ថៃបញ្ជូន​ត្រឡប់​​ជនជាតិ​ឥណ្ឌូណេស៊ី​ជាង​៥០០នាក់ ជា​ជនរងគ្រោះ​ដោយ​បណ្តាញ​ឆបោក​អនឡាញ​នៅ​ភូមា
  • ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៩:៤៩ នាទី ព្រឹក
ថៃបញ្ជូន​ត្រឡប់​​ជនជាតិ​ឥណ្ឌូណេស៊ី​ជាង​៥០០នាក់ ជា​ជនរងគ្រោះ​ដោយ​បណ្តាញ​ឆបោក​អនឡាញ​នៅ​ភូមា
បុរសជនជាតិឥណ្ឌូណេស៊ីចុះពីយន្តហោះភ្លាម ឱនក្បាលក្រាបដល់ដី ត្រេកអរដែលបានត្រលប់មកស្រុកកំណើតវិញ​ បន្ទាប់ពីចាញ់បោកក្រុមបណ្តាញ​ឧក្រិដ្ឋកម្មឆបោកអនឡាញ​នៅភូមា។ ប្រលានយន្តហោះ Soekarno-Hatta ជាយក្រុងចាកាតា ថ្ងៃទី​១៨មីនា​២០២៥ via REUTERS - Tatan Syuflana

ដោយ៖ម៉ម ពិសី (RFI ខេមរភាសា)

អាជ្ញាធរថៃ ដោយសហការជាមួយ​អាជ្ញាធរឥណ្ឌូណេស៊ី​​ បានចាប់ផ្តើម​​បញ្ជូន​ខ្លួនជនជាតិឥណ្ឌូណេស៊ី ចំនួន​ជាង​៥០០នាក់​ ឲ្យ​ត្រលប់ទៅ​ស្រុកវិញ បន្ទាប់ពី​ពួកគេត្រូវបាន​សមត្ថកិច្ច​ថៃ រំដោះបាន​ពី​ទីតាំង​បណ្តាញឆបោកអនឡាញនៅភូមា​។ នៅព្រឹកថ្ងៃអង្គារ​ទី​១៨​មីនានេះ យន្តហោះទី​មួយ ដឹក​មនុស្ស​ប្រមាណ​២០០នាក់ បានទៅដល់ទីក្រុងចាកាតាហើយ​។

TTN-Free-Banner-In-Article-PC


យ៉ាងហោចណាស់ មាន​​ជនជាតិឥណ្ឌូណេស៊ីចំនួនសរុប​៥៥៤នាក់ ដែលគេគ្រោងនឹងបញ្ជូន​ខ្លួន​ពីប្រទេសថៃ ទៅកាន់​ឥណ្ឌូណេស៊ីវិញ។ ពួកគេសុទ្ធសឹងតែជាជនរងគ្រោះចាញ់បោកមេខ្យល់ ល្បួងយកទៅធ្វើការនៅតាមទីតាំងឆបោកអនឡាញ​នៅភូមា។ នេះបើផ្អែក​តាមការអះអាង របស់​លោក​ Budi Gunawan ​រដ្ឋមន្ត្រី​ក្រសួង​សហប្រតិបត្តិការកិច្ចការនយោបាយ​និងសន្តិសុខឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃអង្គារ​ទី​១៨​មីនា ដែលអះអាងអំពីការសហការគ្នា រវាងរដ្ឋាភិបាលថៃ ចិន និងឥណ្ឌូណេស៊ី នៅក្នុងប្រតិបត្តិការនេះ​។

ផ្អែក​តាមមន្ត្រីឥណ្ឌូណេស៊ីរូបនេះ ក្នុងចំណោម​ជនរងគ្រោះឥណ្ឌូណេស៊ីទាំងជាង​៥០០នាក់នេះ គឺមាន​៤៤៩នាក់ភេទប្រុស ​១០៥នាក់ភេទស្រី ដែលត្រូវបាន​អាជ្ញាធរភូមា​និងថៃ បាន​រំដោះយកចេញពីទីតាំងឆបោក​អនឡាញ ស្ថិតនៅ​ទីក្រុង​Myawaddy ជាប់ព្រំដែនមេសត ខេត្តតាក​ខាងលិចប្រទេសថៃ។ ផ្អែកតាមការគ្រោងទុក គេនឹងប្រើប្រាស់យន្តហោះ​៣ជើង ដឹកចំនួន​៤០០នាក់នៅថ្ងៃទី​១៨មីនា និង​១៥៤នាក់ទៀត នៅថ្ងៃពុធ។ យ៉ាងណាមិញ យន្តហោះជើងទី១ ដឹកមនុស្ស​ប្រមាណ​២០០នាក់ បានចេញពីបាងកកទៅដល់​ប្រលានយន្តហោះ​ក្រុងចាកាតាហើយ នៅព្រឹកថ្ងៃអង្គារ​១៨មីនា​។

សូមបញ្ជាក់ថា​ បណ្តាញ​ឧក្រិដ្ឋកម្ម​ឆបោកអនឡាញ បានរីកដុះដាលយ៉ាងខ្លាំងនៅភូមា តាមតំបន់ព្រំដែន​ជាប់ប្រទេសថៃ ដោយសារតែ​ពួកឧក្រិដ្ឋជនបាន​ឆក់ឱកាស ដែល​​ភូមាបាន​ធ្លាក់ចូលទៅក្នុងភាពវឹកវរនយោបាយ និងអសន្តិសុខចាប់ពីឆ្នាំ​២០២១មក និងដោយសារតែអំពើពុករលួយ​របស់អាជ្ញាធរភូមា​​។​ យោងតាម​អង្គការសហប្រជាជាតិ នៅភូមា​ យ៉ាងហោចណាស់ គឺមានមនុស្ស​ប្រមាណ​១២ម៉ឺននាក់ ភាគច្រើនជាជនជាតិចិន ដែលត្រូវបណ្តាញ​ទុច្ចរិតនេះប្រើប្រាស់ ក្នុងលក្ខខណ្ឌប្រៀបបាននឹងទាសករ​ ដើម្បី​ឲ្យ​ឆបោក​តាមអនឡាញ​។ យោងតាមអង្គការសហប្រជាជាតិដដែល ទីតាំងឆបោក​អនឡាញប្រភេទនេះ ក៏រីកដុះដាលផងដែរ នៅកម្ពុជា និងនៅឡាវផងដែរ។

បណ្តាញឧក្រិដ្ឋកម្ម​នេះ រកចំណូលបាន​រាប់ពាន់លានដុល្លារ​ក្នុងមួយឆ្នាំៗ។

ភាគច្រើន​មកពីចិន ឥណ្ឌូណេស៊ី ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែសជាដើម ពួកគេភាគច្រើនសុទ្ធតែ​ត្រូវ​គេ​បោកប្រាស់​ កុហក​ថាយកមកធ្វើការបានប្រាក់ខែច្រើន តែទីបំផុតត្រូវ​គេ​យកមកបង្ឃាំងទុក ​ក្នុងមណ្ឌលដើម្បី​ឲ្យ​ឆបោកតាម​អនឡាញ ​ទៅលើ​ជនរួមជាតិគេនៅឯក្នុងស្រុក​។ សក្សីខ្លះបានអះអាងថា ពួកគេត្រូវក្រុមបណ្តាញទុច្ចរិតដកហូតលិខិតឆ្លងដែន ធ្វើទារុណកម្មវាយដំ បង្អត់អាហារ​ និងខ្លះទៀត ត្រូវគេគំរាម​វះកាត់យកក្រលាន ឬបូមឈាមយកទៅលក់ថែមទៀត។

គួរកត់សម្គាល់ថា ប្រមាណ​២ខែមកនេះ ដោយរងសំពាធពីចិន របបសិក​ភូមាបានសហការជាមួយអាជ្ញាធរថៃ ចុះទៅបំបែកទីតាំងឧក្រិដ្ឋកម្ម​ទាំងនេះ​ជាច្រើនកន្លែង នៅតំបន់​​Myawaddy ដោយ​បានរំដោះបានមនុស្ស​ច្រើនពាន់នាក់។ ជាក់ស្តែង កាលពីខែកុម្ភៈ គេបានរំដោះបានជនរងគ្រោះចំនួន​ជាង​៧០០០នាក់ ក្នុងនោះមានជនជាតិចិន ចំនួន​៤៨០០នាក់។ 

បច្ចុប្បន្ន ជនរងគ្រោះជាច្រើនពាន់នាក់ មកពីប្រទេសច្រើនផ្សេងគ្នា ដែលត្រូវ​គេរំដោះមកបាន កំពុងស្នាក់នៅបណ្តោះអាសន្ន​ចង្អៀតណែន នៅក្នុងមណ្ឌល​ដែលអាជ្ញាធរថៃបានរៀបចំ រងចាំថ្ងៃដែលអាចត្រលប់ទៅកាន់ស្រុកកំណើត​វិញ​៕


© រក្សាសិទ្ធិដោយ thmeythmey.com

Other