដើម្បីបង្កើតផលិតផលកែច្នៃថ្មីៗ។
ក្រោយសហការជាមួយក្រុមនិស្សិត អ្នកស្រី ញ៉ែម ច័ន្ទនី ទទួលបានផលិតផលថ្មីចំនួន ៣ប្រភេទ ដែលជាអាហារកំប៉ុងច្នៃចេញពីសាច់ត្រីរ៉ស់ គឺសម្លប្រហើរខ្មែរ, ង៉ាំងូវ និងខត្រីរ៉ស់។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ អ្នកស្រី ញ៉ែម ច័ន្ទនី លើកឡើងថា៖ «តាមរយៈថ្នាល FTRIP និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានស្រាវជ្រាវបច្ចេកទេស និងរូបមន្ត ដែលច្នៃជាអាហារកំប៉ុងរួមមាន សម្លប្រហើរខ្មែរ, ង៉ាំងូវ និងខត្រីរ៉ស់។ ក្រោយស្រាវជ្រាវបានជោគជ័យ ក្រុមនិស្សិត បានប្រគល់រូបមន្តឱ្យខ្ញុំ ដើម្បីផលិតដាក់លក់លើទីផ្សារ»។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានឌីជីថលថ្មីៗ និងអ្នកស្រី ញ៉ែមច័ន្ទនី ម្ចាស់ក្រុមហ៊ុនហេងច័ន្ទនីអង្គរមាស ដូចតទៅ៖
បើតាមអ្នកស្រី ច័ន្ទនី អាហារកំប៉ុងដែលច្នៃដោយនិស្សិតខ្មែរនេះ មានភាពងាយស្រួលសម្រាប់បរិភោគ ដោយគ្រាន់តែដាក់ទឹកក្ដៅចូលតាមចំនួន និងពេលវេលាកំណត់ នឹងអាចទទួលទានបានតែម្ដង។ ផលិតផលនេះ នឹងមានដាក់លក់នៅលេីទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក។
ចំពោះផលិតផលនេះ អ្នកស្រី ញ៉ែម ច័ន្ទនី ចាត់ទុកជាមោទកភាពថ្មីមួយសម្រាប់កម្ពុជា។ សម្រាប់អ្នកស្រី ច័ន្ទនី ផលិតផលដែលស្ថិតក្នុងគម្រោងរបស់អង្គការ UNIDO នេះ មានសុវត្ថិភាព និងស្ដង់ដា ដោយធានាគុណភាពដល់អ្នកទទួលទាន។

គួរជម្រាបថា ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ (FTRIP) ជាគម្រោងស្រាវជ្រាវរបស់និស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ថ្នាលនេះ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ជលផលក្រោយជលផល (CAPFISH-Capture) របស់អង្គការ UNIDO និងរដ្ឋបាលជលផល គាំទ្រថវិកាដោយសហភាពអឺរ៉ុប។
អង្គការ UNIDO បញ្ជាក់ថា ថ្នាលនេះ បង្កើតឡើងដើម្បីឱ្យគម្លាតរវាងសាកលវិទ្យាល័យ និងសហគ្រាសមានភាពកាន់តែខិតជិតទៅរកគ្នាក្នុងការជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងនវានុវត្តន៍ដើម្បីជំរុញភាពប្រកួតប្រជែងរបស់សហគ្រាស។ លើសពីនេះ ថ្នាលនេះ កំពុងផ្តល់ឱកាសដល់គ្រឹះស្ថានឧត្តមសិក្សា វិស័យឯកជន និងស្ថាប័នរាជរដ្ឋាភិបាល ស្រាវជ្រាវ និងរិះរកដំណោះស្រាយបែបនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាស ដើម្បីបង្កើនផលិតភាព និងពង្រីកអត្ថប្រយោជន៍៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag: