- ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៣:០២ នាទី រសៀល

កាលពីឆ្នាំ ២០២១ ក្នុងការប្រកួតជើងឯកបាល់ទាត់ Euro 2020 កីឡាករ Christian Eriksen របស់ក្រុមជម្រើសជាតិដាណឺម៉ាក បានដួលនៅលើទីលានដោយសារគាំងបេះដូង។ សំណាងល្អ គ្រូពេទ្យបានធ្វើឱ្យបេះដូងខ្សែបម្រើ Manchester United ដំណើរការឡើងវិញ។ នៅឆ្នាំដដែលនោះ Sergio Aguero អតីតកីឡាករ Manchester City បានប្រកាសចូលនិវត្តន៍ បន្ទាប់ពីរងការឈឺទ្រូងដែលបណ្តាលមកពីបញ្ហាបេះដូង អំឡុងពេលប្រកួត។ លោក ស្វាយ ដូត ជំនួយការសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទទួលមរណភាពក្នុងអាយុ៥៥ឆ្នាំ នៅល្ងាចថ្ងៃទី១៨ ខែមីនាដោយសារគាំងបេះដូង អំឡុងការប្រកួតបាល់ទាត់មិត្តភាពអន្តរក្រសួង ស្ថាប័ន នៅទីលានវិទ្យាល័យបឹងត្របែក។
ករណីគាំបេះដូង អំឡុងពេលប្រកួត ឬលេងកីឡាកើតឡើងច្រើនមកហើយ មិនថាលើកីឡាករអាជីព ឬអ្នកហាត់ប្រាណធម្មតា។ កីឡាករបាល់ទាត់ Eriksen, Sergio Aguero និងអតីតអ្នកចាំទី Iker Casillas សុទ្ធតែធ្លាប់មានប្រវត្តិគាំងបេះដូង នៅលើទីលាន និងពេលហ្វឹកហាត់ ប៉ុន្តែត្រូវបានជួយសង្គ្រោះទាន់ពេល។ អ្នកទាំងបី សុទ្ធតែមានកាយសម្បទាមាំមួន និងមានសុខភាពល្អប្រសើរ។
នៅកម្ពុជា បញ្ហាគាំងបេះដូងអំឡុងពេលលេងបាល់ទាត់ ក៏ធ្លាប់កើតឡើងច្រើនករណី រហូតដល់បាត់បង់ជីវិតផងដែរ ទាំងលើយុវជនពេញកម្លាំង និងមនុស្សចាស់។ ជារឿងអកុសល្យ ក្នុងជំនួបប្រកួតបាល់ទាត់មិត្តភាពអន្តរក្រសួង ស្ថាប័ន នៅថ្ងៃទី១៨ ខែមីនា លោក ស្វាយ ដូត ជំនួយការសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទទួលមរណភាពក្នុងអាយុ៥៥ឆ្នាំ ដោយសារគាំងបេះដូង។ អំឡុងជំនួបនោះ លោក ស្វាយ ដូត ដែលទើបប្តូរចូលមិនដល់៥នាទីផង ក៏ដួលលើទីលាននៃវិទ្យាល័យបឹងត្របែក ក្រោយព្យាយាមរត់ដេញបាល់គូប្រជែង។ ភ្លាមៗលោកបានងើបឡើងវិញ ហើយក៏ដួលលជាលើកទីពីរ នៅពេលលោកដើរចេញពីទីលាន។
ជុំវិញបញ្ហាគាំងបេះដូង លោកវេជ្ជបណ្ឌិត Reginald Liew អ្នកជំនាញខាងជំងឺបេះដូងនៅមន្ទីរពេទ្យ Mount Elizabeth Hospitals នៅសិង្ហបុរី ពន្យល់ថា មនុស្សមួយចំនួន រួមទាំងអត្តពលិកអាជីព ដែលមើលទៅមានកាយសម្បទារឹងមាំ និងមានសុខភាពល្អ ប៉ុន្តែពួកគេនៅតែប្រឈមនឹងស្ថានភាពចង្វាក់បេះដូងគ្រោះថ្នាក់ភ្លាមៗ។ លោក Liew បន្ថែមថា ភាគច្រើនបញ្ហាគាំងបេះដូង អាចនឹងកើតឡើងជាលើកដំបូង ហើយកើតឡើងភ្លាមៗពេលចូលរួមលេងកីឡា។
ការការពារពីការស្លាប់ដោយសារគាំងបេះដូងក្នុងពេលលេងកីឡា
ប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យនៃការស្លាប់ដោយគាំងបេះដូងពេលលេងកីឡា គឺការទទួលការពិនិត្យសុខភាពទៀងទាត់ និងការកម្តៅសាច់ដុំមុនប្រកួត។
អ្នកលេងកីឡា ត្រូវជៀងវាងមានជំងឺបេះដូង និងប្រវត្តិវេជ្ជសាស្ត្រដែលមានគ្រួសារធ្លាប់មានជំងឺសរសៃឈាមបេះដូង រួមជាមួយ សញ្ញាមិនប្រក្រតីអំឡុងពេលហាត់ប្រាណ ដង្ហើមខ្លី សន្លប់ វិលមុខ ញ័រទ្រូង និងឈឺទ្រូងជាដើម។
ការសង្គ្រោះជីវិតអត្តពលិកគាំងបេះដូង អំឡុងពេលប្រកួត
គួមានឧបករណ៍ស្វ័យប្រវត្តិ (AED) ដែលជាឧបករណ៍អេឡិចត្រូនិកចល័ត ដើម្បីធ្វើរោគវិនិច្ឆ័យដោយស្វ័យប្រវត្តិនូវចង្វាក់បេះដូងនៅពេលមានការប្រកួត។ AED អាចវាស់ និងសម្រួលចង្វាក់បេះដូងមិនធម្មតាឱ្យត្រឡប់មកប្រសើរវិញ ដោយប្រើការឆក់អគ្គិសនី។ ឧបករណ៍ AED ត្រូវបានទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ផងដែរ៕