- ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៣:៥៩ នាទី រសៀល

ក្រុមហ៊ុន TikTok នៅថ្ងៃទី១៩ ខែមីនា បានប្រកាសបើកឱ្យអ្នកផលិតមាតិកានៅប្រទេសកម្ពុជា អាចរកចំណូលតាមរយៈគោលការណ៍ Subscription ខណៈមុខងារ TikTok Creativity Program មិនត្រូវបានបញ្ជាក់ឡើយ។
TikTok ជាបណ្តាញសង្គមដ៏ល្បីមួយនៅកម្ពុជា ដោយមានអ្នកប្រើប្រាស់ជាច្រើនម៉ឺននាក់ ដោយក្នុងនោះរួមមាននិស្សិត អាជីវករ និងអ្នកបង្កើតមាតិកាជាដើម។ តាមការស្នើសុំពីអ្នកបង្កើតមាតិកានៅកម្ពុជា និងមានការសម្របសម្រួលពីរដ្ឋាភិបាល បណ្តាញសង្គម TikTok បានបើកគោលការណ៍ Subscription ដែលអាចឱ្យអ្នកបង្កើតមាតិការកចំណូលបានបន្ថែម។
«ដូចនេះ នៅពេលអ្នកគ្រប់ចំនួន Follower។ ខ្ញុំចង់បានន័យថាច្រើនជាង ១ម៉ឺន Follower អ្នកនឹងមានមុខងារមួយនេះ»។ លោក Ithikorn Tritasavit ប្រធានគោលនយោបាយសាធារណៈប្រចាំនៅថៃ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បានបញ្ជាក់បែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន TikTok ក្នុងថ្ងៃទី១៩ ខែមីនា។
រូបភាព Thien Phearin
ក្រោមគោលការណ៍ Subscription អ្នកតាមដាន (Follower) អាចបង់ប្រាក់ (Subscribe) សម្រាប់អ្នកផលិតមាតិកាណាមួយ ដោយមានតម្លៃប្រចាំខែពី២ដុល្លារ ដល់ ១០ដុល្លារ។
តាមរយៈវេទិកាដែលរៀបចំនៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រធានគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុនTikTok បានបន្តថា អ្នកបង្កើតមាតិកាដែលមានអ្នកតាមដានយ៉ាងហោច ១ម៉ឺនគណនី និងមានចំនួនអ្នកមើលចំនួន ១លានដង អាចទទួលបានប្រាក់រង្វាន់បន្ថែម ២០ភាគរយនៃទឹកប្រាក់ដែលផ្តល់ដោយបណ្តាញសង្គម TikTok។ ប្រសិនបើចំនួនអ្នកបង់ប្រាក់សម្រាប់គណនីTikTok បន្តកើនឡើង ចំណូលនឹងកើនឡើងបន្ថែម។
យ៉ាងណាមិញ ក្រុមហ៊ុន TikTok មិនបានបញ្ជាក់ពីគោលការណ៍រកលុយ TikTok Creativity Program នៅឡើយ។ គោលការណ៍មួយនេះ មានតែនៅប្រទេសមួយចំនួនប៉ុណ្ណោះ ដូចជា អាម៉េរិក, អង់គ្លេស, អាល្លឺម៉ង់, ជប៉ុន, កូរ៉េខាងត្បូង, បារាំង និងប្រេស៊ីលប៉ុណ្ណោះ។
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៩ ខែមីនា បានអំពាវនាវឱ្យអ្នកផលិតមាតិកាពង្រឹងគុណភាពវីដេអូរបស់ខ្លួន ហើយក្រសួងនឹងខិតខំបន្ថែមទៀត ដើម្បីឱ្យអ្នកបង្កើតមាតិកាអាចរកចំណូលពីបណ្តាសង្គមផ្សេងទៀតដូចជា Facebook ជាដើម៕