រោងចក្រច្នៃដំណាប់ស្វាយមួយនៅប៉ៃលិន បានបញ្ចេញសំណល់រាវចូលប្រភពទឹកសាធារណៈ
- ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១២:១១ នាទី រសៀល

រូបភាព៖ក្រសួងបរិស្ថាន។
មន្ត្រីជំនាញរបស់មន្ទីរបរិស្ថានខេត្តប៉ៃលិន បានរកឃើញថា រោងចក្រកែច្នៃដំណាប់ស្វាយមួយកន្លែង របស់ក្រុមហ៊ុន កាងស៊ិនឡុងហ្វូត ដែលមានទីតាំងនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបញ្ចេញសំណល់រាវចូលក្នុងប្រភពទឹកសាធារណៈ។ សំណល់រាវចេញពីរោងចក្រនេះ បានធ្វើឱ្យពលរដ្ឋ៤៧គ្រួសារ នៅចំណុចក្បាលឡាន ភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ខ្វះខាតទឹកស្អាតប្រើប្រាស់ និងបណ្តាលឱ្យត្រីក្នុងអូរធម្មជាតិងាប់ជាបន្តបន្ទាប់។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការចុះពិនិត្យដល់ទីតាំងរោងចក្រកែច្នៃស្វាយនេះ គឺបន្ទាប់ពីមន្ទីរបរិស្ថាន បានទទួលការរាយការណ៍ពីពលរដ្ឋ ជុំវិញករណីត្រីងាប់នៅក្នុងអូរ នៅចំណុចក្បាលឡាន ស្ថិតនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បើតាមអ្នកនាំពាក្យរូបនេះ ការចុះពិនិត្យអ្នកជំនាញរកឃើញថា មន្ត្រីជំនាញបរិស្ថាន រកឃើញថា ក្រុមហ៊ុននេះ បានដំណើរការផលិតកម្មកែច្នៃដំណាប់ស្វាយបានកន្លះខែ ដោយមិនបានដំណើរការ អាងប្រព្រឹត្តិកម្មរនោះឡើយ។ លោក ខ្វៃ អាទិត្យា បញ្ជាក់ដូច្នេះ៖ «សំណល់រាវដែលបញ្ចេញពីរោងចក្រនេះ ត្រូវបានរកឃើញថា មានសភាពល្អក់ មានក្លិនជូ ផ្អូមខ្លាំង ចេញតាមលូរបស់រោងចក្រ ទៅក្នុងប្រភពលូទឹកសាធារណៈ ដែលបង្កឱ្យត្រីក្នុងអូរធម្មជាតិងាប់។»។
ចំណាត់ការរបស់មន្ទីបរិស្ថានចំពោះទង្វើល្មើលនេះ គឺតម្រូវឱ្យរោងចក្របញ្ឈប់ការបញ្ចេញសំណល់រាវ ចូលទៅប្រភពទឹកសាធារណៈដោយមិនបានឆ្លងកាត់ការធ្វើប្រតិកម្មតាមបច្ចេកទេស។

រូបភាព ក្រសួងបរិស្ថាន
អ្នកជំនាញ ក៏ទាមទារឱ្យ ក្រុមហ៊ុន រៀបចំកែសម្រួលទាំងអាងប្រព្រឹត្តិកម្មសំណល់រាវ និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមឲ្យបានត្រឹមត្រូវ ហើយរាល់ការដំណើរការរោងចក្រ ត្រូវអនុលោមតាមច្បាប់ និងលិខិតបទដ្ឋាននានា ចៀសវាងបង្កផលប៉ះពាល់ដល់បរិស្ថាន សង្គម ពិសេសប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ពលរដ្ឋ។ នេះបើតាមលោក ខ្វៃ អាទិត្យា។
សូមរំឭកដែរថា កាលពីថ្ងៃទី១៦ ខែមីនាកន្លងទៅ រាជរដ្ឋាភិបាល បានចេញសារាចរណ៍ណែនាំ ឱ្យមន្រ្តីពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន សហការជាមួយក្រសួងបរិស្ថាន ចាត់វិធានការទប់ស្កាត់ការបំពុលទឹកសាធារណៈ។
បើតាមសារាចរខាងលើ ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែជំរុញឱ្យម្ចាស់កម្មសិទ្ធិរោងចក្រ សហគ្រាស សួនឧស្សាហកម្ម តំបន់ សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ មូលដ្ឋានសុខាភិបាល ទីសត្តឃាត និងមន្ទីរពិសោធន៍នានា បំពាក់ប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ និងឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងមានផែនការ មធ្យោបាយ និងសម្ភារៈបច្ចេកទេសឆ្លើយតបបន្ទាន់ក្នុងករណីកើតមានឧបទ្ទវហេតុការបំពុលទឹក។
ចំពោះម្ចាស់អគារអាជីវកម្ម សេវាកម្ម បុរីលំនៅឋាន អគារសហកម្មសិទ្ធិ រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ ផ្សារទំនើប ឬមណ្ឌលកម្សាន្តវិញ គឺតម្រូវឱ្យបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ស្របតាមស្ដង់ដាសុវត្ថិភាពបរិស្ថាន មុននឹងបង្ហូរទៅតំបន់ទឹកសាធារណៈ ឬបង្ហូរចូលបណ្តាញលូសាធារណៈ ដែលភ្ជាប់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់រួម។ ចំណែក ការប្រើប្រាស់ជីកសិកម្ម ថ្នាំកសិកម្ម និងសារធាតុចិញ្ចឹមផ្សេងៗ ត្រូវតែគោរពលក្ខខណ្ឌសុវត្ថិភាព និងស្តង់ដាបរិស្ថាន ចៀសវាងការបង្ហូរ ឬលេចជ្រាបសំណល់រាវពីតំបន់កសិកម្ម ដែលបង្កការបំពុលដល់ប្រភពទឹកសាធារណៈ៕
អត្ថបទទាក់ទង
អ្នកសរសេរអត្ថបទ

© រក្សាសិទ្ធិដោយ thmeythmey.com