មនុស្ស៨នាក់របួស និងផ្ទះជាង១ ២០០ខ្នងខូចខាត ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៦ ខែមីនា
- ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៤:១៩ នាទី រសៀល

ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ទទួលបានការឧបត្ថម្ភពីអាជ្ញាធរ។ រូបពី រដ្ឋបាលខេត្តបាត់ដំបង
ភ្នំពេញ៖ យ៉ាងហោចណាស់ មនុស្ស៨នាក់ផ្សេងទៀត បានរងរបួស ដោយសារបាតុភូត ខ្យល់កន្ត្រាក់ ដែលកើតឡើងកាលពីអាទិត្យ ទី១៦ ខែមីនា ចុងសប្តាហ៍កន្លងទៅ។ នេះបើយោងតាមទិន្នន័យបឋមរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ។

តាមរបាយការណ៍ដដែល ក្រៅពីបង្កឱ្យមនុស្សរបួស គ្រោះធម្មជាតិនេះ ក៏បានធ្វើឱ្យផ្ទះសម្បែងពលរដ្ឋ រងការខូចខាតសរុប ១ ២៣៩ខ្នងផងដែរ ក្នុងនោះមានផ្ទះជាង ២៥០ខ្នង បានដួលរលំ ក្រៅពីនេះគឺបានរបើកដំបូល។
មានក្រុង/ស្រុកចំនួន៣៣ នៃខេត្តចំនួន៦ បានរងគ្រោះដោយបាតុភូតខ្យល់កន្ត្រាក់ នេះ រួមមានខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ត្បូងឃ្មុំ និងខេត្តក្រចេះ។ ក្នុងនោះ ខេត្តសៀមរាប រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយមានមនុស្សដល់ទៅ ៧នាក់របួស និងផ្ទះជាង ៣៨០ខ្នងខូចខាត។ បន្ទាប់គឺខេត្តបាត់ដំបង ដែលមានផ្ទះពលរដ្ឋជាង ៤០០ខ្នងបានរលំ និងរបើកដំបូល ខណៈនៅខេត្តបន្ទាយមានជ័យ មានមនុស្សម្នាក់របួស។ នេះបើតាមរបាយការណ៍ពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយដដែល។
ជុំវិញហេតុការណ៍ខ្យល់កន្ត្រាក់នេះ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា បាតុភូតខ្យល់កន្ត្រាក់ លាយឡំនឹងផ្គរ រន្ទះ បានកើតឡើងនៅពេលកម្ពុជា ចាប់ផ្តើមទទួលនូវភ្លៀងកក់ខែ ដែលកើតឡើងភាគច្រើនចាប់ពីខែមីនា ដល់ខែឧសភា។
លោក សុទ្ធ គឹមកុលមុនី បន្ថែមថា៖ «តាមការសង្កេតកត់ត្រារបស់យើង គឺខ្យល់កន្ត្រាក់អាចនឹងកើតឡើងជាបន្តបន្ទាប់ ហើយនឹងច្រើននោះគឺនៅក្នុងពាក់កណ្តាលខែ៤ (មេសា) រហូតដល់ខែ៥(ឧសភា) គឺខ្យល់កន្ត្រាក់ អាចកើតឡើងច្រើន។ ដែលនេះជាបាតុភូតធម្មជាតិដែលបង្កហានិភ័យសម្រាប់ប្រទេសកម្ពុជា។»។
ទោះយ៉ាងណា អ្នកនាំពាក្យរូបនេះ បានអះអាងថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានយកចិត្តទុកដាក់តាមដាន ពីការព្យាករធាតុអាកាស របស់ក្រសួងធនធាទឹក និងឧតុនិយមជាប្រចាំ ពិសេសពាក់ព័ន្ធនឹងទិសដៅខ្យល់ និងកម្លាំងខ្យល់ ដែលអាចបង្កជាខ្យល់កន្ត្រាក់។
ក្រុមការងារជំនាញ កំពុងរៀបចំប្រព័ន្ធតាមដានទិសដៅខ្យល់ ឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន ដើម្បីអាចចាត់វិធានការជួយសង្គ្រោះតំបន់រងគ្រោះឱ្យបានទាន់ពេលវេលាផងដែរ។ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្ថែមបែបនេះ មុននឹងអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន ចូលរួមផ្សព្វផ្សាយពីចំណេះដឹងការពារខ្លួន ពីគ្រោះធម្មជាតិ និងជូនដំណឹងទៅពលរដ្ឋ ឱ្យបានទាន់ពេល នៅពេលទទួលបានព័ត៌មាន ពីក្រុមជំនាញព្យាករធាតុអាកាស។
លោក សុទ្ធ គឹមកុលមុនី បានលើកឡើងយ៉ាងដូច្នេះ៖ «ស្ថាប័នពាក់ព័ន្ធទាំងអស់ នឹងអាជ្ញាធរគ្រប់ជាន់ថ្នាក់ មេត្តាយកចិត្តទុកដាក់ ពីស្ថានភាពខ្យល់កន្ត្រាក់ចាប់ពីពេលនេះ ដើម្បីរួមគ្នាកាត់បន្ថយការរងគ្រោះ ពិសេសឆ្លើយតបឱ្យបានទាន់ពេលវេលា និងត្រៀមរៀបចំសម្ភារៈ និងឧបករណ៍ ដើម្បីអន្តរាគមន៍។»។
កន្លងមក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បញ្ជ្រាបពីចំណេះដឹង ការពារខ្លួន ពីបាតុភូធម្មជាតិ ពិសេសខ្យល់កន្ត្រាក់ ដែលតែងមាននៅកម្ពុជា។ ចំពោះ វិធានការការពារខ្លួននេះ លោកបានណែនាំឱ្យ ពលរដ្ឋស្នាក់នៅក្នុងផ្ទះ ដោយបិទបង្អួច ឬកន្លែងមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ឬពេលមេឃប្រែជាធ្លាក់ខ្យល់ខ្លាំង។ ជាមួយគ្នាដែរ ត្រូវជៀសវាងប្រើប្រាស់ឧបករណ៍អគ្គិសនី ពេលមេឃភ្លៀង ព្រោះអាចឆ្លងចរន្ត។
ទាក់ទងនឹងភ្លៀងកក់ខែ ក្រសួងធនធានទឹក បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ ដល់ថ្ងៃទី១៧ ខែមីនាកន្លងទៅ ភ្លៀងកក់ខែ បានគ្របដណ្តប់លើស្រុក/ខណ្ឌ ចំនួន១៧៦ នៅទូទាំងប្រទេសកម្ពុជា។ ចាប់ពីថ្ងៃទី១៨-២៦ ខែមីនា ភ្លៀងកក់ខែ នឹងថមថយឥទ្ធិពល ប៉ុន្តែវានឹងបន្តមានឥទ្ធិពលឡើងវិញ ដែលគ្របដណ្តប់រាយប៉ាយនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៦-៣១ខែមីនា៕
អត្ថបទទាក់ទង
© រក្សាសិទ្ធិដោយ thmeythmey.com