សហព័ន្ធខ្មែរកីឡាហែលទឹក ប្តេជ្ញាយកមេដាយយ៉ាងហោច ១គ្រឿង ពីស៊ីហ្គេមនៅថៃ
- ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៩:៥៩ នាទី យប់

សហព័ន្ធខ្មែរកីឡាហែលទឹក ដាក់គោលដៅ២ សំខាន់ សម្រាប់ឆ្នាំ២០២៥
លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ថា សហព័ន្ធ បានដាក់គោលដៅ២ សំខាន់ៗ សម្រាប់ឆ្នាំ២០២៥ គឺគោលដៅដណ្ដើមេដាយស៊ីហ្គេម លើកទី៣៣ និងមេដាយពីព្រឹត្តិការណ៍ហែលជើងទា ជើងឯកអាស៊ីអាគ្នេយ៍។--
សហព័ន្ធខ្មែរកីឡាហែលទឹក បានដាក់គោលដៅសំខាន់ ២សម្រាប់ឆ្នាំ២០២៥ ហើយក៏ជាផែនការស្នូលត្រៀមសម្រាប់ ឆ្នាំ២០២៩ ដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៤ (Asian Youth Games 2029)។ លោក ហែម គិរី ពន្យល់ថា ទិសដៅទី១ គឺសហព័ន្ធ ប្ដេជ្ញាដណ្ដើមឲ្យបានមេដាយស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ យ៉ាងហោចណាស់ចំនួន១ លើប្រភេទកីឡាហែលទឹក។
លោក ហែម គិរី និយាយថា៖«ស៊ីហ្គេម លើកនេះ យើងដាក់ទិសដៅរបស់យើង ត្រូវតែដណ្ដើមមេដាយឲ្យបាយយ៉ាងហោចណាស់១ ក្នុងប្រភេទវិញ្ញាសាណា ក៏ដោយ។»។

ការប្រកួតហែលទឹក និងហែលទឹកជើងទា រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក
រីឯទិសដៅទី២ សហព័ន្ធត្រៀមខ្លួន សម្រាប់ការចូលរួមព្រឹត្តិការណ៍ហែលទឹកជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍។ ចំពោះព្រឹត្តិការណ៍នេះ លោក ហែម គិរី មិនទាន់ដឹងច្បាស់ថា ប្រទេសណា ជាម្ចាស់ផ្ទះរៀបចំការប្រកួតនៅឡើយទេ ប៉ុន្ដែឥណ្ឌូណេស៊ី មានអាទិភាពជាងគេក្នុងការធ្វើជាម្ចាស់ផ្ទះ។ ករណីដែលឥណ្ឌូណេស៊ី មិនធ្វើជាម្ចាស់ផ្ទះ ការប្រកួតនឹងលើកទៅធ្វើនៅប្រទេសវៀតណាម។ ដោយឡែក កាលពីចុងឆ្នាំ២០២៤ កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងព្រឹត្តិការណ៍ហែលទឹកជើងទាជើងឯកអាស៊ីអាគ្នេយ៍ ។
ទោះជាយ៉ាងណា លោក ហែម គិរី ក៏ដឹងថា ការប្រជែងមេដាយ និងស្វែងរកជ័យលាភីពីប្រភេទកីឡានេះ គឺតានតឹងខ្លាំង។ ពិបាកប្រជែង ព្រោះថានៅតំបន់អាស៊ីអាគ្នេយ៍ មានអត្ដពលិកពីបណ្តាប្រទេសមួយចំនួន មានកម្រិតសមត្ថភាពខ្លាំង ហើយក៏ឈានដល់កម្រិតពិភពលោកផង ដែលមានអាទិ៍ ឥណ្ឌូណេស៊ី ហ្វីលីពីន និងសិង្ហបុរីជាដើម។ អគ្គលេខាធិការរូបនេះ លើកទឹកចិត្តឲ្យអត្ដពលិកជាតិ ត្រូវប្រឹងហ្វឹកហាត់កាន់តែខ្លាំង ដើម្បីឲ្យឈានដល់កម្រិតកាន់តែខ្ពស់។
«កីឡាអូឡាំពិកមួយនេះ គឺយើងដឹងហើយថា តំបន់អាស៊ីអាគ្នេយ៍ ប្រទេសដែលខ្លាំងមានច្រើន ដូចជាឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី ដែលគេប្រកួតរហូតទៅដល់កម្រិតពិភពលោក។ យើង ប្រើពាក្យថាពិភពលោក ដោយសារគេបានឡើងពីវគ្គជម្រុះ ទៅដល់អូឡាំពិកហើយ។ យើង ត្រូវប្រឹងមែនទែន។»៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: