ល្ខោនយីកេ ប្រឡងបវរកញ្ញាវ័យចំណាស់ ស្រីស្រស់ប្រុសស្អាត ​គុនខ្មែរ ​នឹង​មាន​នៅ​សង្ក្រាន្តព្រៃវែង
  • ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៨:៥៩ នាទី ព្រឹក
ល្ខោនយីកេ ប្រឡងបវរកញ្ញាវ័យចំណាស់ ស្រីស្រស់ប្រុសស្អាត ​គុនខ្មែរ ​នឹង​មាន​នៅ​សង្ក្រាន្តព្រៃវែង

នៅឆ្នាំនេះ រដ្ឋបាលខេត្ត​ព្រៃវែង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង នឹង​រៀបចំ​ព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ២០២៥» រយៈពេល​៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៥។​ ក្នុង​ព្រឹត្តិការណ៍នេះ នឹង​មាន​កម្មវិធី​ប្រពៃណី និង​កម្មវិធី​កម្សាន្តសប្បាយជាច្រើន ជាពិសេស​ការ​សម្តែងទស្សនីយភាពល្ខោន យីកេខ្នាតធំ «រឿងតេជោជ្រែកដី»។​

TTN-Free-Banner-In-Article-PC

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ រដ្ឋបាលខេត្ត​ព្រៃវែង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង នឹងរៀបចំ​ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ​ដែល​ជាសាទរ និងរក្សា​ទំនៀមទម្លាប់​ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់តាំងពីបុរាណកាលមក។ បើតាម​រដ្ឋបាលខេត្ត​ព្រៃ​វែង ព្រឹត្តិការណ៍នេះ នឹងមានការប្រគំតន្ត្រីសម័យ ការរាំលេងកម្សាន្ត​ ការតាំងពិព័រណ៍បង្ហាញផលិតផល ការបង្ហោះគោម បាញ់កាំជ្រួច និង​លេងល្បែងប្រជាប្រិយខ្មែរ។

 រូបភាពពីសង្រ្កាន្តព្រៃវែង។

ក្រៅពីនេះ ព្រឹត្តិការណ៍​រយៈពេល ៥ថ្ងៃនេះ ក៏​មាន​ការសម្តែងក្បាច់គុនបុរាណខ្មែរ ពិសេស​ការប្រឡងចម្រៀង ប្រឡងបវរកញ្ញាស្រីស្រស់ប្រុសស្អាត និងបវរកញ្ញាវ័យចំណាស់ រួមទាំងការប្រកួតអុកចត្រង្គ។ ដោយ​នៅពេល​រាត្រី រដ្ឋបាលខេត្ត​ ក៏​រៀបចំ​ការ​ប្រដាល់ក្បាច់គុនបុរាណខ្មែរ ការសម្តែងក្បាច់គុនបុរាណខ្មែរយុទ្ធក្រមខម ការសម្តែងទស្សនីយភាពល្ខោន យីកេខ្នាតធំ «រឿងតេជោជ្រែកដី» និង​កម្មវិធីឡើងសសរខ្លាញ់យករង្វាន់ម៉ូតូផងដែរ។ 

មិនខុស​ពី​រាល់ឆ្នាំ​ឡើយ សង្រ្កាន្ត​ព្រៃវែង នឹង​រៀបចំ​កម្មវិធីលេងកម្សាន្តនៅ​តំបន់ត្រជាក់ចិត្ត ដែល​ស្ថិត​នៅសួនច្បារសម្តេច ជា ស៊ីម។ ដើម្បី​ចូល​រួម​អបអរ​ និង​កម្សាន្ត​សប្បាយ រដ្ឋបាលខេត្ត​ព្រៃវែង អំពាវនា​វ​ដល់​សាធារណជន ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ រួមទាំង​ពលរដ្ឋ​ក្នុង​ខេត្ត​ព្រៃ​វែង មក​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍សង្រ្កាន្ត​ព្រៃវែងឱ្យ​បាន​ច្រើន​កុះ​ករ៕ 

 រូបភាពពីសង្រ្កាន្តព្រៃវែង។

អត្ថបទទាក់ទង


អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ