វ័យ៨៨ឆ្នាំហើយព្រឹទ្ធាចារ្យ គង់ វន នៅបន្តបេសកកម្មកសាងធនធានអប់រំសម្រាប់ខេត្តព្រៃវែង
- ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:៥៩ នាទី ព្រឹក

ភ្នំពេញ៖ លោក គង់ វន ស្ថាបនិកអង្គការមូលនិធិខ្មែរជំនួយការសិក្សា និងជាស្ថាបនិកអនុនិងវិទ្យាល័យមិត្តភាពខ្មែរ- ជប៉ុន បានសម្ពោធសៀវភៅរបស់ខ្លួន ចំនួន៣ចំណងជើង ដែលមានទាំងភាសាខ្មែរ ភាសាអង់គ្លេស និងភាសាជប៉ុន។ ក្នុងចំណោមនោះ សៀវភៅភាសាខ្មែរ គឺមានចំណងជើងថា «គង់ វន ធ្វើពលិកម្មដើម្បីជាតិខ្មែរ»។

«ខ្ញុំសរសេរសៀវភៅនេះមិនមែនដើម្បីលោភលន់សម្រាប់ខ្លួនខ្ញុំទេ ពីព្រោះខ្ញុំអាយុ៨៨ឆ្នាំហើយ។ ខ្ញុំគ្មានចង់បានអ្វីទេគឺចង់ផ្សព្វផ្សាយសៀវភៅនេះ ដើម្បីរកអំណោយជួយជនរួមជាតិជាទីស្រឡាញ់របស់ខ្ញុំដែលពួកគាត់ត្រូវការឱ្យកូនៗរបស់គាត់រៀនសូត្រខ្ពង់ខ្ពស់ប៉ុណ្ណោះ»។ លោកព្រឹទ្ធាចារ្យ គង់ វន បានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធសៀវភៅជីវប្រវត្តិរបស់ខ្លួន នាថ្ងៃទី១៥ ខែមីនា ដែលសៀវភៅទាំង៣ចំណងជើង ជាភាសាខ្មែរ ភាសាជប៉ុន និងភាសាអង់គ្លេសនេះ គឺជាប្រវត្តិរឿងរ៉ាវជីវិតពិតរបស់លោក គង់ វន ដែលមានទាំងការតស៊ូ ស្នេហា ការងារ និងការជួយសង្គមជាតិ ។
បន្ទាប់ពីបង្កើតអង្គការមូលនិធិខ្មែរជំនួយការសិក្សា លោក គង់ វន ប្រើពេលតែ៣ខែប៉ុណ្ណោះ រកជំនួយសង់បាននូវអនុវិទ្យាល័យបន្ទាយរចក្រី។ ឆ្នាំបន្ទាប់មក នៅក្នុងឆ្នាំ១៩៩៥ លោកព្រឹទ្ធចារ្យ បានសង់អនុវិទ្យាល័យប្រធាតុ និងបឋមសិក្សាសំពោង។
ដោយជួបការលំបាកក្នុងការរកជំនួយ លោក គង់ វន ក៏សម្រេចសរសេរសៀវភៅជាភាសាជប៉ុនដែលមានមិត្តភក្តិជាជនជាតិជប៉ុនជួយកែសម្រួលជាភាសានេះ ប្រើពេលជាងមួយឆ្នាំទើបរួចរាល់។ សៀវភៅនោះ មានចំណងថា « Survival From the killing Field »។ បន្ទាប់ពីសៀវភៅចេញលក់បានតែ៣ខែ, លោក គង់ វន ទទួលបានអំណោយ ៥ម៉ឺនដុល្លារ ពីជនជាតិជប៉ុន ដើម្បីសាងសង់បឋមសិក្សាព្រៃទ័ព។

បន្ទាប់ពីត្រឡប់មកប្រទេសកំណើតវិញ, លោក គង់ វន នៅតែបន្តធ្វើសកម្មភាពជួយវិស័យអប់រំដដែល។ ក្នុងឆ្នាំ១៩៩៩ អង្គការស៊េហ្វ (CEAF) និង From Saga រួមគ្នាបង្កើតអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន លើដីដែលលោក គង់ វន បានទិញដោយលុយខ្លួនឯង។ បើតាមលោក គង់ វន អង្គការទាំងពីរនេះ បានរៃអង្គាសរកលុយជួយឧបត្ថម្ភដល់គ្រូថ្នាក់អនុវិទ្យាល័យចំនួន៦៩ដុល្លារ គ្រូវិទ្យាល័យ ៧៥ដុល្លារ នាយករង ៨៧ដុល្លារ និងនាយក ១១៦ដុល្លារ ក្នុងមួយខែ ដើម្បីពង្រឹងការអប់រំដល់សិស្សនៅស្រុកព្រះស្តេច រហូតឆ្នាំ២០១៩។
ចាប់តាំងពីផ្ទុះឡើងនូវជំងឺសកលកូវីដ-១៩ឡើងមក អំណោយពីប្រជាជនជប៉ុនបានចុះថយជាបន្តបន្ទាប់។ ការណ៍នេះ ជាហេតុនាំឱ្យលោកព្រឹទ្ធចារ្យ គង់ វន សម្រេចចិត្តសរសេរសៀវភៅជាភាសាខ្មែរមានចំណងជើងថា «គង់ វន ធ្វើពលីកម្មដើម្បីជាតិខ្មែរ»។ ដោយសារ តែចំនួនអ្នកគាំទ្រមានកម្រិត(អ្នកទិញ) លោកក៏សម្រេចចិត្តជួលគេបកប្រែពីភាសាខ្មែរទៅភាសាអង់គ្លេស ដើម្បីបន្តរកអំណោយជួយដល់សិស្សក្រីក្រនៅជនបទតទៅទៀត។ សៀវភៅជាភាសាអង់គ្លេសនោះ «My live an Autobiographical Novel»។
ក្នុងពិធីសម្ពោធសៀវភៅជីវប្រវត្តិរបស់ខ្លួន នៅភោជនីយដ្ឋានទន្លេបាសាក់ រាជធានីភ្នំពេញ កាលថ្ងៃទី១៥ ខែមីនា លោកព្រឹទ្ធចារ្យ គង់ វន បានមានប្រសាសន៍យ៉ាងដូច្នេះ ៖ « ខ្ញុំសរសេរសៀវភៅនេះមិនមែនដើម្បីលោភលន់សម្រាប់ខ្លួនខ្ញុំទេ។ ពោល គឺខ្ញុំចង់ផ្សព្វផ្សាយសៀវភៅនេះ ដើម្បីរកអំណោយជួយជនរួមជាតិជាទីស្រឡាញ់ របស់ខ្ញុំដែលពួកគាត់ត្រូវការឲ្យកូនៗរបស់គាត់រៀនសូត្រខ្ពង់ខ្ពស់ប៉ុណ្ណោះ។ អ្វីដែលសំខាន់បំផុតមួយទៀតនោះ ខ្ញុំសរសេរសៀវភៅទាំង៣ក្បាលនេះឡើង គឺពេលខ្ញុំលាចាកលោកទៅ ខាងសាលាអាចមានសិទ្ធិលក់ឬឲ្យសៀវភៅទៅអ្នកណាក៏បាន ដើម្បីអានហើយលោកអាចជួយដល់សាលានិងសិស្សក្រីក្រ»។

លោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ចាត់ទុកសៀវភៅរបស់ព្រឹទ្ធចារ្យ គង់ វន ជាការចែករំលែកអំពីជីវិតផ្ទាល់ខ្លួន ដែលខិតខំប្រឹងប្រែង និងការកសាងធនធានអប់រំសម្រាប់ខេត្តព្រៃវែង។ លោក គង់ វន បានធ្វើឱ្យ អនុវិទ្យាល័យ និងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ក្លាយជាកន្លែងអប់រំដ៏មានតម្លៃប្រកបដោយ គុណភាពសម្រាប់សិស្សានុសិស្ស និងសហគមន៍។ តាមរយៈសៀវភៅ«គង់ វន ធ្វើពលិកម្មដើម្បីជាតិខ្មែរ» យើងនឹងបានឃើញពីការលំបាក ការជួបប្រទះឧបសគ្គ ការដោះស្រាយបញ្ហា ការត្រិះរិះពិចារណា, នវានុវត្តន៍ និងការតស៊ូរបស់លោក គង់ វន ដើម្បីបំពេញសុបិន្តក្នុងការកសាង សាលាមួយដែលអាចផ្តល់ឱ្យយុវជននូវឱកាសអប់រំល្អប្រសើរ។
សៀវភៅនេះមិនត្រឹមតែជាការរំលឹកពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃ បទពិសោធន៍ការបំផុសគំនិត និងការលើកទឹកចិត្តដល់អ្នកអានឱ្យមានឆន្ទៈក្នុងការកសាង អនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង សិស្សានុសិស្ស និងសហគមន៍ឱ្យតម្លៃទៅលើកិច្ច សហការ ដើម្បីគុណភាពអប់រំ។ រឿងរ៉ាវដែលលោក គង់ វន ដែលបានចែករំលែកនៅក្នុងសៀវភៅនេះ នឹងក្លាយជាមេរៀនដ៏មានតម្លៃ សម្រាប់យុវជន និងអ្នកអានទូទៅ។
លោក អ៊ឹម កុច បានថ្លែងថា ៖ « តាមរយៈការអានសៀវភៅនេះ ខ្ញុំវាយតម្លៃបានថាសៀវភៅនេះ ជាបទពិសោធន៍ បន្តជំនាន់ដល់យុវជនជំនាន់ក្រោយ ឱ្យបានដឹងថាជីវិតត្រូវតែដោះស្រាយបញ្ហា។ មនុស្សយើងគ្រប់រូបត្រូវតែធ្វើអំពើល្អដែលជាគុណប្រយោជន៍ដល់យុវជនបន្តវេន ដោយមានស្មារតីទទួលខុសត្រូវ កសាងធនធានមនុស្ស អប់រំមនុស្សឱ្យមានចំណេះដឹងមាន បំណិន មានគុណវុឌ្ឍ មានការស្រឡាញ់រាប់អានគ្នា គំនិតស្នេហាជាតិ»។
អត្ថបទទាក់ទង
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: