អ្នកអភិរក្ស លែងក្រពើភ្នំ១០ក្បាល ទៅក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ
  • ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ២:៥៤ នាទី រសៀល
អ្នកអភិរក្ស លែងក្រពើភ្នំ១០ក្បាល ទៅក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ
អ្នកភិរក្ស លែងក្រពើភ្នំ ទៅក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ។ រូបភាព៖ ក្រសួងកសិកម្ម

ក្រពើភ្នំពូជសុទ្ធចំនួន ១០ក្បាល ត្រូវបានលែងក្នុងធម្មជាតិ នៅ​«ឧទ្យាន​ជាតិវី​រៈ​​ជ័យ» ស្ថិត​ក្នុង​ភូមិសាស្ត្រខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ ការលែងក្រពើភ្នំនេះ ធ្វើឡើង​ក្រោ​មកិច្ច​សហការរវាង អង្គការសត្វព្រៃ និងរុក្ខជាតិ ​ក្រសួងបរិស្ថាន, ក្រសួង​កសិកម្ម និង​រដ្ឋបាល​ថ្នាក់ក្រោមជាតិ។ នេះជាសញ្ញានៃការរស់រានសត្វក្រពើភ្នំឡើងវិញ បន្ទាប់ពីបាត់​វត្តមាន​ពួកវា​​ពីឧទ្យានជាតិមួយនេះជាង២ទសវត្សរ៍មកហើយ។
TTN-Free-Banner-In-Article-PC


លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ និងរុក្ខជាតិ បានលើក​ឡើង​ថា ២៥ឆ្នាំមកនេះ អង្គការសត្វព្រៃ និងរុក្ខជាតិ, ដៃគូរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងអភិរក្ស និងស្តារសត្វក្រពើភ្នំកុំឱ្យផុតពូជពីធម្មជាតិ។ ក្នុងនោះ អង្គការបានលែងក្រពើភ្នំជាច្រើនចូលទៅក្នុងព្រៃធម្មជាតិ ដែលធ្វើឱ្យពួកវាមានលទ្ធភាពបង្កាត់ពូជពងកើនឡើងផងដែរ។ 
 
ការលែងទៅក្នុងព្រៃធម្មជាតិ ត្រូវបានគេប្រើបច្ចេកវិទ្យាកត់ត្រាសំឡេង ដើម្បីតាមដានការផ្លាស់ទី និងការរស់រានមានជីវិតរបស់ក្រពើភ្នំ។ ទិន្នន័យនេះ មានសារៈសំខាន់ក្នុងការងារអភិរក្ស និងស្តារពួកវាឡើងវិញ។  


 
បើតាមលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់តាំងពី​ឆ្នាំ​២០១១ រហូតបច្ចុប្បន្ន កម្ពុជាបានលែងសត្វក្រពើភ្នំពូជសុទ្ធចំនួន១២លើក ទៅក្នុងព្រៃ​ធម្មជាតិ នៃតំបន់ជួរភ្នំក្រវាញ។ ទាក់ទិននឹងការងារនេះ ក្រសួងកសិកម្មនឹងបន្តលើកទឹកចិត្ត និងត្រៀមខ្លួនជានិច្ច ក្នុងការសហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិដើម្បីទទួល​បានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការអភិរក្សធនធានធម្មជាតិ នៅកម្ពុជាឱ្យបានគង់វង្ស។ 
 
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ក្រពើភ្នំជាប្រភេទដ៏កម្រ​បំផុត​នៅលើពិភពលោក ប៉ុន្តែពួកវាបង្ហាញខ្លួនច្រើនជាងគេនៅប្រទេស​កម្ពុជា។ នេះជាមោទកភាពសម្រាប់កម្ពុជា ដែលមានប្រភេទសត្វកម្ររស់នៅ។ បច្ចុប្បន្ន ក្រសួងបរិស្ថាន បាន​អនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ រួមមាន ធនធានសត្វព្រៃ ដែលមានសារៈសំខាន់សម្រាប់មនុស្សជាតិ។ 
 
បច្ចុប្បន្ន ក្រពើភ្នំពូជសុទ្ធជិត២០០ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិដាច់ស្រយាលពីមនុស្សរស់នៅ និងមានសុវត្ថិភាពនៅតំបន់ជួរភ្នំក្រវាញ ភាគនិរតីនៃ​ប្រទេសកម្ពុជា និងមានសម្បុកពងកូនក្រពើភ្នំចំនួន ៦០ក្បាល ត្រូវបានរកឃើញនៅក្នុងតំបន់ជួរភ្នំក្រវាញផងដែរ។ ដោយឡែក ឧទ្យានជាតិវីរៈជ័យ ក៏ធ្លាប់មានក្រពើភ្នំរស់នៅតាំងពីដើមមកដែរ។ ដូច្នេះកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារក្រពើកម្រក្នុងតំបន់នេះ អាចទទួលបានជោគជ័យ៕
 
អត្ថបទទាក់ទង




អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ថ្មីៗ