សមាជិកក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ នឹងទទួលបានប្រាក់សោធន និងប្រាក់លំហែមាតុភាព
  • ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ២:៤២ នាទី រសៀល
សមាជិកក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ នឹងទទួលបានប្រាក់សោធន និងប្រាក់លំហែមាតុភាព
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ រូបពី STPM

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចផ្ដល់ប្រាក់សោធន និងប្រាក់លំហែមាតុភាព ដល់សមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដែលបានជាប់ឆ្នោតលើសពី ៣ អាណត្តិ និងដំឡើងប្រាក់ឧបត្ថម្ភដល់មន្ត្រីភូមិ។ ប្រមុខរាជរដ្ឋាភិបាល ប្រកាសដូច្នេះ នៅក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ដីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ កាលពីថ្ងៃទី១៨ ខែមីនា។

TTN-Free-Banner-In-Article-PC

នាយករដ្ឋមន្ត្រី អះអាងថា បានជជែកជាមួយ រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីការជួយគាំពារបន្ថែម ដល់សមាជិកក្រុមប្រឹក្សារដ្ឋបាល ថ្នាក់ក្រោមជាតិ។ ហេតុនេះ សម្ដេច ហ៊ុន ម៉ាណែត ណែនាំឱ្យសមាជិកក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ប្រឹងប្រែងបម្រើប្រជាពលរដ្ឋ។ 

សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះ៖ «សូមឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងមហាផ្ទៃ មុខងារសាធារណៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាជាតិគាំពារសង្គមជាដើម សិស្សាឱ្យបានល្អិតល្អន់ ទាំងលើលទ្ធភាព ក្របខ័ណ្ឌពេល និងជម្រើសនានា សម្រាប់ផ្ដល់ប្រាក់សោធន ឬប្រាក់ឧបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដែលបានជាប់ឆ្នោតលើសពី ៣អាណត្តិ ឡើងទៅ ក៏ដូចជាបង្កើនប្រាក់ឧបត្ថម្ភ ដល់ថ្នាក់ដឹកនាំភូមិ។ អ៊ីចឹង ជាគោលការណ៍ ឯកភាពហើយ គ្រាន់តែឱ្យសិក្សាលម្អិត ថាដំឡើងពេលណា ដំឡើងក្នុងទំហំណា នឹងធ្វើជាជំហានៗជូន។»។ 

ពីវេទិការដដែល សម្ដេចនាយករដ្ឋមន្ត្រី ក៏បានសម្រេច ផ្ដល់ប្រាក់លំហែមាតុភាពសម្រាប់សមាជិកក្រុមប្រឹក្សាជាស្ត្រីដែរ ហើយសង្ឃឹមថា ក្រុមបច្ចេកទេស នឹងរៀបចំក្នុងពេលឆាប់ៗ ហើយអនុវត្តនៅឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦។ សម្ដេច ចាត់ទុកក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិជាតួអង្គសំខាន់នៅជួរមុខ ដែលត្រូវគិតគូរ និងផ្ដល់កិច្ចគាំពារ។ 

កន្លងមកមន្ត្រីនយោបាយ ពុំទទួលបានប្រាក់សោធនឡើយ។ ចំណែក សមាជិកក្រុមប្រឹក្សារដ្ឋបាលថ្នាក់ភូមិ ទទួលបានប័ណ្ណសមធម៌។ លុះដល់ឆ្នាំ២០២៤ ខែមីនា សម្ដេច ហ៊ុន ម៉ាណែទ ក៏សម្រេចផ្ដល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)៕ 


អ្នកសរសេរអត្ថបទ
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ឡាយ សុភាវតី