តំបន់ការពារផ្សោតជាង២ម៉ឺនហិកតា នៅខេត្តក្រចេះ ត្រូវបានចុះបញ្ជីជាដីរដ្ឋ
- ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

រូបភាព៖ WWF- Cambodia
តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ទំហំ ២១ ៩៦៦.៥១ហិកតា ស្ថិតក្នុងខេត្តក្រចេះ ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ នេះបើតាមការប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី ១៧ ខែមីនា។

តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដែលត្រូវបានរៀបចំដោយក្រសួងរៀបចំដែនដី និងកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តំបន់ការពារផ្សោតជាង២ម៉ឺនហិកតានេះ ក៏មានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ជាធរមាន ផងដែរ។
ពីមួយទៅមួយឆ្នាំ ចំនួនផ្សោតទន្លេមេគង្គ កើនឡើងជាបន្តបន្ទាប់។ ពោលនៅឆ្នាំ២០២២ ចំនួនសត្វផ្សោតមានត្រឹម៩៦ក្បាលប៉ុណ្ណោះ។ ចំនួននេះ បានកើនដល់៩៩ក្បាលនៅក្នុងឆ្នាំ២០២៣។ ចំណែកឆ្នាំ២០២៤ វត្តមានសត្វផ្សោតទន្លេមេគង្គកម្ពុជា មានដល់ ១០៤ ក្បាល ហើយកើនដល់ ១០៩ក្បាល គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។ នេះបើផ្អែកមានតួលេខរបស់អង្គការ WWF-Cambidia។
សត្វផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោក (Orcaella brevirostris) គឺជាសត្វផ្សោតមួយប្រភេទ ក្នុងចំណោមសត្វផ្សោតទឹកសាបទាំង៦ប្រភេទ នៅក្នុងពិភពលោក។ វាត្រូវបានចាត់ថ្នាក់ ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។ សត្វផ្សោតប្រភេទនេះ មានរស់នៅតែក្នុងប្រព័ន្ធទន្លេទន្លេចំនួន៣ប៉ុណ្ណោះ ក្នុងពិភពលោក។ រួមមាន៖ ទន្លេមេគង្គ (កម្ពុជា) ទន្លេអាយ៉េវ៉ាឌី (មីយ៉ាន់ម៉ា) និងទន្លេមហាកាម (ឥណ្ឌូណេស៊ី)។ ផ្សោតទន្លេមេគង្គ ក៏ជារតនសម្បត្តិជាតិមានជីវិត ហើយពលរដ្ឋកម្ពុជា មានជំនឿថា «ទីណាមានផ្សោត ទីនោះមានត្រី»៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: