កូរ៉េខាងត្បូង៖ បក្សប្រឆាំងទាមទារឲ្យមានការសម្រេចសេចក្តីលើរូបលោកយូន ស៊ុកយោល ឲ្យបានឆាប់
- ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១០:៤៣ នាទី ព្រឹក

ប្រជាជនកូរ៉េខាងត្បូង ធ្វើបាតុកម្មទាមទារទម្លាក់លោកប្រធានាធិបតីយូន ស៊ុកយោល នៅក្បែរតុលាការធម្មនុញ្ញ។ ក្រុងសេអ៊ូល ថ្ងៃទី១៧មីនា២០២៥ AP - Ahn Young-joon
ដោយ៖ ម៉ម ពិសី (RFI ខេមរភាសា)
គិតត្រឹមថ្ងៃចន្ទ ទី១៧មីនានេះ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នៅតែមិនទាន់ចេញសាលក្រមសម្រេចសេចក្តី ស្តីអំពីលោកប្រធានាធិបតី យូន ស៊ុកយោលនៅឡើយទេ។ គណបក្សប្រឆាំងកូរ៉េខាងត្បូង បានទាមទារឲ្យតុលាការធម្មនុញ្ញ ត្រូវតែកាត់សេចក្តីឲ្យបានឆាប់ជាទីបំផុត ព្រោះការពន្យារពេលយូរ នឹងរុញច្រានប្រទេសឲ្យធ្លាក់ចូលក្នុងវិបត្តិអស្ថិរភាពសង្គម។ សូមបញ្ជាក់ថា កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ យ៉ាងហោចណាស់ មានបាតុករប្រមាណ១សែននាក់មកជួបជុំគ្នានៅទីក្រុងសេអ៊ូល មានទាំងក្រុមគាំទ្រនិងក្រុមប្រឆាំងលោកយូន ស៊ុកយោល។

ប្រជាជនកូរ៉េខាងត្បូង កំពុងរងចាំយ៉ាងអន្ទះសារ ចំពោះសេចក្តីសម្រេចរបស់លោកតុលាការធម្មនុញ្ញ ស្តីពីលោកយូន ស៊ុកយោក ដែលជាប់ចោទពីបទបះបោរ និងបំពានប្រើច្បាប់អាជ្ញាសឹក។ ប្រជាជនកូរ៉េខាងត្បូង ធ្វើបាតុកម្មសឹងមិនលស់ថ្ងៃ មានទាំងក្រុមគាំទ្រលោកយូន ស៊ុកយោល និងក្រុមទាមទារឲ្យទម្លាក់លោក ចេញពីតំណែងប្រធានាធិបតី។ កាលពីចុងសប្តាហ៍កន្លងទៅ ផ្អែកតាមសមត្ថកិច្ចក្រុងសេអ៊ូល យ៉ាងហោចណាស់ មានមនុស្សប្រមាណ១សែននាក់ ដែលបានមកចូលរួមបាតុកម្ម។
ប្រឈមនឹងបញ្ហាអាចឈានផ្ទុះក្លាយជាចលាចលសង្គមនេះ គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងធំជាងគេ បានប្រកាសទាមទារឲ្យតុលាការធម្មនុញ្ញកូរ៉េខាងត្បូង ត្រូវតែសម្រេចសេចក្តីឲ្យបានឆាប់បំផុត ស្តីពីករណីលោកយូន ស៊ុកយោល។ លោក Kim Min-Seok សមាជិកសភាម្នាក់នៃបក្សប្រជាធិបតេយ្យ បានលើកឡើងថាប្រទេសនិងពលរដ្ឋកូរ៉េខាងត្បូង មិនអាចអត់ទ្រាំចាំតទៅទៀតបានទេ។ គ្រប់គ្នាកំពុងរងចាំសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ដោយអន្ទះអន្ទែងបំផុត។ ដូច្នេះរាល់ការពន្យារពេល មិនព្រមចេញសាលក្រម វាគឺជារឿងមួយដែលគ្មានការទទួលខុសត្រូវ របស់ស្ថាប័នកំពូលនេះ។
សូមបញ្ជាក់ថា លោកប្រធានាធិបតី យូន ស៊ុកយោល ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំវិញ កាលពីថ្ងៃទី៨មីនា បន្ទាប់ពីរកឃើញថា មានកំហុសផ្នែកនីតិវិធី។ តែយ៉ាងណា រដ្ឋអាជ្ញាកូរ៉េខាងត្បូងអះអាងថា លោកនៅតែប្រឈមនឹងបទចោទប្រកាន់ដ៏ធ្ងន់ធ្ងរ នៅឯតុលាការធម្មនុញ្ញ គឺបទល្មើសបះបោរ និងប្រើច្បាប់អាជ្ញាសឹកដោយបំពាន។ អ្នកជំនាញជាច្រើនបានរំពឹងថា តុលាការធម្មនុញ្ញនឹងសម្រេចសាលក្រុម នៅពាក់កណ្តាលខែមីនានេះយ៉ាងយូរបំផុត។
តែគិតត្រឹមពេលនេះ នៅតែគ្មានដំណឹង ហើយធ្វើឲ្យសំណុំរឿងនេះ ក្លាយជាសំណុំរឿងដែលតុលាការធម្មនុញ្ញចំណាយពេលយូរថ្ងៃបំផុតមុននឹងសម្រេចសេចក្តី នៅក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង។
គួររំលឹកដែរថា កាលពីថ្ងៃ១៩មករា ក្រុមបាតុករគាំទ្រលោកយូន ស៊ុកយោល បាននាំគ្នាសំរុកចូលទៅក្នុងតុលាការមួយនៅក្រុងសេអ៊ូល ដោយបានវាយបំបែកទ្វារនិងបង្អួចតុលាការ បន្ទាប់ពីចៅក្រមបានសម្រេចសេចក្តី ពន្យារការឃុំខ្លួនលោកយូន ស៊ុកយោល។ បញ្ហាចលាចលហិង្សានេះ បានញ៉ាំងឲ្យសមត្ថកិច្ចកូរ៉េខាងត្បូង មានការព្រួយបារម្ភជាខ្លាំង នៅថ្ងៃដែលតុលាការធម្មនុញ្ញនឹងប្រកាសសាលក្រម។ អាជ្ញាធរក្រុងសេអ៊ូល បានប្រកាសអំពីវិធានការសន្តិសុខដ៏តឹងតែងបំផុត ជាពិសេសនៅបរិវេនជុំវិញតុលាការធម្មនុញ្ញ ដើម្បីបង្ការទប់ស្កាត់ រាល់ការផ្ទុះអំពើហិង្សានានា។
មន្ត្រីទទួលខុសត្រូវម្នាក់នៃនគរបាលកូរ៉េខាងត្បូង បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងAFP នៅថ្ងៃចន្ទទី១៧មីនាថា អាជ្ញាធរកំពុងតែប្រជុំពិភាក្សាគ្នា អំពីលទ្ធភាពបិទជាបណ្តោះអាសន្ន នូវទីតាំងមួយចំនួន ដូចជាហាងទំនិញ ស្ថានីយប្រេងឥន្ទនៈជាដើម នៅតំបន់ក្បែរៗតុលាការធម្មនុញ្ញ នៅថ្ងៃប្រកាសសាលក្រម៕ប្រជាជនកូរ៉េខាងត្បូង ធ្វើបាតុកម្មទាមទារទម្លាក់លោកប្រធានាធិបតីយូន ស៊ុកយោល នៅក្បែរតុលាការធម្មនុញ្ញ។ ក្រុងសេអ៊ូល ថ្ងៃទី១៧មីនា២០២៥ AP - Ahn Young-joon
© រក្សាសិទ្ធិដោយ thmeythmey.com