កីឡាករបាល់ទាត់វ័យ ២៥ឆ្នាំលះបង់ជីវិតជួយជីវិតអ្នកដទៃ ក្នុងហេតុការណ៍ភ្លើងឆេះ​ក្លិបកម្សាន្ត
  • ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ១២:០០ នាទី រសៀល
កីឡាករបាល់ទាត់វ័យ ២៥ឆ្នាំលះបង់ជីវិតជួយជីវិតអ្នកដទៃ ក្នុងហេតុការណ៍ភ្លើងឆេះ​ក្លិបកម្សាន្ត

កីឡាករ ​Andrej Lazarov វ័យ ២៥ឆ្នាំ បានស្លាប់បាត់បង់ជីវិត ព្រោះតែស្រូបផ្សែងលើស កម្រិត បន្ទាប់ពីរូបគេ ព្យាយាមជួយសង្គ្រោះជនរងគ្រោះ ក្នុងហេតុការណ៍​​ឆេះក្លិបកម្សាន្ត​មួយកន្លែង ដែលបានសម្លាប់មនុស្សសរុប ៥៩នាក់ និងមនុស្ស​របួស ១៥៥នាក់ ក្នុង​ប្រទេសម៉ាសេដ្វានខាងជើង។

TTN-Free-Banner-In-Article-PC

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១៦ ខែមីនា ដោយភ្លើងចាប់ផ្តើមឆេះ​តាំងពីម៉ោង​ដំបូង​ដែលកម្មវិធីកម្សាន្តចាប់ផ្តើម ក្នុងទីតាំងក្លិបកម្សាន្តឈ្មោះ​ Pulse Nightclub ក្នុងទីក្រុង Kocani ដែលមានមនុស្សចូលរួមជាង ១ ០០០នាក់ ក្នុងកម្មវិធីប្រគំតន្ត្រីមួយ។

ខ្សែបម្រើវ័យ ២៥ឆ្នាំ ដែលលេងឱ្យក្លិប ​Shkupi ក្នុងលីគម៉ាសេដ្វានខាងជើង ក៏ជា​មនុស្ស​ម្នាក់ ស្ថិត​ក្នុងទីកន្លែងក្លិបកម្សាន្តនោះដែរ។ បើតាម​សេចក្តីថ្លែងការណ៍របស់ក្លិប FC Shkupi ដែលត្រូវបង្ហោះដោយកាសែត​ Daily Mail កីឡាករខ្សែបម្រើ Lazarov បាន​លះបង់ជីវិត ដោយពុលផ្សែង បន្ទាប់ពីរូបគេ​បានជួយជម្លៀសជន​រងគ្រោះដទៃ​ក្នុង​ហេតុការណ៍ភ្លើងឆេះ។

បើតាមការអះអាងរបស់រដ្ឋមន្ត្រីមហាផ្ទៃ លោក Pance Toskovski ការឆាបឆេះបង្ក​ឡើង​នៅ​ពេលដែល មានការបាញ់កាំជ្រួចភ្លើង លើឆាកប្រគំតន្ត្រី ហើយវាបាន​ប៉ះជាមួយនឹងពិដាន ដែលបង្កជាការឆេះឡើង។

នៅពេលឧបទ្ទវហេតុនេះបានកើតឡើងភ្លាម ក្រុមការងារប្រគំតន្ត្រីមួយចំនួន ក៏​បាននាំ​គ្នា​ជួយ​ពន្លត់អណ្តាតភ្លើងដែលឆេះដែរ ខណៈអ្នកចូលមានភាពស្លន់ស្លោរ រហូតខ្លះរត់ជាន់គ្នា ដើម្បីគេចចេញពីភ្លើងឆេះ។

អាជ្ញាធរតំបន់ ក៏បានអះអាងទៀតថា ភាគច្រើនមនុស្សដែលបានស្លាប់ក្នុងហេតុការណ៍ មានវ័យចន្លោះពី ១៤ ទៅ ២៥ឆ្នាំ។

ដោយឡែកសម្រាប់កីឡាករ Andrej Lazarov រូបគេបានលេងឱ្យក្លិប Shkupi ដោយផ្លាស់​ចូលដំបូងកាលពីខែកញ្ញា​ ឆ្នាំ ២០២៤ ហើយរូបគេក៏ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ​ដ៏​ឆាប់​រហ័ស ព្រោះអត្តចរិតល្អរបស់គេ និងការជួយដល់កីឡាករដទៃ លើទីលាន។ កីឡាករវ័យ ២៥​ឆ្នាំ ថែមទាំងទទួលបានការសរសើរខ្លាំង ពី​មិត្តរួមក្រុម ថាជាមនុស្សចេះជួយ​ដល់អ្នកដទៃ មិនអាត្មានិយម។

នៅមុនពេលផ្លាស់ទៅក្លិប ​Shkupi កីឡាករ ​​Lazarov ក៏ធ្លាប់បានលេងនៅតាមក្លិបមួយចំនួន​ក្នុង​ប្រទេសម៉ាសេដ្វានខាងជើង ដោយរូបគេកើតចេញពីកម្រិតយុវជន រហូតក្លាយជា​កីឡាករអាជីព។  មិនថាស្ថិតនៅក្លិបណាក៏ដោយ កីឡាករវ័យ ២៥ឆ្នាំ ដដែលតែងតែមាន​អត្តចរិកល្អ​ចំពោះមិត្តរួមក្រុម និងចេះជួយគ្នាទៅវិញទៅមក។ ការលះបង់ជីវិតរបស់គេ​ជួយជនរងគ្រោះក្នុងហេតុការណ៍ភ្លើងឆេះ បានធ្វើឱ្យមនុស្សជាច្រើន​ចាត់ទុករូបគេជាវីរបុរសមួយរូបផងដែរ៕


អ្នកសរសេរអត្ថបទ

អ្នក​យកព័ត៌មាន​កីឡា

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ជា យូគៀង