កត្តាគោលនយោបាយ, ផ្ទៃក្នុង និង​ការចូលរួម​ពីគ្រប់ភាគី ជួយក្រសួងមុខងារសម្រេច​សមិទ្ធផលជាច្រើន
  • ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ​​ ម៉ោង ៣:២៩ នាទី រសៀល
កត្តាគោលនយោបាយ, ផ្ទៃក្នុង និង​ការចូលរួម​ពីគ្រប់ភាគី ជួយក្រសួងមុខងារសម្រេច​សមិទ្ធផលជាច្រើន
លោក​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ។

ភ្នំពេញ៖ ពីពិធី​បើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការ ងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ» លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ បាន​បង្ហាញពី​ភាព​ជោគជ័យ​ដែលក្រសួង​សម្រេច​បាន​ ដោយ​ឈរ​លើ​កត្តាចំនួន៣។ បើតាម​លោក​រដ្ឋមន្រ្តី​ កត្តាទាំង៣ រួមមាន កត្តាគោលនយោបាយ, កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ និង​កត្តា​ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ ដែលចូលរួមសហការ។

TTN-Free-Banner-In-Article-PC

លោកឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចូល​រួម​ក្នុង​ពិធី​បើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ​ឆ្នាំ​២០២៥ របស់ក្រសួងមុខងារសាធារណៈ» នៅថ្ងៃទី​១៩ ខែមីនានេះ។ ថ្លែងក្នុងពិធីបើកនាពេលនេះ លោក ហ៊ុន ម៉ានី​ បានលើកឡើងអំពីសមិទ្ធផលជាច្រើន​ ដែលក្រសួងសម្រេច​​បាន​កន្លង​មក​នេះ។

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បាន​លើកពីកត្តាគោលនយោបាយ និងយុទ្ធសាស្ត្រ​ដ៏​ត្រឹម​ត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ។ ទន្ទឹម​នឹងនេះ កត្តាផ្ទៃ​ក្នុង​នៃ​ក្រសួងមុខងារសាធារណៈ បានរួម​ចំណែក​ដល់​ការ​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិ​បាល។ លោក ហ៊ុន ម៉ានី បញ្ជាក់បន្ថែមថា៖«ដោយសារតែយើងមានចក្ខុវិស័យ និង​ផែន​ការ​​ច្បាស់លាស់ មានរចនាសម្ព័ន្ធការងារត្រឹមត្រូវ មានប្រព័ន្ធការងារល្អ និងជាពិសេសមាន ថ្នាក់​ដឹកនាំនិងមន្ត្រីគ្រប់កម្រិត ដែលមានជំនាញសមត្ថភាពខ្ពស់ និងមាន​ទទួលខុសត្រូវ ខ្ពស់​​ទៅតាមជំនាញ និងភារកិច្ចរៀងៗខ្លួន»។ 

សមិទ្ធផល​ជាច្រើន ដែល​ក្រសួង​មុខងារសាធារណៈ ទទួល​បាន ​ក៏​កើតចេញ​ពីការ​ចូលរួម​របស់​ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំង​អស់​​ដែរ​។ លោក ហ៊ុន ម៉ានី បន្ត​ថា ការ​ចូលរួមសហការ សម្របសម្រួល និងគាំទ្ររបស់​ក្រសួង​ស្ថា​ប័ន​ ដោយ​ឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ឈានទៅសម្រេច​សមិទ្ធ​ផល ដែល​ជាគោលបំណងរួមគ្នា ក្នុងប្រយោជន៍ នៃការកសាងរដ្ឋបាល​សាធារណៈ​ទំនើបរបស់កម្ពុជា​។

«ខ្ញុំ​ពិតជាមានមោទនភាពណាស់ ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារ​សាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលបាន​និងកំពុងចូលរួមចំណែក​ដល់​ការលើកកម្ពស់អភិបាលកិច្ច ក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់​ក្នុងការ​ជំ​រុញ​ល្បឿននៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។»។ លោក ហ៊ុន ម៉ានី បន្ត​លើក​ឡើង​ដូច្នេះ។ 

សូម​បញ្ជាក់ថា សម្ដេចនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងធ្វើអធិបតី ក្នុងពិធី​បិទ​សន្និបាត ការងារក្រសួងមុខងារ ដែលនឹងប្រព្រឹត្តទៅ នៅ​​ព្រឹកថ្ងៃទី​២០ មីនា៕



អ្នកសរសេរអត្ថបទ

ញឹក ស្រីល័ក្ខ  (Nhek Sreyleak) ចូលបម្រើក្នុងស្ថាប័នសារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០១៦ ដោយចាប់ការងារជាអ្នកហាត់ការ។ បច្ចុប្បន្ន ស្រីល័ក្ខ ជានិពន្ធនាយិការង ដែលទទួលបន្ទុកផ្នែកព័ត៌មានសង្គម។     ស្រីល័ក្ខ ស្រឡាញ់អាជីពអ្នកសារព័ត៌មានតាំងពីកុមារភាព។ ក្រោយប្រឡូកក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ស្រីល័ក្ខ ទទួលបានរហស្សនាមថា «នាងថ្មីៗ»។    ស្រីល័ក្ខ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មាន និងគមនាគមន៍នៅសាកលវិទ្យាល័យកម្ពុជា។ បច្ចុប្បន្ន ស្រីល័ក្ខ កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ញឹក ស្រីល័ក្ខ