- ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ម៉ោង ១១:៣០ នាទី ព្រឹក

ភ្នំពេញ៖ «សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់» ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ កាន់តែមានសមត្ថភាពប្រកួតប្រជែងជាមួយបន្លែនាំចូល ក្រោយទទួលបានផ្ទះសំណាញ់១០០ខ្នងបន្ថែម ពីក្រុមការងាររដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពត, កែប និងព្រះសីហនុ។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មាន នាថ្ងៃទី១៩ ខែមីនានេះថា ការផ្ដល់ផ្ទះសំណាញ់១០០ខ្នង ពីក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តទាំងបីនេះ នឹងជួយបន្ថែមភាពរឹងមាំមួយកម្រិតទៀតដល់ស្ថេរភាពនៃការផ្គត់ផ្គង់បន្លែពី «សហគមន៍កសិកម្មទំនើបត្រាំកក់» ទៅកាន់ទីផ្សារក្នុងស្រុក។ ពិសេស បង្កើតសមត្ថភាពប្រកួតប្រជែងផ្នែកផលិតកម្មបន្លែកម្ពុជា ជាមួយបន្លែនាំចូល។
បច្ចុប្បន្ន សហគមន៍កសិកម្មទំនើបមួយនេះ អាចផលិតបន្លែចម្រុះបានក្នុងរង្វង់ ១,៥ ទៅ ២តោនក្នុងមួយថ្ងៃ។ បន្ទាប់ពីការបន្ថែមផ្ទះសំណាញ់១០០ខ្នងទៀត បរិមាណនៃការផលិតនឹងកើនឡើងដល់៤តោនក្នុងមួយថ្ងៃ។ នេះជាការបញ្ជាក់របស់ លោក ឃឹម ហ្វីណង់ ដោយបានបន្ថែមទៀតថា ជំហាននៃការអភិវឌ្ឍ នេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការពង្រីកវិសាលភាពនៃប្រតិបត្តិការរបស់សហគមន៍កសិកម្មទំនើបនៅត្រាំកក់ ថែមទាំងបានបម្រើផលប្រយោជន៍ដោយផ្ទាល់ និងប្រយោល ដល់កសិករជាច្រើនពាន់គ្រួសារនៅក្នុងតំបន់។
លោក ឃឹម ហ្វីណង់ ប្រាប់ដូច្នេះថា៖«ការផ្តល់ជូនផ្ទះសំណាញ់១០០ខ្នង ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត, កែប និងព្រះសីហនុ ដល់កសិករជាសមាជិក និងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នឹងបន្ថែមភាពរឹងមាំមួយកម្រិតទៀតដល់ស្ថេរភាពនៃការផ្គត់ផ្គង់បន្លែពីក្នុងសហគមន៍ទៅកាន់ទីផ្សារក្នុងស្រុក និងបង្កើតសមត្ថភាពប្រកួតប្រជែងនៃផលិតកម្មបន្លែរបស់យើងជាមួយបន្លែនាំចូល។»។
ជាមួយគ្នានេះ «សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់» ក៏ទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ចំនួន ១៦២ ១៥០ដុល្លារ, ផ្លូវក្រាលកៅស៊ូប្រវែង ៥,៥គីឡូម៉ែត្រ ឬស្មើថវិកា ១ ៥០១ ២០០ដុល្លារ។ ក្រៅពីនោះ នៅមានការកែលម្អប្រព័ន្ធធារាសាស្រ្ត ដើម្បីពង្រីកផ្ទៃដីស្រោចស្រព និងប្រព័ន្ធទុយោចែកចាយទឹក សម្រាប់ផ្ទៃដីដាំដុះ ១ ១៥០ហិកតា ដែលគ្រោងចំណាយថវិកាប្រមាណ ២ ៣៨០ ០០០ ដុល្លារផងដែរ។
«សហគមន៍កសិកម្មនើបត្រាំកក់» នឹងប្រើប្រាស់មូលនិធិទាំងពីរនេះ ដោយភាពប្រុងប្រយ័ត្ន ដើម្បីជួយកសិករឱ្យទទួលបានប្រយោជន៍ច្រើនបំផុត និងធានាបាននិរន្តរភាព។ នេះបើតាម លោក ឃឹម ហ្វីណង់។
នៅឆ្នាំ ២០២៤ ក្រសួងកសិកម្ម បង្កើតបានសហគមន៍កសិកម្មទំនើបចំនួន ១០កន្លែង។ ការបង្កើតសហគមន៍កសិកម្មទំនើបនៅពេលនេះ គឺដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ការចងក្រងសហគមន៍កសិកម្មទំនើប ជួយឱ្យកសិករទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួលបានទុនកម្ចីក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម។
សហគមន៍កសិកម្មទំនើប គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្ម រួមគ្នាក្នុងទ្រង់ទ្រាយធំ នៅក្នុងវិស័យកសិកម្ម ដែលចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០២៣។ លក្ខខណ្ឌក្នុងការចូលជាសហគមន៍កសិកម្មទំនើប គឺត្រូវមានសមាជិកចាប់ពី៥០គ្រួសារឡើង៕

