ព្រះអង្គ ជួន កក្កដា សម្រេចលាចាកសិក្ខាបទ ក្រោយបួសជាង២៧ព្រះវស្សា
  • ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:១៨ នាទី ព្រឹក
ព្រះអង្គ ជួន កក្កដា សម្រេចលាចាកសិក្ខាបទ ក្រោយបួសជាង២៧ព្រះវស្សា
ព្រះអង្គមុនិបាលោ ជួន កក្កដា ព្រះវិន័យធម៌គណខេត្តតាកែវ និងជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នាយកសាលាពុទ្ធិកនាងខ្មៅ បានសម្រេចលាចាកសិក្ខាបទ នៅព្រឹកថ្ងៃទី១៩ មីនា ក្រោយបួសជាង២៧ព្រះវស្សា។

ភ្នំពេញ៖ ព្រះអង្គមុនិបាលោ ជួន កក្កដា ព្រះវិន័យធម៌គណខេត្តតាកែវ និងជាព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នាយកសាលាពុទ្ធិកនាងខ្មៅ បានសម្រេចលាចាកសិក្ខាបទ ក្រោយប្រើពេលវេលាជាបុព្វជិត ជាង២៧ព្រះវស្សា។ ព្រះអង្គ បានលាចាកសិក្ខាបទ នៅព្រឹកថ្ងៃទី១៩ មីនា។
TTN-Free-Banner-In-Article-PC


«អស់បុណ្យជាព្រះសង្ឃ»។ នេះជាហេតុផលរបស់ព្រះអង្គ ជួន កក្កដា ដែលមានសង្ឃដីកាពន្យល់ទៅកាន់ពុទ្ធបរិស័ទ្ធ ប្រជាពលរដ្ឋ ដែលតែងតែគោរពប្រតិបត្តិ និងចូលចិត្តស្ដាប់ធម៌វិន័យរបស់ព្រះអង្គ នៅក្នុងវីដេអូជិត១២នាទី។ បើតាមព្រះអង្គ ជួន កក្កដា ការសម្រេចព្រះទ័យនេះ មិនមែនធ្វើឡើងដោយការតក់ក្រហល់នោះទេ ហើយក៏មិនប្រញាប់ប្រញាល់ពេកនោះដែរ។ ក្នុងន័យនេះ ព្រះអង្គ ទំនង់ចង់ពន្យល់ថា ការសម្រេចរបស់ព្រះអង្គ ធ្វើតាមកាលៈទេសៈមួយសមស្រប នៃពេលវេលាជាក់ស្ដែង។

ជាង២៧ព្រះវស្សា ក្នុងវិស័យព្រះពុទ្ធសាសនានេះ ពិតជាមានគុណតម្លៃឥតគណនា សម្រាប់ព្រះអង្គមុនិបាលោ ជួន កក្កដា។ ព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ និងជានាយកសាលាពុទ្ធិកនាងខ្មៅ មានសង្ឃដីកា នៅក្នុងវីដេអូ មុនពេលសឹកដូច្នេះថា៖« ខ្ញុំព្រះករុណា អត្មាភាព ពិតជាអរព្រះគុណដ៏ក្រៃលែង ដល់ព្រះរតនត្រៃយ៍ទាំងឡាយ ៣ មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ជាពិសេសព្រះពុទ្ធសាសនា ដែលជាសាសនា ដែលមានគុណដ៏ធំធេង សម្រាប់ខ្ញុំព្រះករុណអត្មាភាព បានមកជ្រកកោនរស់រានមានជីវិត មានឱកាសបានសិក្សារៀនសូត្រ មានឱកាសបានទំនុកបម្រុង ផ្ចុងផ្ដើមចំពោះព្រះសង្ឃនៅក្នុងពុទ្ធសាសនមណ្ឌល ជាពិសេសវត្តប្រាសាទនាងខ្មៅ អស់រយៈពេល១៣ឆ្នាំកន្លងទៅនេះ»។

បើតាមព្រះអង្គ ជួន កក្កដា ជាង១៣ឆ្នាំមកនេះ វត្តប្រាសាទនាងខ្មៅ ទំនុកបម្រុងដល់ព្រះសង្ឃ និងសេក្ខលោក ដែលមកគង់ និងស្នាក់នៅ ដើម្បីបន្តការសិក្សា និងអនុវត្តធម៌វិន័យ ចំនួន៤៦៧៧អង្គ និងនាក់។ នាយកសាលាពុទ្ធិកនាងខ្មៅ មានសង្ឃដីកាបញ្ជាក់ថា ក្រោយសឹកជាគ្រហស្ថហើយ ព្រះអង្គ ក៏មិនឃ្លាតឆ្ងាយពីវត្តប្រាសាទនាងខ្មៅ ដែលធ្លាប់មានអនុស្សាវរីយ៍អស់១៣ឆ្នាំនេះដែរ។ ព្រះអង្គ នឹងបន្តបំពេញកិច្ចការងារផ្សេងៗ ដើម្បីជួយទ្រទ្រង់ដល់សាមណេ ភិក្ខុ កូននេន និងសេក្ខលោក ដែលគង់ និងស្នាក់នៅវត្តប្រាសាទនាងខ្មៅ។

«តួនាទី និងភារកិច្ចនេះ ក៏មិនចប់ត្រឹមនេះដែរ មិនចប់ត្រឹមខ្ញុំករុណា អត្មាភាពលាចាកសិក្ខាបទត្រឹមនេះទេ ។ គឺតួនាទី និងភារកិច្ចនេះ នឹងនៅព្រះអង្គភិរ័ត ភិន វុទ្ធី ព្រះចៅអធិការវត្តប្រាសាទនាងខ្មៅ ហើយខ្ញុំព្រះករុណា អត្មាភាពជាគ្រហស្ថ ក៏ប៉ុន្តែនៅចូលរួមសហការធ្វើកិច្ចការងារនេះបន្ត»។ នេះបើតាមសង្ឃដីកាព្រះតេជគុណ ជួន កក្កដា ដែលបានសាងផ្នួសតាំងពីវ័យ១៣ឆ្នាំមក។

មុនពេលសាងផ្នួសនេះ ភិក្ខុ ជួន កក្កដា ជាក្មេងកំព្រាឪពុកម្ដាយ និងស្ថិតនៅក្នុងស្ថានភាពលំបាក។ ព្រះអង្គ ធ្លាប់មានសង្ឃដីការថា បើព្រះអង្គ មិនបានបួសជាបុព្វជិតទេ ប្រាកដណាស់គឺគ្មានឱកាសទទួលបានការសិក្សា មានចំណេះដឹងផ្នែកអប់រំ និងធម៌វិន័យឡើយ។ សម្រាប់ព្រះអង្គ វិស័យព្រះពុទ្ធសាសនា មានគុណបំណាច់ដល់ព្រះអង្គ៕

 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធឿន បញ្ញាឬទិ្ធ