អភិបាលខេត្តរតនគិរីឱ្យមន្ត្រីធ្វើបញ្ជី និងប្រវត្តិ «ឆ្កែ» តាមផ្ទះ ដើម្បីពង្រឹងសុវត្ថិភាព និងអនាម័យ
  • ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១១:៣៤ នាទី ព្រឹក
អភិបាលខេត្តរតនគិរីឱ្យមន្ត្រីធ្វើបញ្ជី និងប្រវត្តិ «ឆ្កែ» តាមផ្ទះ ដើម្បីពង្រឹងសុវត្ថិភាព និងអនាម័យ

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី កាលពីពេលថ្មីៗកន្លងមកនេះ បានបញ្ជាទៅអាជ្ញាធរមូលដ្ឋានឱ្យធ្វើបញ្ជីវត្តមានសត្វឆ្កែដែលចិញ្ចឹមនៅតាមផ្ទះ ជាពិសេសតាមដងផ្លូវ ក្នុងគោលបំណងពង្រឹងសុវត្ថិភាពចរាចរណ៍ និងអនាម័យនៅទីសាធារណៈ។
TTN-Free-Banner-In-Article-PC


«ផ្ទះទីប៉ុន្មាន ចិញ្ចឹមឆ្កែប៉ុន្មានក្បាល ឆ្កែឈ្មោះអី អាយុប៉ុន្មាន មានប្រវត្តិធ្លាប់ខាំទេ មានប្រវត្តិធ្លាប់ឡានប៉ះប៉ុន្មានដង ម៉ូតូបុកប៉ុន្មានដង  ធ្លាប់បាក់ជើងយ៉ាងម៉េច ឱ្យមានប្រវត្តិទាំងអស់មក»។ លោក ញ៉ែម សំអឿន បានណែនាំយ៉ាងដូច្នេះ ដោយលោកកត់សម្គាល់ថា ការចិញ្ចឹមសុនខតាមផ្លូវ បណ្តាលឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ទាំងជាមួយម៉ូតូ និងរថយន្ត ហើយថែមទាំងមានមនុស្សស្លាប់ថែមទៀតផង។

តាមរយៈសារសំឡេងប្រមាណ៣នាទីនោះផងដែរ លោកអភិបាលរតនគិរី ក៏បានគូសបញ្ជាក់អំពីបញ្ហាអនាម័យមួយចំនួនដែលបង្កឡើងដោយសុនខ ដូចជា ជុះអាចម៌តាមផ្លូវ និងកាយសំរាមពេញនៅតាមទីសាធារណៈ។ «បើស្រឡាញ់ឆ្កែពេក ចិញ្ចឹមក្នុងរបងផ្ទះយើងទៅ ឬក្នុងបន្ទប់ដេកយើងទៅ ចងវាទៅ ឬក៏មានទ្រុងដាក់វាទៅ»។ លោកបានក្រើនរំលឹកយ៉ាងដូច្នេះ ដោយឱ្យពលរដ្ឋនៅតាមដងផ្លូវ ចេះគ្រប់គ្រងសត្វដែលខ្លួនចិញ្ចឹម។

លោក ញ៉ែម សំអឿន អះអាងថា លោកធ្លាប់បានជជែករួចហើយអំពីរឿងគោ ក្របី ជ្រូក ពពែ មាន់ ទា ហើយលោកចង់ផ្តល់អារម្មណ៍ទៅលើសត្វឆ្កែ ដោយសារតែមានករណីគ្រោះថ្នាក់ច្រើន ដោយខ្លួនលោកផ្ទាល់ក៏ធ្លាប់ប៉ះពារផងដែរ។

ការតម្រូវឱ្យស្រង់បញ្ជីវត្តមានសត្វឆ្កែ ត្រូវបានលោកអភិបាលខេត្តពន្យល់ថា វានឹងមានភាពងាយស្រួលក្នុងការកំណត់ភិនភាគ ហើយមេភូមិអាចតាមរកម្ចាស់ឆ្កែបានភ្លាមៗ ករណីមានគ្រោះថ្នាក់។ «គ្រោះថ្នាក់ត្រូវសងគេ មើលអាហ្នឹងមែនទែន មិនមែនលេងសើចទេ បញ្ជីវត្តមានអ្នកចិញ្ចឹមឆ្កែ បើមិនយកចិត្តទុកដាក់ស្អីក៏អត់ចេញដែរ»។ លោក ញ៉ែម សំអឿន ណែនាំយ៉ាងដូច្នេះទៅកាន់មន្ត្រីក្រោមឱវាទ។

 

អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com

រួបរួម