ប្រធានសហព័ន្ធគុនខ្មែរ ហាមកីឡាករយក«គុនខ្មែរ» ធ្វើជាឈ្នាន់ដើម្បី​ប្រយោជន៍បុគ្គល
  • ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ២:១២ នាទី រសៀល
ប្រធានសហព័ន្ធគុនខ្មែរ ហាមកីឡាករយក«គុនខ្មែរ» ធ្វើជាឈ្នាន់ដើម្បី​ប្រយោជន៍បុគ្គល
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រូបពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ

លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សំណូមពរឲ្យកីឡាករ-កីឡាការិនី គ្រូ​បង្វឹក មន្ដ្រីកីឡាប្រដាល់គុនខ្មែរ អ្នកគ្រប់គ្រងការផលិតមាតិកាលើបណ្តាញសង្គម ​(Admin) និងភាគីពាក់ព័ន្ធទាំងអស់ ដោះស្រាយបញ្ហាជាមួយគូវិវាទ តាមរយៈការសន្ទនា​តាម​​ឆាតផ្ទាល់ខ្លួន ឬក៏ការជែករកដំណោះស្រាយ ជាជាងបង្ហោះសារឌឺដងគ្នា ជា​សាធារណៈ​។ ប្រធានសហព័ន្ធរូបនេះ បន្ថែមទៀតថា វិវាទភាគច្រើន កើតចេញពីការប៉ះ​ពាល់​ប្រយោជន៍ផ្ទាល់ខ្លួន ប៉ុន្ដែអ្នកទាំងនោះ បានយកគុនខ្មែរបាំងមុខ ដែលជាហេតុនាំឲ្យ​ជះឥទ្ធិពលអាក្រក់ ដល់ប្រយោជន៍កីឡាអត្ដសញ្ញាណជាតិមួយនេះ។

TTN-Free-Banner-In-Article-PC

ការបង្ហោះសារ ឌឺដង និងជេប្រមាទគ្នា លើបណ្ដាញសង្គម ស្ទើរតែក្លាយជាទម្លាប់សម្រាប់​មនុស្សមួយចំនួន ជាពិសេសបុគ្គលមហាជន និងអ្នកដែលមានប្រជាប្រិយភាពខ្លាំង មិនថា​ជាអ្នកលក់អនឡាញ, តារាសម្ដែង, តារាចម្រៀងជាដើម។ ក្នុងវិស័យកីឡា មួយរ​យៈចុងក្រោយនេះ ការបង្ហោះសារឌឺដង ឈ្លោះទាស់ទែងគ្នា និងជេរប្រមាថ ក៏មានមួយចំនួនដែរ ជាពិសេសវិស័យកីឡាដែលមានប្រជាប្រិយភាព ដូចជាប្រដាល់គុនខ្មែរ បាល់ទាត់ បាល់ទះ ជាដើម។

ជាឧទាហរណ៍ អ្នកគាំទ្រជាច្រើន រិះគន់ និងជេរប្រមាថកីឡាករបាល់ទាត់, កីឡាករ ជេរ​មន្ដ្រី​​អាជ្ញាកណ្ដាល, គ្រូបង្វឹក ឈ្លោះគ្នាជាមួយ អ្នកផលិតមាតិកាគុនខ្មែរ, កីឡាករ ធ្វើ​ពហិការមិនប្រកួតសង្វៀនឯកជន ជាដើម។ល។ ករណីជម្លោះទាំងនេះ បានកើតឡើង​ក្នុងកាលពីអំឡុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ហើយករណីខ្លះស្ថិតក្នុង ដែនសមត្ថកិច្ច​របស់សហព័ន្ធកីឡាជាតិ និងខ្លះទៀតជាជម្លោះរវាងបុគ្គល និងបុគ្គល ដែលស្ថិតក្រៅ​ដែនសមត្ថកិច្ចរបស់សហព័ន្ធកីឡាជាតិ។

លោក ខូវ ឆាយ យល់ថា នេះគឺដោយសារតែទំនោរសង្គមនៅក្នុងសម័យបច្ចេកវិទ្យា ដែល​ជំរុញឲ្យបុគ្គលមួយចំនួន ប្រើប្រាស់បណ្ដាញសង្គម យកមកឈ្លោះទាស់ទែងគ្នា។ ដោយ​ឡែក នេះគឺជាសិទ្ធិ និងឯកជនភាពរបស់បុគ្គលម្នាក់ៗ ក្នុងការបញ្ចេញមតិ ឬក៏​ផុស​លើ​បណ្ដាញសង្គម។ 

ប្រធានសហព័ន្ធរូបនេះ បញ្ជាក់ថារូបលោក មិនមានសិទ្ធិក្នុងការដោះស្រាយបញ្ហាជម្លោះ​បុគ្គលឡើយ។ ប៉ុន្ដែដើម្បីដោយសារបុគ្គលទាំងនោះ​​​ជាភាគីពាកព័ន្ធនឹងវិស័យកីឡាគុនខ្មែរ លោក ខូវ ឆាយ គ្រាន់តែអាចជួយសម្របសម្រួលប៉ុណ្ណោះហើយចំពោះការធ្វើតាម ឬមិន​ធ្វើ​តាម គឺស្ថិតនៅលើភាគីជម្លោះ។ ទោះជាសិទ្ធិបុគ្គលក្នុងការបញ្ចេញមតិក៏ដោយ ភាគី​ជម្លោះ មិនត្រូវធ្វើឲ្យហួសព្រំដែននៃសិទ្ធិខ្លួនឯង ឬជេរប្រមាថភាគីម្ខាងទៀតឡើយ ដែលហេតុនាំឲ្យ​មានទោសខុសនឹងច្បាប់ទៅវិញ។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាម ថា៖«នេះ គឺជាសិទ្ធិបុគ្គល ប៉ុន្ដែខ្ញុំក៏បានសំណូមពរ ទៅភាគីពាក់ព័ន្ធក្នុងការរួបរួមគ្នា ធ្វើការ​ផ្សព្វផ្សាយគុនខ្មែរ ប៉ុន្ដែទាក់ទងរឿងជម្លោះនោះ គឺជាជម្លោះបុគ្គល។ ដូច្នេះយើង មិនអាច​លូកលាន់បានដែរ។»។

ជម្លោះក្នុងវិស័យកីឡានេះ ភាគច្រើនកើតចេញពីការប៉ះពាល់ផលប្រយោជន៍បុគ្គល ហើយ​បុគ្គលទាំងនោះ គឺជាអ្នកពាក់ព័ន្ធនឹងវិស័យកីឡាគុនខ្មែរ។

«មនុស្សមួយចំនួន ធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ហើយបើធ្វើអ្វីប៉ះពាល់ប្រយោជន៍គ្នា នឹង​បង្កឲ្យកើតជាជម្លោះ។ ជម្លោះកើតឡើងភាគច្រើន គឺដោយសារប៉ះពាល់ផលប្រយោជន៍។ បញ្ហានេះ យើងពិបាកនឹងដោះស្រាយបន្ដិច ដោយសារតែប៉ះពាល់ប្រយោជន៍រៀងខ្លួន។»។

​លោក ខូវ ឆាយ សំណូមពរឲ្យអ្នកទាំងនោះ ព្យាយាមសម្របសម្រួលគ្នា ដោយ​ផ្អែក​លើ​ស្មារតីរួបរួមផ្សព្វផ្សាយដើម្បីប្រយោជន៍គុនខ្មែរ ដើម្បីប្រយោជន៍ជាតិ និងប្រព្រឹត្តទង្វើ​ដែល​ធ្វើឲ្យប៉ះពាល់ដល់វិស័យគុនខ្មែរ៕


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

គឹម មករា