រដ្ឋមន្រ្តីបរិស្ថាន ព្រមានបិទរោងចក្រកែច្នៃដំណាប់ស្វាយនៅប៉ៃលិន បើបន្តប្រព្រឹត្តល្មើសច្បាប់
  • ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៥:១៤ នាទី ល្ងាច
រដ្ឋមន្រ្តីបរិស្ថាន ព្រមានបិទរោងចក្រកែច្នៃដំណាប់ស្វាយនៅប៉ៃលិន បើបន្តប្រព្រឹត្តល្មើសច្បាប់

​លោក អ៊ាង សុផល្លែត បានបញ្ជាឱ្យក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត​ ដែលមានរោងចក្រកែច្នៃ​ដំណាប់ស្វាយ ​នៅ​ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ​បញ្ឈប់​ការបង្ហូរ​សំណល់រាវ មិនត្រឹមត្រូវ​តាមស្តង់ដារបច្ចេកទេស ចូលប្រភពទឹកសាធារណៈ និងស្តារ​បរិស្ថាន​ប្រព័ន្ធអូរក្បាលឡានឱ្យបានស្អាតឡើងវិញ។ នេះបើតាមការចុះផ្សាយនៅទំព័រ​ហ្វេស​ប៊ុក​ក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែមីនានេះ។
TTN-Free-Banner-In-Article-PC


តាមទំព័រហ្វេសប៊ុកដដែល លោករដ្ឋមន្ត្រី​ ក៏តម្រូវឱ្យក្រុមហ៊ុន ​ផ្តល់សំណងការខូចខាតប៉ះពាល់ផ្ទាល់មកលើ គុណភាពទឹក គុណភាពដី ប្រព័ន្ធ អេកូឡូស៊ីនៃប្រព័ន្ធទឹកសាធារណៈផងដែរ។ លោក អ៊ាង សុផល្លែត ព្រមានបិតដំណើរការផលិតកម្មរបស់រោងចក្រនេះ ប្រសិនបើ​មិន​អនុវត្ត​តាមច្បាប់របស់កម្ពុជា​ទេនោះ។​ លោក អ៊ាង សុផល្លែត​ បញ្ជាក់ដូច្នេះ៖« ប្រសិនបើក្រុមហ៊ុនមិនអនុវត្តច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា នោះ ក្រុមហ៊ុននឹងមិនអនុញ្ញាតឱ្យដំណើរការផលិតកម្មទៀតនោះទេ។»។

សូមជម្រាបថា បទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា បន្ទាប់​ពីអ្នកជំនាញ​នៃមន្ទីរ​បរិស្ថានខេត្តប៉ៃលិន ចុះពិនិត្យ និងបានរកឃើញថា រោង​ចក្រកែ​ច្នៃដំណាប់ស្វា​យ​នេះ បានបង្ហូរសំណល់រាវមិនត្រឹមត្រូវតាមច្បាប់ ប៉ះពាល់ដល់ប្រភពលូ​ទឹកសាធារណៈ និងបង្កឱ្យត្រីងាប់ជាច្រើន ក្នុងអូរធម្មជាតិក្បាលឡាន នៅ​ក្បែរតំបន់រោងចក្រនោះ។ មិនតែប៉ុណ្ណោះ សំណល់នេះ បានធ្វើឱ្យពលរដ្ឋ ៤៧គ្រួសារ ខ្វះទឹកប្រើប្រាស់។

ទាក់ទងនឹងការបញ្ចេញសំណល់រាវមានជាតិពុល ប៉ះពាល់ប្រភពទឹកសាធារណៈនេះ មន្រ្តីជំនាញនៃក្រសួងបរិស្ថាន បានរកឃើញរោងចក្រ និងសហគ្រាសចំនួន ៩​ប្រព្រឹត្តទង្វើបែបនេះ ក្នុងនោះអ្នកទទួលខុសត្រូវរោងចក្រ និងសហគ្រាស ២កន្លែង ត្រូវបានបញ្ជូនទៅតុលាការ នៅក្នុងរយៈពេល២ខែចុងក្រោយនេះ។ នេះបើតាមលោក ខ្វៃអាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន។
​នៅក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលបានអនុម័តឱ្យប្រើប្រាស់នៅឆ្នាំ២០២៣ ត្រង់​មាត្រា៨២៤ តម្រូវឱ្យក្រុមហ៊ុនផ្អាកសកម្មភាពផលិតកម្មជាបណ្តោះអាសន្ន ដើម្បីជៀសវាងការបង្ហូរសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុន បង្កឱ្យមានការបំពុលបរិស្ថានជាបន្តទៀត។ មាត្រា៨២៩ និងមាត្រា៨៤៥ បានកំណត់ទោសទណ្ឌ ដែលត្រូវអនុវត្តចំពោះការមិនបំពេញកាតព្វកិច្ច ក្នុងការគ្រប់គ្រងសំណល់រឹង រាវ ទឹកកខ្វក់ សារធាតុបំពុល ស្របតាមបទដ្ឋាន/ស្តង់ដារបញ្ចេញ។ វិធានការទាំងនោះរួមមាន ការពិន័យជាប្រាក់ និងទោសជាប់ពន្ធនាគារ។

អត្ថបទទាក់ទង

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

សារព័ត៌មានថ្មីៗ