ចិន ចោទអាម៉េរិកអនុវត្តបទដ្ឋាន២ជាន់ លើការបញ្ជូនជនជាតិវីហ្គ័រពីថៃ
- ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១:៥៩ នាទី រសៀល

លោក Marco Rubio រដ្ឋមន្រ្តីការបរទេសអាម៉េរិក និងលោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពក្រសួងការបរទេសចិន និងX_Marco Rubiojpg
អាម៉េរិក កំពុងអនុវត្តស្តង់ដារពីរ និងព្យាយាមកៀបសង្កត់ប្រទេសដទៃ ពាក់ព័ន្ធការបញ្ជូនជនជាតិវីហ្គ័រពីថៃ។ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១៧ ខែមីនា ដោយបន្តថា អាម៉េរិកចោទ ថៃ ចាប់បញ្ជូនដោយបង្ខំជនជាតិវីហ្គ័រយ៉ាងហោចណាស់ ៤០នាក់ ទៅចិន ប៉ុន្តែអាម៉េរិកបានបញ្ជូនជនគ្មានសញ្ជាតិទៅប្រទេសផ្សេងរាប់ម៉ឺននាក់ ក្នុងឆ្នាំ២០២៤។

ក្រោយថៃចាប់បញ្ជូនជនជាតិវីហ្គ័រដែលឆ្លងដែនខុសច្បាប់ និងត្រូវបានឃុំខ្លួនជាង១០ឆ្នាំ ទៅចិនវិញ អាម៉េរិក បានថ្កោលទោសរដ្ឋាភិបាលក្រុងបាងកក និងដាក់ទណ្ឌកម្មមន្រ្តីថៃមួយចំនួន។ ចំណាត់ការរបស់អាម៉េរិកបែបនេះ បានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងនៅស្ងៀមឡើយ ហើយរិះគន់អាម៉េរិកវិញ ក្រោមហេតុផលអនុវត្តបទដ្ឋានពីរជាន់។
«ទីភ្នាក់ងារអន្តោប្រវេសន៍អាម៉េរិក បានបណ្តេញប្រជាជនគ្មានសញ្ជាតិលើសពី២៧ម៉ឺននាក់ ទៅប្រទេសចំនួន ១៩២ ក្នុងឆ្នាំ២០២៤ ដោយនេះជាការចាប់បញ្ជូនមនុស្សដ៏ច្រើនបំផុត បើគិតចាប់ពីឆ្នាំ២០១៤»។ ទីភ្នាក់ងារព័ត៌មាន Xinhua បានស្រង់សម្តីរបស់លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបែបនេះ នៅថ្ងៃទី១៧ ខែមីនា។
បើតាមមន្រ្តីចិន រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គ្មានសិទ្ធិជ្រៀតជ្រែងកិច្ចសហប្រតិបត្តិការរវាងក្រុងបាងកក និងក្រុងប៉េកាំង ពាក់ព័ន្ធនឹងការទប់ស្កាត់ការឆ្លងព្រំដែនខុសច្បាប់ និងឧក្រិដ្ឋកម្មឆ្លងព្រំដែនផ្សេងទៀតឡើយ ព្រោះវាគោរពតាមច្បាប់ប្រទេស និងអន្តរជាតិ។
ជុំវិញការជម្លៀសនោះ លោកស្រី Mao Ning បានបកស្រាយថា ជនជាតិវីហ្គ័រជាង ៤០នាក់នោះ បានចូលទៅថៃដោយខុសច្បាប់ និងជាប់ឃុំជាងរយៈពេល ១០ឆ្នាំហើយ។ ត្រង់ចំណុចនេះ រដ្ឋាភិបាលចិនមានកាតព្វកិច្ច និងការទទួលខុសត្រូវ ក្នុងការការពារប្រជាជនខ្លួន ឱ្យត្រលប់ទៅរស់នៅជួបជុំគ្រួសារវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: