លោក ស្រ៊ុន ពៅ  ចង់ឱ្យរដ្ឋ​ទប់ស្កាត់ការនាំចូលសាច់បង្កកល្មើសច្បាប់តាមព្រំដែន
  • ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៧:២៩ នាទី ល្ងាច
លោក ស្រ៊ុន ពៅ  ចង់ឱ្យរដ្ឋ​ទប់ស្កាត់ការនាំចូលសាច់បង្កកល្មើសច្បាប់តាមព្រំដែន
សាច់បង្កកខុសច្បាប់ ដែលអាជ្ញាធរកម្ពុជា បង្រ្កាបបាន។ រូបភាព៖ គយ

ភ្នំពេញ៖ កម្ពុជា បានបើកឱ្យនាំចូលទំនិញគ្រឿងក្នុង និងបំណែកសាច់បង្កក​​ឡើង​វិញ ក្រោយ​​​ហាមឃាត់បណ្ដោះអាសន្ន អស់រយៈពេល១២ខែរួចមក។ជុំវិញរឿងនេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា យល់ថា ការបិទឬ​បើក​​​ឱ្យនាំចូលសាច់បង្កក និងគ្រឿងក្នុងសត្វ នៅពេល​នេះ មិនប៉ះពាល់ធំដុំ​ដល់​ចរន្តទីផ្សារ​សាច់​​ក្នុង​​ស្រុក​នោះទេ។
TTN-Free-Banner-In-Article-PC

 
ប៉ុន្តែអ្វីដែលជាបញ្ហាពិតប្រាកដ ហើយទាមទារ​​ឱ្យ​ដោះ​ស្រាយនោះ គឺបទល្មើសនាំចូលខុសច្បាប់ តាមច្រករបៀងព្រំដែន ដែល លោក ស្រ៊ុន ពៅ អះអាងថា កំពុងកើតឡើងជារៀងរាល់ថ្ងៃ។ ករណីនេះ មិន​គ្រាន់តែធ្វើឱ្យប៉ះពាល់វិស័យចិញ្ចឹម​សត្វ​ក្នុងស្រុកនោះទេ តែក៏គំរាមកំហែងដល់សុខភាពអ្នកបរិភោគផងដែរ។
 
លោក ស្រ៊ុន ពៅ ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី១៧ មីនា ដូច្នេះថា៖ «ការបិទ ឬ​បើកឱ្យនាំចូលគ្រឿងក្នុង និងសាច់បង្កក នឹងមិនមែនជាបញ្ហានោះទេ បើសិនយើងគ្រប់​គ្រងបានល្អ។ អ្វីដែលខ្ញុំសុំនោះ គឺកុំឱ្យមានការនាំចូលខុសច្បាប់ ព្រោះថា សព្វថ្ងៃនេះ ខ្ញុំឃើញនៅមានការនាំចូល ជាពិសេសនៅតាមច្រករបៀងព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង។»។ 
 
កម្ពុជាបានដាក់ឱ្យដំណើរអនុក្រឹត្យលេខ៣៧០ ជំនួសអនុក្រឹត្យ ១៧វិញ។ អនុក្រឹត្យនេះ កែ​សម្រួល និងដាក់ចេញច្បាប់ទម្លាប់ប្រសើរជាងមុន។ ដូច្នេះលោក ស្រ៊ុន ពៅ សង្ឃឹមថា ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​នឹងអនុវត្ត ឬគ្រប់គ្រង​ការនាំចូលឱ្យបានគត់មត់។

 លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។ រូបភាព៖ CLRA

អនុក្រឹត្យ៣៧០ ស្តីពី «ការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំ​ណត់​» ត្រូវបានដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់តាមតារាងពន្ធគយកម្ពុជា ឆ្នាំ២០២២ ជាធរមាន ដូចមានចែងក្នុងបញ្ជីឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។
 
ចំពោះមុខទំនិញចែងក្នុងបញ្ជីឧបសម្ព័ន្ធនៃអនុក្រឹត្យនេះដែលមានគោលដៅប្រើប្រាស់ពហុវិស័យ តម្រូវឱ្យចេញលិខិតអនុញ្ញាតនាំចេញ-នាំចូល តែពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចណាមួយប៉ុណ្ណោះ ដែលមានចែងក្នុង ឧបសម្ព័ន្ធ ឬក្រសួង-ស្ថាប័នមានសមត្ថកិច្ចផ្សេងទៀត ស្របតាមគោលដៅនៃការប្រើប្រាស់ ឬកម្មវត្ថុអាជីវកម្ម។ 
 
រាល់ពេលមានការធ្វើបច្ចុប្បន្នភាពប្រព័ន្ធស៊ីចង្វាក់ (លេខកូដទំនិញ) របស់អង្គការគយពិភពលោក (WCO) និងការធ្វើបច្ចុប្បន្នភាពនាមវលីនៃតារាងពន្ធគយស៊ីចង្វាក់អាស៊ាន(AHTN) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចចេញប្រកាសដើម្បីធ្វើបច្ចុប្បន្នភាពលេខកូដទំនិញក្នុងបញ្ជីឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។
 
ការហាមឃាត់ ការតម្រូវឱ្យមានអាជ្ញាបណ្ណ លិខិតអនុញ្ញាត ឬលក្ខខណ្ឌនានា លើការនាំចេញ នាំចូល និងការដឹកជញ្ជូនឆ្លងកាត់ទំនិញ ត្រូវបានកំណត់ក្នុងបញ្ជីឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។ ក្នុងករណីមានតម្រូវការចាំបាច់ ក្រសួង-ស្ថាប័នពាក់ព័ន្ធអាចលើកសំណើសុំកែសម្រួល រួមមាន ការបញ្ចូលបន្ថែមឬការដកចេញនូវមុខទំនិញពីបញ្ជីនេះ និងការកែសម្រួលប្រព្រឹត្តកម្មលើទំនិញនាំចេញ នាំចូល និងដឹកជញ្ជូនឆ្លងកាត់ជាដើម ទៅគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីពិនិត្យ មុនដាក់សុំការសម្រេចពីរាជរដ្ឋាភិបាល។
 
ករណីមានហានិភ័យខ្ពស់ដែលតម្រូវឱ្យមានចំណាត់ការបន្ទាន់ជាយថាហេតុ ក្រសួងមានសមត្ថកិច្ច ពាក់ព័ន្ធអាចដាក់វិធានការជាបណ្តោះអាសន្ន ក្នុងការគ្រប់គ្រងការនាំចេញ-នាំចូល និងការដឹកជញ្ជូនឆ្លងកាត់ នៃមុខទំនិញដែលមានហានិភ័យខ្ពស់នោះ និងត្រូវជូនដំណឹងមកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្ត។ 
 
ក្រសួងមានសមត្ថកិច្ចត្រូវចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ឱ្យបានពេញលេញ ដោយត្រូវជំរុញការចេញអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតនាំចេញ-នាំចូល ឬដឹកជញ្ជូនឆ្លងកាត់ ជូនបុគ្គលស្នើសុំឱ្យបានក្នុងរង្វង់រយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីពេលស្នើសុំ ប្រសិនបើសំណុំឯកសារ មានលក្ខណៈត្រឹមត្រូវ និងគ្រប់គ្រាន់៕ 
 
អត្ថបទទាក់ទង

អ្នកសរសេរអត្ថបទ

ឈុំ ចន្ថា ជាអ្នកសារព័ត៌មានជំនាញកសិកម្ម និងបរិស្ថាន។ ចន្ថា បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈនិង ការសិក្សាពីព័ត៌មាន។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឈុំ ចន្ថា