ហ្កាហ្សា៖ មនុស្ស​យ៉ាងតិច ៣០០នាក់ ស្លាប់​ក្នុងការវាយប្រហារចាស់ដៃ​របស់អុីស្រាអែល
  • ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១០:៤៩ នាទី ព្រឹក
ហ្កាហ្សា៖ មនុស្ស​យ៉ាងតិច ៣០០នាក់ ស្លាប់​ក្នុងការវាយប្រហារចាស់ដៃ​របស់អុីស្រាអែល
សាកសពប្រជាជន​ប៉ាឡេស្ទីន​នៅក្រោយ​ហ្កាហ្សា​រងការវាយប្រហារ​សាជាថ្មី​របស់អ៊ីស្រាអែល AP - Abdel Kareem Hana

ដោយ៖ឈាង បុប្ផា (RFI ខេមរភាសា)

ប្រជាជនប៉ាឡេស្ទីន​យ៉ាងហោច ៣២០នាក់ ស្លាប់​នៅក្នុងការវាយប្រហារ​យ៉ាងសន្ធប់​របស់​កងទ័ពអ៊ីស្រាអែល នៅយប់​ថ្ងៃចន្ទ ឈាន​ចូលថ្ងៃអង្គារ​ទី ១៨​មីនា។ នេះបើតាម​ការអះអាង​របស់​ក្រសួង​សុខាភិបាល​ហាម៉ាស ដែលបន្ថែមថា ការវាយប្រហារផ្លូវអាកាស​របស់​កងទ័ព​អ៊ីស្រាអែល​សំដៅ​កន្លែងប្រមូលផ្តុំ​រស់នៅ​របស់​ប្រជាជនប៉ាឡេស្ទី នៅគ្រប់​សង្កាត់​នៃ​តំបន់​ហ្កាហ្សា។ នៅក្នុង​សេចក្តីប្រកាសព័ត៌មាន​នៅថ្ងៃនេះ ការិយាល័យ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បានបញ្ជាក់ថា អំណើះតទៅ អ៊ីស្រាអែល​នឹង​ដាក់សម្ពាធ​យោធា​ទៅលើ​ក្រុមហាម៉ាស​ដែល​មិន​ព្រម​ដោះលែង​ចំណាប់ខ្មាំងដែលនៅសេសសល់ តាម​ការចង់បានរបស់អ៊ីស្រាអែល និងអាមេរិក។

TTN-Free-Banner-In-Article-PC

អ៊ីស្រាអែលប្តេជ្ញាដាក់​សម្ពាធ​យោធា​លើក្រុមហាម៉ាស ដើម្បី​ឲ្យក្រុមនេះ ដោះលែង​ចំណាប់ខ្មាំង​ដែល​នៅសេសសល់ នៅហ្កាហ្សា។ នៅយប់​ថ្ងៃ​ចន្ទ ឈាន​ចូលថ្ងៃអង្គារ​ទី ១៨​មីនានេះ ក្រោមបញ្ជា​របស់​ការិយាល័យ​នាយករដ្ឋមន្រ្តី​បេនចាមីន នេតាន់យ៉ាហ៊ូ កងទ័ពអ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​ផ្លូវអាកាស​ទ្រង់ទ្រាយធំ ទៅលើ​ភាគខាងត្បូងហ្កាហ្សា និង​បាន​បញ្ជា​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​ចាកចេញជាបន្ទាន់ពីភាគខាងកើត​តំបន់​ហ្កាហ្សា។

យោងតាម​ក្រសួងសុខាភិបាល​ហាម៉ាស ការវាយប្រហារ​ផ្លូវអាកាស​របស់​អ៊ីស្រាអែល ទៅលើ​ជំរកតង់ ក្បែរគំនរអគារបាក់បែកកាលពីយប់​ថ្ងៃចន្ទ បាន​សម្លាប់​ប្រជាជនប៉ាឡេស្ទីន ជាង​៣០០នាក់ ដែល​ភាគច្រើន​ជាស្រ្តី​និងកុមារ។ មនុស្ស​រាប់រយនាក់ផ្សេងទៀត រងរបួស ប៉ុន្តែ គ្មានមន្ទីរពេទ្យ​ដើម្បី​ជួយសង្រ្គោះបន្ទាន់។

កងទ័ព​អ៊ីស្រាអែល​វិញ​បាន​ប្រកាស​ថា នឹង​បន្ត​ទម្លាក់គ្រាប់​យូរតទៅទៀត បើសិនជាចាំបាច់។ ប្រតិបត្តិការ​យោធា​លើកនេះ​នឹង​អាច​រាប់បញ្ចូល​អន្តរាគមន៍យោធា​ជើងគោក​ចូល​ហ្កាហ្សាសាជាថ្មី។

មាន​សមាជិក​ស៊ីវិល និង​ប្រដាប់អាវុធ​របស់ខ្លួន​ចំនួន​៥រូប​ស្លាប់នៅក្នុងការវាយប្រហារ​របស់​អ៊ីស្រាអែល ក្រុមហាម៉ាស​បានប្រកាន់​អ៊ីស្រាអែល​ថា កំពុងបំផ្លាញ​បទឈប់បាញ់ ថ្ងៃទី ១៩មករា ដែល​បាន​បើកផ្លូវ​ឲ្យមានការចរចា ដោះលែងចំណាប់ខ្មាំង​អ៊ីស្រាអែល។ 

ក្រុមហាម៉ាស​នៅបាន​ព្រមានថា ការវាយប្រហារ​របស់អ៊ីស្រាអែល​នឹង​ញុះញង់​ឲ្យមានផ្ទុះសង្រ្គាមប្រយុទ្ធគ្នា​សាជាថ្មីនៅហ្កាហ្សា ពោលគឺ​មានន័យស្មើនឹង​ការដាក់ទោស​ប្រហារជីវិត​ចំណាប់ខ្មាំង​អ៊ីស្រាអែល ដែលនៅសេសសល់​ក្នុងដៃ​របស់​ក្រុមខ្លួន។

នៅក្រោយ​អ៊ីស្រាអែលបើកការវាយប្រហារធ្ងន់ធ្ងរទៅលើ​ទឹកដីហ្កាហ្សា ​ក្រុមគ្រួសារ​របស់​ចំណាប់ខ្មាំងអ៊ីស្រាអែល​បាន​ប្រតិកម្ម​រិះគន់រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​បោះបង់ចោល​ប្រជាជន​អ៊ីស្រាអែល​ដែលកំពុង​ស្ថិតក្នុង​កណ្តាប់​ដៃ​របស់​ក្រុមហាម៉ាស។ អតីត​ចំណាប់ខ្មាំង​ម្នាក់ដែល​ក្រុមហាម៉ាស​ទើបដោះលែង​ឲ្យមាន​សេរីភាព នៅក្នុង​ក្របខ័ណ្ឌ​នៃការចរចា​ដោះដូរអ្នកទោស​បានទទូចសុំ​ឲ្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​បញ្ឈប់ជា​បន្ទាន់ ព្រោះថា ការដាក់សម្ពាធយោធា​ទៅលើ​ក្រុមហាម៉ាស នឹង​ធ្វើឲ្យ​អាយុជីវិត​របស់ចំណាប់ខ្មាំង​កាន់តែប្រឈម​គ្រោះថ្នាក់ធំ។

អ៊ីស្រាអែល​វាយតម្លៃថា នៅមាន​ចំណាប់ខ្មាំង​ប្រមាណ ៥៩នាក់ កំពុង​ស្ថិតក្នុង​ដៃ​របស់​ក្រុមហាម៉ាស ប៉ុន្តែ ទំនងមានតែ ២៤នាក់ ដែលនៅរស់រានមានជីវិត។ អំណើះតទៅអ៊ីស្រាអែល​នឹង​ប្រើកម្លាំងយោធា ដាក់សម្ពាធ​កាន់តែ​ខ្លាំង ទៅលើ​ក្រុមហាម៉ាស បន្ទាប់ពី​ក្រុមនេះ​បដិសេធ​មិន​ព្រម​ដោះលែង​ចំណាប់ខ្មាំង។ នេះ បើតាម​សេចក្តីប្រកាស​របស់​ការិយាល័យ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល។

ការវាយប្រហារសាជាថ្មី​របស់​អ៊ីស្រាអែល​ទៅលើ​ហ្កាហ្សា ដែលបាន​សម្លាប់ប្រជាជន​ស៊ីវិល​ប៉ាឡេស្ទីន​ក្នុងចំនួន​ដ៏ច្រើន​បែបនេះ កើតមានឡើង​នៅក្នុង​កាលៈទេសៈ​ដែលការចរចា​រវាង​ភាគី​ជម្លោះទាំងពីរ​នៅ​ជាប់គាំង គ្មានច្រកចេញ។ 

ក្រុមហាម៉ាស​បាន​បដិសេធ​មិន​ព្រម​ពន្យារ​បទឈប់បាញ់​ដំណាក់កាលទី​១​ទៅតាម​ការចង់បាន​របស់​អ៊ីស្រាអែល។ ទៅតាម​បទឈប់បាញ់​ដំណាក់កាលទី​១​ដែលមាន​កាតា អេហ្ស៊ីប និងអាមេរិក​ក្រោម​រដ្ឋបាលលោកចូ បៃដិន ជាអ្នកជួយសម្របសម្រួល ក្រុមហាម៉ាស​ត្រូវ​ដោះលែង ចំណាប់ខ្មាំង​៣៣នាក់ ជា​ថ្នូរនឹងការដោះលែង​អ្នកទោសនយោបាយ​ប៉ាឡេស្ទីន​ជាង​១ពាន់នាក់។ ប៉ុន្តែ រដ្ឋាភិបាលស្តាំនិយមជ្រុលរបស់​អ៊ីស្រាអែល ដែល​បានទទួលការគាំទ្រ​កាន់តែខ្លាំង​ពី​រដ្ឋបាល​លោក​ត្រាំ បាន​ទាមទារ​ឲ្យ​ក្រុមហាម៉ាស​ដោះលែង​ចំណាប់ខ្មាំង​ទាំងអស់ នៅក្នុង​ដំណាក់កាលទី១។ 

ចំពោះ​ក្រុមហាម៉ាស​ ចំណាប់ខ្មាំង​ទាំងអស់​នឹង​ត្រូវ​ដោះលែង​នៅក្នុង​ដំណាក់កាលទី​២​នៃបទឈប់បាញ់ ដែលមាន​ចែងពីការធានា​បិទបញ្ចប់សង្រ្គាម និងការដកទ័ពអ៊ីស្រាអែលចេញពីហ្កាហ្សា៕


© រក្សាសិទ្ធិដោយ thmeythmey.com

Other