Saha អតីតខ្សែប្រយុទ្ធ Man Utd ជាម្ចាស់ក្រុមហ៊ុនតម្លៃ ៥,៦ពាន់លានដុល្លារ
  • ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៣៩ នាទី ព្រឹក
Saha អតីតខ្សែប្រយុទ្ធ Man Utd ជាម្ចាស់ក្រុមហ៊ុនតម្លៃ ៥,៦ពាន់លានដុល្លារ

Louis Saha អតីតកីឡាករ Manchester United និងក្រុមជម្រើសជាតិបារាំងបច្ចុប្បន្នជាមហាសេដ្ឋីកាន់កាប់ក្រុមហ៊ុនតម្លៃ ៥,៦ពាន់លានដុល្លារ ពោលមានទ្រព្យសម្បត្តិ លើសអតីតមិត្តរួមក្រុម Cristiano Ronaldo ៧ដង។
TTN-Free-Banner-In-Article-PC


ចាប់តាំងពីចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្នុងឆ្នាំ ២០១៣ អតីតខ្សែប្រយុទ្ធ Saha បានបង្កើតក្រុមហ៊ុន AxisStars ដែលជាវេទិកាបង្កើតឡើងដើម្បីជាការកម្សាន្ត និងជំនួញសម្រាប់អតីតកីឡាករ ឬអត្តពលិក។ ក្រុមហ៊ុនរបស់ Saha ជាក្រុមហ៊ុនផ្តល់សេវាសម្រាប់អត្តពលិកដើម្បីចែករំលែកបទពិសោធន៍ និងទំនាក់ទំនងជាមួយនឹងអ្នកជំនាញក្នុងជំនួញផ្នែកឧស្សាហកម្មផ្សេងៗ ទាំងក្នុងនិងក្រៅកីឡា។ មកដល់ពេលនេះមានអត្តពលិកប្រមាណ ៥៥០នាក់ បានចូលរួម។

បើតាមរបាយការណ៍របស់កាសែត Daily Mail ជំនួញសញ្ជាតិបារាំង មានទ្រព្យតម្លៃប្រមាណ ៥,៦ពាន់លានដុល្លារ ហើយដែលតម្លៃនេះបានវ៉ាដាច់អតីតមិត្តរួមក្រុម កីឡាករ Cristiano Ronaldo ដែលមានទ្រព្យសម្បត្តិសរុប ៧៨០លានដុល្លារ ទោះកីឡាករព័រទុយហ្កាល់រកបានចំណូលច្រើនជាងគេលើពិភពលោក រយៈពេល ២ឆ្នាំ ចុងក្រោយក៏ដោយ។

លោក ​​Louis Saha និង Ronaldo វ័យ ៤០ឆ្នាំ ធ្លាប់បានលេងបាល់ជាមួយគ្នានៅក្លិប Man Utd ពីចន្លោះឆ្នាំ ២០០៤-០៨ ដោយអ្នកទាំង ២ រួមគ្នាជួយដល់ក្លិបឈ្នះពាន UEFA Champions League, Premier League ២លើក និង League Cup ១លើក។​​​​ ទ្រព្យសម្បត្តិសរុបរបស់អតីតកីឡាករវ័យ ៤៦ឆ្នាំ ពោលគឺច្រើនជាង ២ដង នៃតម្លៃ ដែលក្លិប Man Utd បានដាក់គោលដៅកសាងកីឡដ្ឋានថ្មី មានតម្លៃ ២,៦ពាន់លានដុល្លារ ក្រោយពីការប្រកាសគម្រោងនាពេលថ្មីៗនេះ។

ដោយឡែក អតីតកីឡាករបាល់ទាត់សញ្ជាតិបារាំង លោក Mathieu Flamini ជាសហស្ថាបនិកក្រុមហ៊ុនគីមី GF Biochemicals ជាក្រុមហ៊ុនដំបូងផលិតអាស៊ីត Levulinic ដ៏ច្រើនប្រចាំពិភពលោក ហើយច្ចុប្បន្នក្រុមហ៊ុននេះមានតម្លៃ ២៧ពាន់លានដុល្លារ។ មហាសេដ្ឋី Flamini ដែលជាអតីតខ្សែការពារលេងឱ្យក្លិប ​Olympia de Marseille, Arsenal, AC Milan និង Crystal Palace លនិវត្តន៍នៅក្លិប Getafe ក្នុងឆ្នាំ ២០១៩៕

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង