នាយករដ្ឋមន្ត្រីថ្មីកាណាដា ចង់រឹតចំណងសហប្រតិបត្តិជាមួយ “សម្ព័ន្ធមិត្តដ៏ជាទីទុកចិត្តដូចបារាំង”
- ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:២៩ នាទី យប់

ដោយ៖ ម៉ម ពិសី (RFI ខេមរភាសា)
លោកនាយករដ្ឋមន្ត្រីថ្មីកាណដា ម៉ាក ខានី (Mark Carney) បានធ្វើទស្សនកិច្ចក្រៅប្រទេស ជាលើកដំបូងបង្អស់ នៅបារាំងកាលពីថ្ងៃ១៧មីនា។ បន្ទាប់ពីបានជួបជាមួយលោក ម៉ាក្រុង លោក ម៉ាក ខានី បានថ្លែងថា កាណាដាចង់រឹតចំណងសហប្រតិបត្តិការឲ្យរឹងមាំ ជាមួយសម្ព័ន្ធមិត្តដ៏គួរជាទីទុកចិត្តដូចបារាំង។ សំដីលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីកាណាដានេះ គឺវាស្ថិតនៅក្នុងបរិបទមួយ ដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកាណាដា កំពុងតែល្អក់កករយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋបាលលោកដូណាល់ ត្រាំ បានចូលកាន់អំណាច។

លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ចាប់រលាក់ដៃក្នុងទឹកមុខញញឹមជាមួយលោកនាយករដ្ឋមន្ត្រីថ្មីកាណាដា ម៉ាក ខានី។ វិមានអេលីហ្សេ ទីក្រុងប៉ារីស ថ្ងៃទី១៧មីនា២០២៤ AP - Thomas Padilla
លោក ម៉ាក ខានី (Mark Carney) នាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា បានជ្រើសរើសយកបារាំង ជាគោលដៅទស្សនកិច្ចក្រៅប្រទេស លើកដំបូងបង្អស់របស់ខ្លួន។ មកដល់ទីក្រុងប៉ារីស ព្រឹកថ្ងៃទី១៧មីនា លោកបានចូលជួបលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅវិមានអេលីហ្សេ ហើយបានទៅទស្សនាព្រះវិហារណូត្រឹមដាម ទីក្រុងប៉ារីស ដែលទើបតែជួសជុលរួចរាល់។
ថ្លែងនៅក្នុងសន្និសីទកាសែតនៅវិមានអេលីហ្សេ លោកម៉ាក ខានី បានលើកឡើងថា ក្នុងនាមប្រមុខរដ្ឋាភិបាលកាណាដា លោកចង់រឹតចំណងសហប្រតិបត្តិការ ជាមួយប្រទេសសម្ព័ន្ធមិត្តគួរជាទីទុកចិត្តដូចបារាំង។ លោកបានបន្តទៀតថា បារាំងនិងកាណាដា ត្រូវតែរួបរួមសហការគ្នា ដើម្បីធានាការពារសន្តិសុខជាតិនិងសន្តិសុខរបស់ប្រទេសសម្ព័ន្ធមិត្ត ព្រមទាំងពិភពលោកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ បារាំងនិងកាណាដា នឹងពង្រឹងទំនាក់ទំនងការទូត ដើម្បីរួមគ្នាប្រឈមមុខជាមួយនឹងពិភពលោកមួយ ដែលកាន់តែអស្ថិតភាពមានគ្រោះថ្នាក់ និងដើម្បីបង្កើតឱកាសថ្មីសម្រាប់វិស័យធុរកិច្ចទាំងសងខាង។ បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រីថ្មីកាណាដា បានអះអាងទៀតថា បារាំងនិងកាណាដាមានជំហរដូចគ្នា គឺប្តេជ្ញាបន្តជួយអ៊ុយក្រែន ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពអ៊ុយក្រែន។ កាណាដានឹងមានវត្តមានជានិច្ច ដើម្បីជួយការពារសន្តិសុខរបស់អឺរ៉ុប។
ចំណែកលោកប្រធានាធិបតីបារាំងវិញ បានថ្លែងថា ជាការពិតណាស់ បារាំងនិងកាណាដា គឺជាមហាអំណាចដែលស្រលាញ់គាំទ្រសន្តិភាព ជាសម្ព័ន្ធមិត្តដែលស្មោះត្រង់គួរជាទីទុកចិត្ត ហើយប្តេជ្ញាជាក់ច្បាស់ ដើម្បីជួយអ៊ុយក្រែនឲ្យឈានទៅរកសន្តិភាពមួយជារៀងដរាប។ ពោលគឺជាសន្តិភាពមួយដែលមានលក្ខខណ្ឌមួយរឹងមាំ ហើយដែលរុស្ស៊ីក្នុងនាមជាប្រទេសឈ្លានពានគេ ត្រូវតែសន្យាគោរព។
សូមបញ្ជាក់ថា លោក ម៉ាក ខានី ទើបតែចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដា ជំនួសលោក យូស្តាំង ទ្រុយដូ កាលពីថ្ងៃសុក្រទី១៤មីនា។ ចេញពីបារីស លោក ម៉ាក ខានី នឹងបន្តដំណើរទៅទីក្រុងឡុងដ៍។ ទស្សនកិច្ចលើកទីមួយរបស់លោក ម៉ាក ខានី នៅបារាំងនេះ គឺវាស្ថិតនៅក្នុងបរិបទមួយ ដែលទំនាក់ទំនងរបស់កាណាដានិងអាមេរិកដែលធ្លាប់ជាសម្ព័ន្ធមិត្តដ៏យូរអង្វែងនោះ បានប្រែជាល្អក់កករធ្ងន់ធ្ងរបំផុត។
បន្ទាប់ពីបានចូលកាន់អំណាចឡើងវិញ លោកដូណាល់ ត្រាំ បានធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយកាណាដា ដោយបានដំឡើងពន្ធ២៥%លើទំនិញកាណាដា។ មិនត្រឹមប៉ុណ្ណោះទេ លោកដូណាល់ ត្រាំ បានគំរាមម្តងហើយម្តងទៀត ថាចង់បានកាណាដា ធ្វើជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក។ រដ្ឋាភិបាលនិងប្រជាជនកាណាដាបានឆ្លើយតបវិញ ជាមួយនឹងសន្ទុះស្នេហាជាតិដ៏ខ្លាំងក្លាបំផុត ដោយបានដំឡើងពន្ធសងសឹកវិញ ហើយថែមទាំងរួមគ្នាទិញទំនិញអាមេរិកថែមទៀតផង។
យ៉ាងណាមិញ បារាំងក៏អាចជាជនរងគ្រោះម្នាក់ដូចកាណាដាដែរ បន្ទាប់លោកដូណាល់ ត្រាំ បានប្រកាសគំរាមយកពន្ធចំនួន២០០% លើស្រាឆំប៉ាញ ស្រាទំពាំងបាយជូរ អាល់កុលខ្លាំងគ្រប់មុខផ្សេងទៀត ដែលផលិតនៅអឺរ៉ុប៕
© រក្សាសិទ្ធិដោយ thmeythmey.com