អច្ឆរិយនៃធម្មជាតិ នៅអាងចិញ្ចឹមត្រី និងសត្វព្រៃ នៅខេត្តសៀមរាប
- ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ព្រឹក

រូបភាព៖Angkor Wildlife and Aquarium
សៀមរាប៖ Angkor Wildlife and Aquarium ជាគោលដៅទេសចរណ៍ទាក់ទាញមួយ ក្នុងខេត្តសៀមរាប ដែលបង្ហាញពីជីវៈចម្រុះសម្បូរបែប របស់កម្ពុជា។ ពីអាងចិញ្ចឹមត្រី ដែលបង្ហាញពីជីវិតរស់រវើក ពីទន្លេ សមុទ្រ ទាំងក្នុងតំបន់ និងក្រៅតំបន់ រហូតដល់ប្រភេទសត្វព្រៃជាច្រើនប្រភេទ។ លើសពីការទស្សនាកម្សាន្តទីនេះ បង្កើតឡើងដើម្បីចូលរួមលើកកម្ពស់ការអភិរក្ស និងការយល់ដឹងអប់រំពីបរិស្ថាន សត្វព្រៃ ទៅកាន់សាធារណជន។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖
ប្រភេទត្រី និងសត្វព្រៃជាច្រើនប្រភេទ ដែលមានវត្តមានក្នុងប្រទេសកម្ពុជា ក្លាយជាសត្វកម្រ។ ក្រោមរូបភាពអភិរក្ស វត្តមានសត្វជាច្រើនប្រភេទ បានបង្ហាញពីជីវិតរស់រវើកនៅ Angkor Wildlife and Aquarium រាប់ចាប់ពីពីត្រីទឹកសាបក្នុងប្រទេសកម្ពុជា, ត្រីទឹកសាបពីព្រៃអាម៉ាហ្សូន, ត្រីសមុទ្រ, សត្វល្មូន និងសត្វព្រៃដទៃទៀត។
ជាអាងចិញ្ចឹមត្រីដំបូងគេក្នុងប្រទេស ទីនេះបានដាក់បង្ហាញប្រភេទត្រីកម្រៗរាប់សិបក្បាល និងចម្រុះពូជ។ ភាពស្រស់ស្អាតនៃអាងចិញ្ចឹមត្រី នៅ Angkor Wildlife and Aquarium គឺជាពិភពក្រោមទឹក ដ៏គួរឱ្យស្ញប់ស្ញែង ក្នុងទេសភាពក្រោមទឹកពណ៌ខៀវ ដ៏ស្ងប់ស្ងាត់ និងភាពរស់រវើក នៃចលនាមួយៗរបស់ហ្វូងមច្ឆា។
ត្រីរាជធំណាស់ ប៉ុន្តែត្រីនេះស្លូតណាស់ វាមិនស៊ីត្រីដទៃ ហើយក៏មិនបង្កគ្រោះថ្នាក់ដល់មនុស្សដែរ។ ប្រហែលមកពីភាពស្លូតត្រង់នេះហើយ ដែលវាក្លាយជាត្រីទឹកសាបកម្រ និងឈានទៅរកការផុតពូជ។ កាលពីឆ្នាំ១៩៥៦ គឺចាប់តាំងពីសម័យសង្គមរាស្ត្រនិយមមកត្រីរាជ ត្រូវបានហាមឃាត់ការនេសាទ ទិញលក់ និងដឹកជញ្ជូន។ នៅក្នុងអាងត្រីដ៏ធំនេះ មានវត្តមានត្រីជាច្រើនផ្សេងទៀត ដែលជាប្រភេទត្រីកម្រ ហើយគេអាចដឹងពីពត៌មានផ្សេងៗ ពីត្រីទាំងនោះបាន តាមរយៈផ្ទាំងព័ត៌មាននៅពីមុខអាងកញ្ចក់នេះ។
ចេញពីត្រីទឹកសាប យើងក៏ទៅដល់ពិភពបាតសមុទ្រ។ ស្ទើរតែគ្មានពាក្យនឹងពិពណ៌នា ពីពិភពបាតសមុទ្រនេះ។ ពិភពក្រោមទឹក នៅ Angkor Wildlife and Aquarium ហាកបីដូចនាំអ្នកទស្សនា មុជចូលជ្រៅ ទៅពិភពបាតសមុទ្រ ដោយហ៊ុមព័ទ្ធដោយទឹកថ្លាឆ្វង់ រួមនឹងវត្តមានពួកហ្វូងមច្ឆា និងផ្កាថ្មចម្រុះពណ៌។
ពីពពួកត្រីតូចបំផុត ទៅប្រភេទត្រីធំបំផុត ស្ថិតក្នុងអាចជាមួយគ្នា បង្កើតបានជាលំនៅដ៏សុខដុមរមនា ដូចជាត្រីឆ្លាម បបែល និងក្រុមត្រីតូចៗជាច្រើនទៀត ផ្លាស់ទីចុះឡើង ពេញផ្ទៃទឹកក្នុងអាង។ ឯម្ដងម្កាល គេក៏ឃើញអ្នកមុជទឹក ចុះមកឱ្យចំណីត្រី និងសំអាតអាងទឹកនេះផងដែរ។
ប្រសិនបើលោកអ្នកនាង មកកាន់ Angkor Wildlife and Aquarium រំពឹងមកទស្សនាការសម្ដែងរបស់សត្វទាំងនោះ គឺលោកអ្នកគិតខុសហើយ។ ទីនេះជាកន្លែងដែលមើលថែសត្វ និងមិនប្រើហិង្សា ឬការបង្ខំឱ្យសត្វសម្ដែងនោះឡើយ។ ពោល ទីនេះជាមជ្ឈមណ្ឌលជួយ សង្គ្រោះ និងអភរិក្សសត្វព្រៃ។ ដូច្នេះទីនេះស័ក្តសមបំផុត សម្រាប់អ្នកស្រឡាញ់សត្វ និងចង់ឃើញពីការរស់នៅរបស់ពួកវា។
គួរជម្រាបផងដែរថា Angkor wildlife and Aquarium ស្ថិតក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប និងមានចម្ងាយជាង ២០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប។ ដើម្បីភាពងាយស្រួល លោកអ្នកនាង អាចប្រើប្រាស់ Google map ដោយវាយ «Angkor Wildlife and Aquarium» ឬចុចតំណភ្ជាប់នេះ https://maps.app.goo.gl/bjQxB247BPbRfcnJ7?g_st=it។
ព័ត៌មានបន្ថែមលោអ្នកនាង អាចទំនាក់ទំនងតាមលេខទូរស័ព្ទលេខ ០៨១ ៥០២ ៥៥៥ និង ០៦១ ៥០២ ៥៥៥៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: