រដ្ឋាភិបាល កំពុងជំរុញការធ្វើសេចក្តីព្រាង«ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»
- ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី យប់

កិច្ចប្រជុំ ពិនិត្យនិងពិភាក្សា «សេចក្តីព្រាងផែនការយុត្តិសាស្ត្រអភិវឌ្ឍន៍ជាតិ» ក្នុងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។ រូបភាព៖ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ភ្នំពេញ៖ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ «ផ.យ.អ.ជ» ត្រូវបាន រដ្ឋាភិបាល ចំឡើងបន្តពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៩–២០២៣។ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំ ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងផែនការនេះ នាថ្ងៃទី១៧ ខែមីនានេះ មុននឹងដាក់ឆ្លងសភា។

«ផ.យ.អ.ជ.» ដែលមានឋានានុក្រមទី៣ បន្ទាប់ពី កម្មវិធីនយោបាយ និង យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១, បំប្លែងការតម្រង់ទិសគោលនយោបាយយុទ្ធសាស្ត្រធំៗ ដែលមានចែងនៅក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ឱ្យក្លាយទៅជាសកម្មភាពដែលអាចអនុវត្តបាន និងមានចរិតជាការកែទម្រង់ស៊ីជម្រៅ ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ «ផ.យ.អ.ជ» ដាក់ចេញនូវសកម្មភាព និងកម្មវិធីអាទិភាពទាំងឡាយជាលក្ខណៈវិស័យ និងអន្តរវិស័យ ដែលជាមគ្គុទេសក៍ជាយុទ្ធសាស្រ្ត ដល់ក្រសួង–ស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួន ។
ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ៖ «ផ.យ.អ.ជ» ផ្តល់នូវក្របខ័ណ្ឌរួមមួយសម្រាប់ការធ្វើអាទិភាវូបនីយកម្ម និងការកៀរគរធនធនក្នុងប្រទេស និងក្រៅប្រទេស ដើម្បីធ្វើហិរញ្ញប្បទានដល់ការអនុវត្តសកម្មភាព, កម្មវិធីនិងគម្រោងនានា ដោយបន្ស៊ីការប្រើប្រាស់ធនធានជាមួយនឹងអាទិភាពជាតិ»។ លើសពីនេះ ផ.យ.អ.ជ ក៏កំណត់នូវយន្តការតាមដានត្រួតពិនិត្យវឌ្ឍនភាព ធៀបនឹងសូចនាករ និងចំណុចដៅ ដែលជាមូលដ្ឋានសម្រាប់ការកែតម្រូវអាទិភាព និងការបែងចែកធនធាន ដោយផ្អែកលើភស្តុតាង និងសម្រាប់ការលើកកម្ពស់គណនេយ្យភាព, និងគិតគូរដាក់បញ្ចូលការចូលរួមរបស់កម្ពុជា ក្នុងការអនុវត្តបណ្ដារបៀបវារៈអភិវឌ្ឍន៍សកល ។
ការរៀបចំសេចក្តីព្រាងផែនការសកម្មភាពខាងលើនេះ គឺត្រូវបានដាក់ឆ្លងក្នុងកិច្ចប្រជុំពិភាក្សាជាច្រើនលើកជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិឌ្ឍន៍ និង អង្គការក្រៅរដ្ឋាភិបាល ដើម្បីប្រមូលធាតុចូល ។ « ជារួម, អង្គប្រជុំបានវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃយុទ្ធសាស្រ្តនេះ ព្រមទាំងបានពិភាក្សាស៊ីជម្រៅបន្ថែមទៀតទៅលើខ្លឹមសារតាមផ្នែកនីមួយៗ, ភាពប្រទាក់ក្រឡា និងសង្គតិភាពជាមួយឯកសារគោលរបស់រាជរដ្ឋាភិបាល, ផ្ទៀងផ្ទាត់តួលេខ និងផ្តល់យោបល់លើសូចនាករសំខាន់ៗ ដើម្បីជាធាតុចូលសម្រាប់ធ្វើការកែលម្អសេចក្តីព្រាងយុទ្ធសាស្រ្តនេះ មុននឹងស្នើសុំការអនុម័តពីប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន ម៉ាណែត នាពេលខាងមុខដ៏ខ្លី» ។ នេះជាការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: