Tiger Woods ណាត់ជួបអតីតប្រពន្ធកូនប្រុសលោក ត្រាំ ប្រធានាធិបតីអាម៉េរិក
  • ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៤៩ នាទី ព្រឹក
Tiger Woods ណាត់ជួបអតីតប្រពន្ធកូនប្រុសលោក ត្រាំ ប្រធានាធិបតីអាម៉េរិក

​​លោក Tiger Woods វីរបុរសកីឡាវាយកូនគោល និងអ្នកស្រី Vanessa Trump អតីតភរិយា លោក ដូណាល់ ត្រាំ ជេអរ កូនប្រុសលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានណាត់ជួបគ្នាដោយលួចលាក់ នៅរយៈពេលប៉ុន្មានខែចុងក្រោយមកនេះ។ បើតាមការចុះផ្សាយ កូនប្រុសលោកប្រធានាធិបតីអាម៉េរិកទី ៤៧ គ្មានប្រតិកម្មអ្វីចំពោះរឿងនេះឡើយ។
TTN-Free-Banner-In-Article-PC


បើតាមប្រភពមួយប្រាប់ទៅកាន់គេហទំព័រ People.com វីរបុរសកីឡាវាយកូនគោល វ័យ ៤៩ឆ្នាំ និងអតីតប្រពន្ធលោកត្រាំ វ័យ​ ៤៧ឆ្នាំ ត្រូវបានគេប្រទះឃើញណាត់ជួបគ្នា អំឡុងពិធីបុណ្យ Thanksgiving។ អ្នកទាំង ២ បានជួបគ្នាប្រមាណ ២០នាទី ស្ថិតក្នុងទីក្រុងឆ្នេរសមុទ្រ Palm Beach ក្នុងរដ្ឋផ្លរីដា មុនពេលចែកផ្លូវគ្នា។

ដោយឡែកតាមប្រភពមួយប្រាប់ទៅកាន់កាសែត Daily Mail អ្នកស្រី Vanessa Trump បានទៅជួបលោក Tiger Woods នៅលើកោះមួយកន្លែងឈ្មោះថា Jupiter Island ប៉ុន្តែអ្នកទាំង ២ មិនបានរស់នៅជាមួយគ្នាឡើយ ដោយរឿងនេះបានកើតឡើងនៅពេលរាត្រី កាលពីប៉ុន្មានសប្តាហ៍មុន។ អ្នកទាំង ២ ក៏បានណាត់គ្នាដើរលេង និងបានទទួលទានអាហាររួមគ្នា និងណាត់ជួបនៅផ្ទះ មានទីតាំងបិទជិតមួយកន្លែង។

រវាងអ្នកស្រី Vanessa និងលោក ដូណាល់ ត្រាំ ជេអរ កូនប្រុសច្បងរបស់ប្រធានាធិបតីអាម៉េរិក លោក ត្រាំ បានលែងលះគ្នា កាលពីឆ្នាំ ២០១៨ បន្ទាប់ពីអ្នកទាំង ២ បានរួមរស់ក្នុងជីវិតអាពាហ៍ពិពាហ៍រយៈពេល ១២ឆ្នាំ។ ប្រភពដ៏ជិតស្និទ្ធនៃទំនាក់ទំនង បានបញ្ជាក់ប្រាប់គេហទំព័រ People ទៀតថា អតីតប្តីជាកូនប្រុសប្រធានាធិបតីអាម៉េរិក មិនបានប្រកាន់ ទៅនឹងការទាក់ទងគ្នារវាងអតីតប្រពន្ធ និងវីរបុរសវាយកូនគោល Tiger Woods ឡើយ។

កាលពីខែកុម្ភៈ គូស្នេហ៍ទាំង ២ ត្រូវបានគេប្រទះឃើញនៅក្នុងការប្រកួតកីឡវាយកូនគោលពិភពលោក ​​PGA Tour នៅទីលានប្រកួត Torrey Pines ក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយការជួបគ្នានោះ អ្នកស្រី Vanessa ក៏យកកូនស្រីច្បងវ័យ ១៧ឆ្នាំ ឈ្មោះ Kai ទៅទស្សនាការប្រកួតជាមួយ។ កូនស្រីរបស់អ្នកស្រី Vanessa ក៏ជាមនុស្សម្នាក់ចូលចិត្តកីឡាវាយកូនគោល ហើយធ្លាប់លេងកីឡានេះជាមួយនឹងលោក ដូណាល់ ត្រាំ ផងដែរ។

យ៉ាងណាមិញ កូនរបស់លោក Tiger Woods  ក៏បានសិក្សានៅសាលារៀនជាមួយនឹង Kai កូនស្រីរបស់អ្នកស្រី Vanessa ផងដែរ។

ដោយឡែកនៅក្នុងឆ្នាំ ២០២៥ គឺជាឆ្នាំដ៏លំបាកមួយសម្រាប់កីឡាករសញ្ជាតិអាម៉រិក ដែលគេចាត់ទុកថាជាកីឡាករវាយកូនគោល ដ៏អស្ចារ្យបំផុតលើពិភពលោក។ Wood ធ្លាប់ជួបបញ្ហារបួសសរសៃពួរ ហើយបានឆ្លងកាត់ការវះកាត់ ដែលរឿងនេះបានធ្វើឱ្យបុរសវ័យ ៤៩ឆ្នាំ បាត់មុខពីការប្រកួតស្ទើរពេញមួយរដូវកាល៕
 

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង