អង្គរក្ស Messi សុំ Logan Paul ប្រកួតលើសង្វៀន ដើម្បីដោះស្រាយទំនាស់រឿងក្រុមហ៊ុនភេសជ្ជៈ
  • ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:២៩ នាទី ព្រឹក
អង្គរក្ស Messi សុំ Logan Paul ប្រកួតលើសង្វៀន ដើម្បីដោះស្រាយទំនាស់រឿងក្រុមហ៊ុនភេសជ្ជៈ

លោក Yassine Cheuko អង្គរក្ស Lionel Messi បបួល Logan Paul ប្រកួតគ្នាលើសង្វៀនប្រដាល់ ក្នុងគោលបំណងដោះស្រាយទំនាស់ រឿងបណ្តឹងក្រុមហ៊ុនភេសជ្ជៈផ្តល់សំណើមជាតិទឹក មានការផលិតក្នុងរូបរាងស្រដៀងគ្នា។
TTN-Free-Banner-In-Article-PC


Messi ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន និង Logan Paul តារា YouTube វ័យ ២៩ឆ្នាំ កំពុងមានទំនាស់គ្នា ទាក់ទងការប្រកួតប្រជែងលើម៉ាកយីហោក្រុមហ៊ុនភេសជ្ជៈផ្តល់សំណើមជាតិទឹក។

Logan Paul បច្ចុប្បន្នមានអាជីពជាកីឡាករកីឡាកាស របស់ស្ថាប័នកីឡាកាសកម្សាន្តពិភពលោក (WWE) និងដៃគូ KSI ជាតារា YouTuber ដូចគ្នា បានបង្កើនក្រុមហ៊ុនភេសជ្ជៈផ្តល់សំណើមជាតិទឹក ​​PRIME នៅក្នុងឆ្នាំ ២០២២ ហើយទទួលបានជោគជ័យក្នុងពេលដ៏ខ្លី និងលក់ដាច់ខ្លាំងជុំវិញពិភពលោក។ បច្ចុប្បន្នក្រុមហ៊ុន PRIME ក៏ជាអ្នកឧបត្ថម្ភដល់ក្លិប Arsenal, Bayern Munich, Barcelona និងស្ថាប័នគុនចម្រុះ UFC ផងដែរ។

រយៈពេល ៣ឆ្នាំ ក្រោយ កីឡាករម្ចាស់ពាន World Cup 2022 ក៏បានបង្កើតក្រុមហ៊ុនភេសជ្ជៈផ្តល់សំណើមជាតិទឹកផ្ទាល់ខ្លួនមានឈ្មោះថា MAS+ ដែលមានរូបរាងស្រដៀងទៅនឹងភេសជ្ជៈ PRIME។



ទោះមានរូបរាងដូចគ្នា ប៉ុន្តែក្រុមហ៊ុនរបស់ Messi បានប្តឹងទៅកាន់ក្រុមហ៊ុនរបស់ Logan Paul កាលពីខែតុលា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថាមានអាកប្បកិរិយាប្រឆាំងនឹងការប្រកួតប្រជែង ដោយបានដាក់សម្ពាធលើក្រុមហ៊ុន MAS+ ឱ្យប្តូររូបរាងការវេចខ្ចប់។

កាលពីខែកុម្ភៈ Logan Paul បាននិយាយនៅក្នុងកិច្ចសម្ភាសជាមួយនឹងកាសែត talkSPORT ដោយចោទក្រុមហ៊ុនរបស់ ​Messi ថាបានចម្លងរូបរាងតាមក្រុមហ៊ុន PRIME។ បន្ទាប់មកតារា YouTube សញ្ជាតិអាម៉េរិក ក៏បានបង្ហោះវីដេអូមួយលើបណ្តាញសង្គមនិយាយអំពីរឿងនេះ ដើម្បីស្នើឱ្យ កីឡាករវ័យ ៣៧ឆ្នាំ ឡើងសង្វៀនប្រដាល់ជាមួយខ្លួន បើចង់ឱ្យក្រុមហ៊ុន PRIME ទម្លាក់ពាក្យបណ្តឹងដែលប្តឹងត្រឡប់ទៅវិញ។

ភ្លាមៗ Cheuko អង្គរក្សផ្ទាល់ខ្លួន ​Messi ក៏បានឆ្លើយតបទៅកាន់វីដេអូរបស់ Logan Paul វិញដោយរូបគេនឹងចេញមុខជំនួសមេខ្លួន ដើម្បីឡើងសង្វៀនប្រដាល់ ដោះស្រាយទំនាស់នេះ។

វីដេអូបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ Cheuko អង្គរក្សកីឡាករម្ចាស់ពាន Ballon d’Or ៨សម័យ បាននិយាយដូច្នេះថា៖«Messi រូបគាត់មិនទាំងស្គាល់ថាបុរសម្នាក់នេះជានរណានោះឡើយ។ ប្រសិនបើ Logan ចង់ប្រយុទ្ធគ្នា គេអាចប្រយុទ្ធជាមួយនឹងខ្ញុំបាន មិនមែនប្រកួតជាមួយនឹងកីឡាករបាល់ទាត់នោះទេ។[…]។

អង្គរក្សវ័យ ៣៦ឆ្នាំ ត្រូវបាន Messi ជ្រើសយកមកដើម្បីការពារខ្លួន បន្ទាប់ពីគេបានសម្រេចចិត្តមកចូលរួមក្លិបអាម៉េរិក Inter Miami កាលពីឆ្នាំ ២០២៣។ ​Cheuko គឺជាអតីតកងទ័ពពិសេសអាម៉េរិក NAVY SEAL និងជាអ្នកហាត់ក្បាច់គុនផងដែរ។ ក្រៅពីបុរសវ័យ ៣៦ឆ្នាំ ជាអ្នកការពារផ្ទាល់ជាប់នឹង Messi រូបគេក៏មានក្រុមការងារ ៥០រូបផ្សេងទៀត ដែលជាកងការពារសន្តិសុខ Messi គ្រប់ពេលផងដែរ៕

អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង