- ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៣:២៣ នាទី រសៀល

កំពូលខ្សែប្រយុទ្ធ Lionel Messi ត្រូវបានគ្រូបង្វឹកលោក Lionel Scaloni ដកឈ្មោះចេញពីក្រុមជម្រើសជាតិអាហ្សង់ទីន សម្រាប់ប្រកួតវគ្គជម្រុះ World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង ទល់នឹងក្រុមអ៊ុយរូហ្គាយ និងប្រេស៊ីល។ ប្រធានក្រុមរូបនេះ ជួបបញ្ហារបួសសាច់ដុំ អំឡុងលេងឱ្យ Inter Miami។
នៅការប្រកួតលីគកំពូលអាម៉េរិក Major League Soccer កាលពីថ្ងៃទី១៦ ខែមីនា ក្លិប Inter Miami យកឈ្នះលទ្ធផល ២-១ ទល់នឹងក្រុម Atlanta United ជាពេលដែលកីឡាករវ័យ ៣៧ឆ្នាំ ស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យ ប៉ុន្តែការប្រកួតនោះក៏បានធ្វើឱ្យ Messi ជួបបញ្ហារបួសសាច់ដុំឡើងវិញ។
បន្ទាប់ពីជួបរឿងបែបនេះ Messi ស្រាប់តែបាត់ឈ្មោះចេញពីបញ្ជីឈ្មោះកីឡាករក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ដែលបានប្រកាសថ្ងៃ១៧ ខែមីនា ខណៈកីឡាករម្ចាស់ពាន Ballon d’Or ៨សម័យ បន្តស្នាក់នៅអាម៉េរិកដើម្បីសម្រាកព្យាបាលរបួស។
ក្រុមជម្រើសជាតិអាហ្សង់ទីន បច្ចុប្បន្នជាក្រុមដ៏ខ្លាំងបំផុតមួយលើពិភពលោក និងនៅទ្វីបអាម៉េរិកខាងត្បូង ដោយពួកគេកំពុងនាំមុខកំពូលតារាងវគ្គជម្រុះ World Cup 2026។
អាហ្សង់ទីនឈរកំពូលតារាង ដោយរកបាន ២៥ពិន្ទុ ពីការប្រកួតចំនួន ១២លើក ហើយពួកគេនឹងធ្វើដំណើរទៅជួបក្រុមអ៊ុយរូហ្គាយ ជាក្រុមកម្រិតលេខ ២ ក្នុងតារាង នៅថ្ងៃទី២១ ខែមីនា។
នៅថ្ងៃទី២៥ មីនា អាហ្សង់ទីន នឹងបន្តជួបក្រុមជម្រើសជាតិប្រេស៊ីល ដែលគ្មានវត្តមានរបស់ Neymar Jr ដូចគ្នា។ Neymar Jr អតីតមិត្តរួមក្រុមដ៏ជិតស្និទ្ធរបស់ Messi កាលពីនៅក្លិប Barcelona រូបគេបានបង្ហាញក្តីរំពឹងថានឹងអាចវិលត្រឡប់ចូលក្រុមជម្រើសជាតិប្រេស៊ីលឡើងវិញ បន្ទាប់ពីបាត់មុខជាង ១ឆ្នាំ ព្រោះតែបញ្ហារបួសសរសៃពួរជង្គង់ ហើយមកពេលនេះ កីឡាករវ័យ ៣៣ឆ្នាំ ជួបបញ្ហារបួសសាច់ដុំបន្ថែមទៀត៕