ចិន បន្ថែមកីឡាករចូលសញ្ជាតិប្រេស៊ីលម្នាក់ទៀត ជួយក្រុមជម្រុះ World Cup
  • ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៣៩ នាទី ព្រឹក
ចិន បន្ថែមកីឡាករចូលសញ្ជាតិប្រេស៊ីលម្នាក់ទៀត ជួយក្រុមជម្រុះ World Cup

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិចិន បានបញ្ចូលខ្សែបម្រើសញ្ជាតិប្រេស៊ីល Serginho ដើម្បីជួយក្រុមប្រកួតជម្រុះ FIFA World Cup ឆ្នាំ ២០២៦ ជុំទី៣ តំបន់អាស៊ី។ Serginho ទើបទទួលបានសញ្ជាតិចិន ១សប្តាហ៍ប៉ុណ្ណោះ មុនកោះហៅចូលក្រុម។
TTN-Free-Banner-In-Article-PC


ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមជម្រើសជាតិចិនចុះខ្សោយការប្រកួតប្រជែងគួរកត់សម្គាល់ដោយសារបញ្ហាពុករលួយក្នុងវិស័យកីឡា។ ដោយសារបញ្ហានេះ ចិនបានដើរតាមប្រទេសមួយចំនូនក្នុងតំបន់អាស៊ី ដោយងាកទៅរកកីឡាករបរទេសមានទេពកោសល្យ ដើម្បីផ្តល់សញ្ជាតិ និងបញ្ចូលក្នុងក្រុមជម្រើសជាតិ។

Serginho វ័យ៣០ឆ្នាំ សព្វថ្ងៃប្រកបអាជីពក្នុងក្លិប Beijing Guoan នៃលីគកំពូលចិន បន្ទាប់ពីរួមរស់ជាមួយក្រុម Changchun Yatai ៤ឆ្នាំ ពីឆ្នាំ ២០២០ ដល់ ២០២៤។ ខ្សែបម្រើដែលគេស្គាល់នៅក្នុងវិស័យបាល់ទាត់ចិនថា Sai Erjiniao ទទួលបានសញ្ជាតិចិន នៅថ្ងៃទី១២ ខែមីនា។ បើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV កីឡាករ Serginho បង្ហាញខ្លួនឱ្យចិនមួយប្រកួតរួចហើយ ក្នុងការប្រកួតមិត្តភាពបិទទ្វារ ដែលចិនយកឈ្នះគុយវ៉ែត ៣-១ នៅថ្ងៃទី១៦ ខែមីនា។ នេះជាជំនួមមិត្តភាពកម្តៅសាច់ដុំរបស់ចិន ត្រៀមជម្រុះកីឡាបាល់ទាត់ពិភពលោកឆ្នាំ ២០២៦។

មកទល់ពេលនេះ ចិន មានកីឡាករចូលសញ្ជាតិច្រើនរូប ក្នុងនោះកីឡាករដើមកំណើតប្រេស៊ីលមាន Elkeson, Alan និង Fernandinho។ ចិន ដែលមានលោក Branko Ivankovic សញ្ជាតិក្រូអាស៊ីជាគ្រូបង្វឹក ក៏មានអតីតខ្សែការពារយុវជនអង់គ្លេស Tyias Browning ក្នុងក្រុមផងដែរ។

ចិន នឹង​ត្រូវបន្តដំណើរទៅ​ជួប​អារ៉ាប៊ីសាអូឌីត​ ក្នុងជំនួបទី៧ ពូល B នៅ​ថ្ងៃទី២០ ខែមីនា មុនស្វាគមន៍​​អូស្ត្រាលី​នៅ​៥ថ្ងៃបន្ទាប់។ ឆ្លងកាត់៦ប្រកួត ចិននៅបាតតារាងមាន៦ពិន្ទុ ក្នុងចំណោម៦ក្រុម ស្មើពិន្ទុឥណ្ឌូណេស៊ី អារ៉ាប៊ីសាអូឌីត និងបារ៉ែន ដែលស្ថិតនៅចំណាត់ថ្នាក់ពីលេខ៣មក។ ក្នុងពូល B នេះ ជប៉ុន ឈកំពូលតារាងមាន១៦ពិន្ទុដាច់ តាមពីក្រោយដោយអូស្រ្តាលី ដែលរកបាន៧ពិន្ទុ។ ២ក្រុមកំពូលតារាងបានកៅអីស្វ័យប្រវត្តិទៅ អាម៉រិក កាណាដា និងម៉ិកស៊ិក ឆ្នាំ ២០២៦ ស្របពេលក្រុមលេខ៣ និងលេខ៤ ឈានទៅវគ្គជម្រុះជុំទី៤៕

អ្នកសរសេរអត្ថបទ

ទេព ពិទូរ្យ បានចាប់ផ្តើម​ការងារ​នៅក្នុង​ស្ថាប័ន​សារព័ត៌មាន​ថ្មីៗ​ ជា​អ្នកបច្ចេកទេស​ចាប់ពី​ឆ្នាំ​២០១២​មក​។ ​​បច្ចុ​ប្បន្ន ពិទូរ្យ បាន​បន្ថែម​ជំនាញ​ជា​អ្នកសរសេរ​ព័ត៌មាន​កីឡា​អន្តរជាតិ​មួយទៀត​​។​ ពិទូរ្យ ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ​ព័ត៌មានវិទ្យា​ពី​វិទ្យាស្ថាន​ស៊ី​តិក​។​ ​ ​​​

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ទេព ពិទូរ្យ​​