លោក ម៉ៅ ធនិន៖ វិស័យទេសចរណ៍ នាំឱ្យពលរដ្ឋខេត្តកំពតមានជីវភាពធូរធា
- ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៥:៣៩ នាទី ល្ងាច

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត។ រូបភាពពី STPM
ភ្នំពេញ៖ ខេត្តកំពត មានសក្តានុពលទេសចរណ៍ពីធម្មជាតិ ដែលអំណោយផលដល់វិស័យទេសចរណ៍។ ខេត្តស្ថិតនៅតំបន់សមុទ្រមួយនេះ បានទាក់ទាញទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្តជាហូរហែ មិនថាថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក។ ស្ថិតក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នាថ្ងៃទី១៨ មីនា លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា វិស័យទេសចរណ៍ក្នុងខេត្តកំពត បាននាំឱ្យពលរដ្ឋខេត្តកំពតមានជីវភាពធូរធា និងមានមុខរបរច្បាស់លាស់។

កំពត ជាទីតាំងប្រវត្តិសាស្ត្រដ៏យូរលង់របស់កម្ពុជា និងធ្លាប់ជាទីមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍។ ក្នុងរយៈពេលចុងក្រោយនេះ ខេត្តកំពត បានផ្លាស់ប្ដូរមុខមាត់ថ្មី តាមរយៈសមិទ្ធិផលថ្មីៗជាច្រើន ដូចជា រូបសំណាកសេះសមុទ្រ និងរូបនាឡិកាជាដើម ដែលជាផលិតផលទេសចរណ៍ថ្មី។
នាពេលខាងមុខ រដ្ឋបាលខេត្តកំពត នឹងបើកបង្ហាញសមិទ្ធិផលថ្មីមួយទៀត គឺឧបករណ៍ទឹកផុស រាំតាមចង្វាក់ភ្លេងអមដោយភ្លើងចម្រុះពណ៌ ដែលដាក់បង្ហាញនៅពេលរាត្រី។ តាមរយៈការអភិវឌ្ឍរបស់ខេត្តកំពត លោក ម៉ៅ ធនិន អះអាងថា មានការរីកចម្រើនខ្លាំងលើវិស័យទេសចរណ៍។
បើតាមអភិបាលខេត្តកំពត វិស័យទេសចរណ៍ បានបម្រើ និងតម្កល់ជីវភាពរបស់ពលរដ្ឋដែលមានមុខរបរមិនច្បាស់លាស់ក្នុងខេត្ត ឱ្យមានជីវភាពធូរធា ដោយសារតែកំណើនទេសចរ។ សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ខេត្តកំពត ទទួលបានភ្ញៀវទេសចរចំនួន ២ ៦៧៩ ៣៤៥នាក់ ដែលកើនលើស៤៦ភាគរយ បើធៀបនឹងឆ្នាំ២០២៣៕
© រក្សាសិទ្ធិដោយ thmeythmey.com