បិទVOAសំឡេងរបស់​សហរដ្ឋអាមេរិក លោក​ដូណាល់​ ត្រាំកំពុងផ្តល់អំណោយទៅឲ្យសត្រូវរបស់អាមេរិក?
  • ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី យប់
បិទVOAសំឡេងរបស់​សហរដ្ឋអាមេរិក លោក​ដូណាល់​ ត្រាំកំពុងផ្តល់អំណោយទៅឲ្យសត្រូវរបស់អាមេរិក?
នៅក្រោយ​បទបញ្ជា​របស់​លោកដូណាល់ ត្រាំ បុគ្គលិក​ជាង​១ពាន់​នាក់របស់វិទ្យុសំឡេង​សហរដ្ឋអាមេរិក​ VOA​ដែលទទួល​ហិរញ្ញវត្ថុពី​ទីភ្នាក់ងារ USAGMត្រូវ​ផ្អាកមិនឲ្យចូលធ្វើការ​តាំងពី​ថ្ងៃសៅរ៍ REUTERS - Annabelle Gordon

ដោយ៖ ឈាង បុប្ផា (RFI ខេមរភាសា)

ប្រតិកម្ម​បានធ្លាក់​ព្រោងព្រាតបន្ទាប់ពី​លោកដូណាល់​ ត្រាំ​ចុះហត្ថលេខាលើ​បទបញ្ជា​ផ្អាកជំនួយរបស់​ទីភ្នាក់ងារដើម្បីការផ្សព្វផ្សាយ​សកល​ដែលជា​ក្រុមហ៊ុនមេ​។ នៅក្រោយ​បទបញ្ជា​របស់​លោកដូណាល់ ត្រាំ បុគ្គលិក​ជាង​១ពាន់​នាក់របស់វិទ្យុសំឡេង​សហរដ្ឋអាមេរិក​ VOA​ដែលទទួល​ហិរញ្ញវត្ថុពី​ទីភ្នាក់ងារ USAGMត្រូវ​ផ្អាកមិនឲ្យចូលធ្វើការ​តាំងពី​ថ្ងៃសៅរ៍ ចំណែកអ្នកទទួលខុសត្រូវ​របស់វិទ្យុអាស៊ីសេរី និង​វិទ្យុអឺរ៉ុបសេរី​បានទទួល​សារអេឡិចត្រូនិក​ដែលជូនដំណឹង​ពីការបញ្ចប់​កិច្ចសន្យា​ផ្តល់ជំនួយពីរដ្ឋាភិបាលអាមេរិក។ នៅថ្ងៃអាទិត្យ ទី ១៦ រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក​ស្វះស្វែងពិភាក្សា​បន្ទាន់ជាមួយ​ដៃគូអឺរ៉ុប​ដើម្បីថែរក្សា វិទ្យុអឺរ៉ុបសេរី ដែលមានទីស្នាក់ការធំនៅទីក្រុង​ ប្រាគ។ ប្រធានវិទ្យុអឺរ៉ុបសេរី លោក Stephen Capusនិយាយថា ការបិទសំឡេងវិទ្យុដែលធ្វើការ​ដើម្បី​សេរីភាព និង​លើកតម្លៃលទ្ធិប្រជាធិបតេយ្យអាមេរិក ជា​អំណោយដ៏ថ្លៃថ្លា​របស់​លោកដូណាល់ ត្រាំ ទៅកាន់ប្រទេស​សត្រូវ​របស់អាមេរិក នៅទ្វីបអឺរ៉ុប អាស៊ី និងតំបន់ដើមបូព៌ា។
TTN-Free-Banner-In-Article-PC

 
ក្រៅពីវិទ្យុអាស៊ីសេរី និង​វិទ្យុអឺរ៉ុប​សេរី​ដែល​ទទួល​ជំនួយ​មួយផ្នែក​ពី​ទីភ្នាក់ងារ​ផ្តល់ជំនួយអាមេរិកដើម្បីប្រព័ន្ធផ្សព្វផ្សាយ​សកល ហៅកាត់ថាUSAGM វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA រងប៉ះពាល់​ខ្លាំងជាងគេដោយសារ​បទបញ្ជា បង្កកជំនួយ​របស់​លោកដូណាល់ ត្រាំ។ នៅថ្ងៃ​សៅរ៍ទី​១៥មីនា បុគ្គលិក​ប្រមាណ ១៣០០នាក់រួមទាំង​ប្រធាន​របស់​វិទ្យុ VOA​បានទទួល​សារអេឡិចត្រូនិក​ដែលជូនដំណឹងថា ពួកគេ​ត្រូវផ្អាក​ពីការងារ​ មិនអាច​ចូលទៅក្នុង​ការិយាល័យធ្វើការ​នៅរដ្ឋធានីវ៉ាស៊ីនតោន និងត្រូវ​ប្រគល់​កាតអ្នកកាសែត សម្ភារៈទូរស័ព្ទ កុំព្យូទ័រទៅឲ្យ​ស្ថាប័នវិញ។

នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពីថ្ងៃសៅរ៍ ប្រធាន​វិទ្យុ VOA លោក​Michael Abramowitz និយាយ​ថា លោកកើតទុក្ខយ៉ាងខ្លាំង ព្រោះថា នេះជាលើកទី១នៅក្នុង​រយៈពេល​៨៣ឆ្នាំ​មកនេះ ដែលសេចក្តីរាយការណ៍​របស់​វិទ្យុសំឡេងសហរដ្ឋអាមេរិក​ត្រូវ​បិទខ្ទប់​មិន​ឲ្យបញ្ចេញសំឡេង។

វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA​ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៤២ នៅក្នុង​គោលដៅតទល់​​នឹង​សំឡេងឃោសនា​របស់ក្រុមណាហ្ស៊ី និង​អធិរាជជប៉ុន​ក្នុង​សម័យ​សង្រ្គាម​លោកលើកទី២។ ចំណែក វិទ្យុអឺរ៉ុបសេរី​ដែលទទួលបាន​​ថវិកា​ជំនួយមួយផ្នែកពីទីភ្នាក់ងារ​អាមេរិកដែរនោះត្រូវបានបង្កើតឡើង​នៅឆ្នាំ​១៩៥០នៅក្នុង​សម័យសង្រ្គាមត្រជាក់ ដើម្បីទប់ទល់នឹង​​ការពង្រីកឥទ្ធិពលរបស់​ក្រុមកុម្មុយនិស្តនៅអឺរ៉ុបខាងកើត និងអាស៊ីកណ្តាល។
 ​
បើតាមការចុះផ្សាយ​របស់​ប្រព័ន្ធផ្សព្វផ្សាយ​អង់គ្លេស BBC វិទ្យុសំឡេងសហរដ្ឋអាមេរិក​បាន​ផ្សព្វផ្សាយព័ត៌មាន​ដំបូង​របស់​ខ្លួន​ដោយ​ខ្ចី​អង់តែន​របស់​BBC។ ប៉ុន្តែ នៅ​ឆ្នាំ ១៩៧៦ ប្រធានាធិបតី​អាមេរិក លោក​Gerald Ford បាន​ចុះហត្ថលេខា​លើ​ធម្មនុញ្ញសាធារណៈរបស់​​VOA ដើម្បីធានា​ឯករាជ្យភាព​នៃខ្សែបន្ទាត់​វិចារណកថា​របស់វិទ្យុសំឡេង​សហរដ្ឋអាមេរិក។

ប្រធាន​របស់​វិទ្យុVOA បច្ចុប្បន្ន​យល់​ថា បទបញ្ជា​របស់​រដ្ឋបាល​លោកដូណាល់ ត្រាំបាន​បិទខ្ទប់ រារាំង​​VOA មិនឲ្យ​ធ្វើការ​ងារដ៏សំខាន់​របស់ខ្លួន ជាពិសេសនៅក្នុង​បរិបទសព្វថ្ងៃ ដែល​សត្រូវ គូប្រជែង​របស់អាមេរិក ដូចជា អ៊ីរ៉ង់ ចិន និងរុស្ស៊ី​ចាក់លុយរាប់ពាន់លាន​ដុល្លារ​ដើម្បី​បង្កើតសាច់រឿង បង្អាប់បន្ថោក​មុខមាត់​របស់អាមេរិក​នៅក្នុងពិភពលោក។ ​​

អ្នកកាសែត​ម្នាក់របស់​VOA ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយប្រាប់​ទូរទស្សន៍CBSថា គាត់តែងតែគិតដល់​ប្រយោជន៍របស់អាមេរិកមុនគេ​ នៅពេលនិយាយពីជំហរនយោបាយរបស់​រដ្ឋាភិបាលអាមេរិក។ នៅក្នុងការងារផ្សព្វផ្សាយ​ទៅកាន់អ្នកស្តាប់ដែលមិនយល់ភាសា​អង់គ្លេស​ គាត់​ឧស្សាហ៍​ផ្តោត​លើលទ្ធិប្រជាធិបតេយ្យ​អាមេរិកដែល​ជាប្រព័ន្ធនយោបាយ​ដ៏ល្អជាងគេបំផុត។

រដ្ឋបាល​លោកដូណាល់ ត្រាំ មិនបាន​ពន្យល់ឲ្យបានច្បាស់លាស់​ថា តើ​វិទ្យុសំឡេង​សហរដ្ឋអាមេរិក​នឹងត្រូវ​បិទចោលទាំងស្រុងឬយ៉ាងណា។ យ៉ាងណាក៏ដោយ ការសម្រេច​លើជោគវាសនា​របស់​វិទ្យុរដ្ឋអាមេរិក​ស្ថិតក្នុងដៃ​របស់​សភាអាមេរិកដែលជាអនុម័តកញ្ចប់ថវិកា។ ប៉ុន្តែ ទៅតាម​បទបញ្ជា​របស់​លោកដូណាល់ ត្រាំ ប្រធាន​របស់​ស្ថាប័ន​ដែល​ទទួលថវិកា​ពីរដ្ឋាភិបាល​អាមេរិកត្រូវ​តែកាត់បន្ថយទំហំ និងវត្តមាន​របស់ខ្លួន​ឲ្យ​នៅតូចបំផុតទៅតាម​ការចែងរបស់ច្បាប់។ 

អ្នកនាំពាក្យរបស់សេតវិមាន​និយាយ​ថា បទបញ្ជារបស់​លោកដូណាល់ ត្រាំ​នឹង​ធានាថា អំណើះតទៅ លុយរបស់អ្នកបង់ពន្ធអាមេរិក​នឹង​មិនត្រូវ​គេ​យកទៅចាយដើម្បី​ធ្វើការឃោសនា​ជ្រុលនិយម។ តាំងពីនៅអាណត្តិទី១ លោកដូណាល់ ត្រាំ​ធ្លាប់​រិះគន់​ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាមេរិក​ ដែល​លោកចាត់ទុកថា លំអៀង និង​ជា​សត្រូវ​របស់ប្រជាជន។

​លោក ​Michael Abramowitz និយាយថាស្ទើរតែបុគ្គលិកទាំងអស់​របស់​​VOA ចំនួន​១៣០០នាក់​ដែលមានតាំងពីអ្នកកាសែត អ្នកផលិតកម្មវិធី និងអ្នកជំនួយការបច្ចេកទេស​ត្រូវផ្អាកពីការងារ។ ខណៈដែល​បុគ្គលិកពេញសិទ្ធិត្រូវប្រាប់ឲ្យ​ឈប់សម្រាក ដែលមានស្មើនឹងការបញ្ឈរជើងចោល មិន​ឲ្យចូលធ្វើការ អ្នកកាសែត​ឯករាជ្យ​ និង​អ្នកចុះកិច្ចសន្យាធ្វើការ​រយៈពេល​ខ្លី​នៅទូទាំងពិភពលោក​ត្រូវ​បាន​ជូនដំណឹងថា ពួកគេ​ត្រូវ​បញ្ឈប់ពីការងារ​ ព្រោះគេលែងមានលុយដើម្បីបើកប្រាក់ខែតទៅទៀត។

នៅមុន​បទ​បញ្ជា​ឲ្យ​ផ្អឹប​កញ្ចប់ជំនួយ​របស់​ទីភ្នាក់ងារ​ដើម្បីប្រព័ន្ធផ្សព្វផ្សាយ​សកល វិទ្យុVOA មាន​បុគ្គលិក​សរុប​ប្រមាណ​២០០០នាក់​និង​មាន​ថវិកាប្រចាំឆ្នាំ ២៦០លាន​ដុល្លារ។ ផ្សាយ​ក្នុង​ភាសា​ចំនួន ៤៩ វិទ្យុសំឡេង​សហរដ្ឋអាមេរិកមានអ្នកស្តាប់​ជាង ៣៦៦លាននាក់ នៅអាស៊ី អឺរ៉ុប និង​តំបន់ដើមបូព៌ា ជាទីដែលខ្សត់ខ្សោយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និង​សំបូរ​ដោយ​របបដឹកនាំ​ផ្តាច់ការ ដូចជា​នៅភូមា កូរ៉េខាងជើង អ៊ីរ៉ង់ បេឡារុស រុស្ស៊ីជាដើម។ 

ចំពោះ​រដ្ឋមន្រ្តីការបរទេស​ឆែក វិទ្យុអឺរ៉ុបសេរី និង​វិទ្យុវីអូអេ នៅតែ​ប្រភពផ្តល់​ព័ត៌មាន​សេរី និងគួរឲ្យជឿទុកចិត្តសម្រាប់​ប្រជាជន​នៅអឺរ៉ុបខាងកើត។ ដូច្នេះ បើរដ្ឋបាល​លោកដូណាល់ ត្រាំ បំបិទសំឡេង​វិទ្យុខាងលើតាមរយៈការកាត់តម្រឹម ច្រឹបការចំណាយ​របស់​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​ដែលជាក្រុមហ៊ុនមេ​របស់ ​VOA និង​វិទ្យុអឺរ៉ុបសេរី នោះវា​មិនត្រឹម​តែជា​ការខាតបង់​ដ៏ធំ​ចំពោះប្រជាជន​ដែល​ខ្វះព័ត៌មាន​ពិត ត្រឹមត្រូវនៅតាមបណ្តាប្រទេស​ខាងលើនោះទេ ប៉ុន្តែវា​ប្រផ្នូលដ៏អាក្រក់​សម្រាប់​អ្នកដែលជឿជាក់ទៅលើ​លទ្ធិប្រជាធិបតេយ្យ។ បិទសំឡេងរបស់វិទ្យុដែល​ផ្សព្វផ្សាយ​ពី លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព​ជាមូលដ្ឋានរបស់​មនុស្ស​ជាតិ ចង់ ឬមិនចង់ គឺជា​អំណោយដ៏មហាសែនធំមួយរបស់​លោកដូណាល់ ត្រាំ​ទៅឲ្យ​សត្រូវរបស់អាមេរិក។ នេះជាពាក្យថ្លែងជាមួយការសោកស្តាយដ៏ធំធេង​របស់​ប្រធាន​វិទ្យុអឺរ៉ុបសេរី៕

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

ថ្មីៗ