ក្រសួងការបរទេស មិនទាន់ទទួលដំណឹងផ្លូវការ ពីការដាក់កម្ពុជាចូលក្នុងបញ្ជីលឿងរបស់អាម៉េរិកឡើយ
  • ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:០៩ នាទី ព្រឹក
ក្រសួងការបរទេស មិនទាន់ទទួលដំណឹងផ្លូវការ ពីការដាក់កម្ពុជាចូលក្នុងបញ្ជីលឿងរបស់អាម៉េរិកឡើយ
អគារក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ។ រូបពី ក្រសួងការបរទេស

ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អះអាងថា កម្ពុជាមិនទាន់ទទួលបានដំណឹងជាផ្លូវការណាមួយ ពាក់ព័ន្ឋការដាក់កម្ពុជាចូលក្នុងបញ្ជីលឿង របស់អាម៉េរិក ដែលរឹតបន្តឹងប្រជាជនចូលក្នុងប្រទេសមហាអំណាចនេះឡើយ។
TTN-Free-Banner-In-Article-PC

 
លោក ជុំ សុន្ទរី ប្រាប់សារព័ត៌មានឌីជីថលថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា កម្ពុជាកំពុងរកព័ត៌មានបន្ថែម ជុំវិញនឹងសេចក្ដីព្រាងក្រសួងការបរទេសអាម៉េរិក ដែលរឹតបន្តឹងប្រជាជនប្រមាណ៤៣ប្រទេស ចូលទឹកដីអាម៉េរិក។
 
ការឆ្លើយតបនេះ ដោយសារឃើញកម្ពុជាស្ថិតក្នុងបញ្ជីលឿង នៃសេចក្ដីព្រាងរឹតបន្តឹងការចេញចូលអាម៉េរិក។ ក្នុងចំណោម ប្រទេសដែលស្ថិតក្នុងបញ្ជីនេះ អាម៉េរិកដាក់ការសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការជួញដូរលិខិតឆ្លងដែនខុសច្បាប់។យ៉ាងណាក្ដី នៅពេលសេចក្ដីព្រាងនេះ រៀបចំរួច អាម៉េរិក នឹងទុកពេល៦០ថ្ងៃ ឱ្យបណ្ដាប្រទេសក្នុងបញ្ជីតវ៉ា។
 
ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យការបរទេស បង្ហាញពីជំហរកម្ពុជា នៅតែបន្តកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ ជាមួយអាម៉េរិក។ លើសពីនេះ បានជំរុញការពន្លឿន លើកិច្ចការមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ដែលអាម៉េរិកគម្រោង បញ្ជូនចេញមកវិញផងដែរ។  
 
លោក ជុំ សុន្ទរី សង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «ក្នុងស្មារតីនេះ ក្រសួងការបរទេស ក្រសួងមហាផ្ទៃ និងស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក បាននិងកំពុងផ្តល់កិច្ចសហប្រតិបត្តិការជាមួយភាគីអាម៉េរិក។ យើងបានដោះស្រាយការងារនេះ ជាបន្តបន្ទាប់រួចហើយ​ និងកំពុងបន្តសម្ភាស រួមដាក់ចេញលិខិតធ្វើដំណើរជូនពលរដ្ឋខ្មែរ ដែលត្រូវធ្វើមាតុភូមិនិវត្តន៍។»។
 
ទាក់ទិននឹងបញ្ហាខាងលើ លោក ​អំ សំអាត នាយក​ប្រតិ​បត្តិ​អង្គការ​លីកាដូ យល់ថា បើក្រសួងការបរទេសអាម៉េរិក អនុម័តជាផ្លូវលើសេចក្ដីព្រាងនេះ នឹងប៉ះពាល់ដល់ការធ្វើដំណើរបស់ពលរដ្ឋកម្ពុជា។ លោកបន្ថែម អ្នកជួបបញ្ហាលំបាកខ្លាំង គឺនិស្សិតខ្មែរ ដែលទៅសិក្សារៀនសូត្រ រួមទាំងអ្នកជំនួញខ្មែរ ដែលមានទំនាក់ទំនងជាមួយប្រទេសមហាអំណាចនេះ។ 

យ៉ាងណាក៏ដោយ ការទុកពេលវេលា៦០ថ្ងៃ ឱ្យបកស្រាយនេះ លោក អំ សំអាត ចាត់ទុកជាឱកាសមួយល្អ សម្រាប់កម្ពុជា ពិនិត្យចំណុចខ្វះខាត កែលម្អ និងប្រមូលឯកសារព័ត៌មានដាក់ទៅភាគីអាម៉េរិក។
 
ការសម្រេចដាក់កម្ពុជាចូលបញ្ជីលឿង ក្នុងសេចក្ដីព្រាងរឹតបន្តឹងការចូលអាម៉េរិកនេះ លោក អំ សំអាត យល់ថាអាចពាក់ព័ន្ធនឹង លំហសេរីភាព និងបញ្ហាពុករលួយ។ ដូច្នេះ លោកជំរុញឱ្យរដ្ឋាភិបាលកម្ពុជាកែលម្អស្ថានភាពសេរីភាព និងបង្កើនការអនុវត្តតាមច្បាប់ ឱ្យកាន់តែមានប្រសិទ្ធភាព។ 
 
មន្ត្រីសង្គមស៊ីវិលរូបនេះ បានពន្យល់បន្ថែមថា៖ «គេទុកផ្លូវឱ្យតវ៉ា។ អ៊ីចឹង យើងត្រូវតវ៉ា ហើយគេ(អាម៉េរិក)តែរិះគន់បញ្ហាសិទ្ធិមនុស្ស ការអនុវត្តច្បាប់នៅកម្ពុជា ហើយយើងក៏ជារដ្ឋភាគីដែលបានផ្ដល់សច្ចាប័នច្រើន ពិសេសសិទ្ធិមនុស្ស…អ៊ីចឹង កម្ពុជាគួរពិនិត្យមើល ភាពខ្វះចន្លោះរបស់ខ្លួន ដែលមិនទាន់បានបំពេញបានពេញលេញ ហើយភាគីអាម៉េរិកក៏មិនអាចចោទប្រកាន់កម្ពុជាបានទៀតដែរ»។
 
​សូមរំឭកថា នៅថ្ងៃទី១៤ ខែមីនា សារព័ត៌មាន New York Times បានចុះផ្សាយពីសេចក្តី​ព្រាងរបស់ក្រសួងការបរទេសអាម៉េរិក ដែលរឹតបន្តឹងប្រជាជនពីប្រទេសចំនួន ៤៣ ជាន់​ដីអាម៉េរិក ដោយកម្ពុជាស្ថិតនៅក្នុងបញ្ជីលឿង។
 
ស្ថិតបញ្ជីលឿងនៃសេចក្តីព្រាងនោះ ប៉ុន្តែកម្ពុជា មានរយៈពេល ៦០ថ្ងៃ ដើម្បីផ្តល់ព័ត៌មាន​ទៅរដ្ឋាភិបាលអាម៉េរិក ដើម្បីពិនិត្យ ថាតើដកចេញពីការរឹតត្បិត ឬចូលក្នុងបញ្ជីក្រហម ឬ​ទឹកក្រូច។ យ៉ាងណា ការផ្លាស់ប្តូរប្រទេសដែលមាននៅក្នុងបញ្ជីរឹតត្បិតនេះ អាច ​ប្រែប្រួល​ពេល​បញ្ជូនទៅដល់សេតវិមាន៕

អត្ថបទទាក់ទង

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

ផល ធារិត