ក្រសួងបរិស្ថាន បន្តគម្រោងស្តារព្រៃឈើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
  • ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:៥៩ នាទី ល្ងាច
ក្រសួងបរិស្ថាន បន្តគម្រោងស្តារព្រៃឈើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»

ភ្នំពេញ៖ ក្រសួងបរិស្ថាន បន្តគម្រោងដាំស្តារព្រៃឈើនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ស្ថិតក្នុងខេត្តសៀមរាប រហូតដល់ឆ្នាំ២០៣២។ គម្រោងស្តារព្រៃឈើឡើងវិញនេះ ទទួលបានការគាំទ្រពីមជ្ឈមណ្ឌល BETTER LIVING ក្នុងទិសដៅគាំទ្រយុទ្ធនាការ «ពន្លកបៃតង»។
TTN-Free-Banner-In-Article-PC


លោក Jun Manabe ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌល BETTER LIVING បានបញ្ជាក់ថា មជ្ឈមណ្ឌលគាំទ្រចំពោះយុទ្ធនាការ «ពន្លកបៃតង» និងបានចូលរួមសកម្មភាពស្តារព្រៃឈើនៅឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន» ក្នុងតំបន់ព្រៃរេចរឹលលើផ្ទៃដីប្រមាណ ៣០ហិកតា ចាប់ពីឆ្នាំ២០២៥-២០៣០ និងបន្តការថែទាំរហូតដល់ឆ្នាំ ២០៣២។   

បើតាម លោក ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្ឋាន តំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន គម្រោងស្តារព្រៃឈើឡើងវិញនេះ ត្រូវអនុវត្តដោយមានការចូលរួមពីសហគមន៍មូលដ្ឋាន ក្រោមការដឹកនាំ គ្រប់គ្រង និងតម្រង់ទិសផ្នែកបច្ចេកទេស ពីនាយកដ្ឋានជំនាញ សម្របសម្រួលដោយមន្ត្រីឧទ្យានុរក្សរបស់ឧទ្យានជាតិ  ដើម្បីលើកកម្ពស់ការយល់ដឹងពីវិធាននៃការស្តារព្រៃឈើ, បង្កើនការអប់រំពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន និងសង្គម។ 

មន្រ្តីបរិស្ថានរូបនេះ រំពឹងថា គម្រោងនេះ នឹងរួមចំណែកអនុវត្តយុទ្ធនាការ «ពន្លកបៃតង» មុំទី២ «ភាពបៃតង» នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលត្រូវបានដាក់ចេញសំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍ ប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ 



ចាប់តាំងឆ្នាំ២០២៣-២០២៤ ក្រសួងបរិស្ថាន បានសាកល្បងដាំឈើចម្រុះជាង ៦ ៧៤០ដើម លើផ្ទៃដីព្រៃរេចរឹលទំហំ ៦ហិកតា ស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្មន-នរោត្តម «ភ្នំគូលែន» ក្រោមគម្រោងគាំទ្រពីមជ្ឈមណ្ឌល JIFPRO។ គម្រោងសាកល្បងនេះ មានអត្រាឈើរស់រហូតដល់ ៧២ភាគរយ ដូច្នេះ ទើបមជ្ឈមណ្ឌល BETTER LIVING បានជ្រើសយកប្រទេសកម្ពុជា ក្នុងការអនុវត្តគម្រោងបន្តទៀត។ 

តាមរយៈ «យុទ្ធនាការពន្លកបៃតង» នៅឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានចែកកូនឈើដល់សាធារណជនចំនួន ១,៣លានដើម ក្នុងនោះ មានប្រភេទឈើព្រៃជាង ៨៦ម៉ឺនដើម ឈើហូបផ្លែ៩ម៉ឺនដើម និងកូនត្នោត ៣៥ម៉ឺនដើម។ ដោយឡែក ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថាន មានផែនការបណ្ដុះកូនឈើប្រមាណ ៣លានដើម សម្រាប់ចែកសាធារណជន ដើម្បីដាំស្ដារព្រៃកម្ពុជាឡើងវិញ ក្នុងនោះក៏មានកូនត្នោតជាង ១លានដើម ផងដែរ។​

បច្ចុប្បន្ន ក្រសួងកំពុងជំរុញមន្ទីរបរិស្ថានទូទាំងប្រទេស ឱ្យរៀបចំថ្នាលបណ្ដុះកូនឈើជាបន្តបន្ទាប់។ មកទល់ពេលនេះ ក្រសួងបរិស្ថាន បានរៀបចំសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ចំនួន ៥កន្លែង ក្នុងនោះ នៅខេត្តត្បូងឃ្មុំមានចំនួន៣ហិកតា , សៀមរាប ១០ហិកតា, កំពង់ស្ពឺ ២០ហិកតា ,មណ្ឌលគិរី ១០ហិកតា និងកោះកុង ៣ហិកតា៕

អ្នកសរសេរអត្ថបទ

ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា