- ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:៥៩ នាទី ល្ងាច

ភ្នំពេញ៖ ក្រុមហ៊ុនផលិតចំណីសត្វចំនួន៦ បានចុះកិច្ចព្រមព្រៀងប្រមូលទិញពោតក្រហម ក្នុងចំនួន ១៨៩ ០០០តោន និងដំឡូងមីក្នុងបរិមាណ ៨១ ៦០០តោន ពីកសិករកម្ពុជា។ មិនត្រឹមប៉ុណ្ណឹងទេ ក្រុមហ៊ុនទាំងនេះ ក៏ព្រមព្រៀងបញ្ជាទិញចុងអង្ករ ៥១ ១៣០តោន និងកន្ទក់ ៥៧ ៧៣០តោនដែរ។
អនុស្សារណៈយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើម» ធ្វើឡើងតាមរយៈក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែមីនា។ ក្រុមហ៊ុនផលិតចំណីសត្វទាំង៦នោះ រួមមាន ក្រុមហ៊ុនអិមភីក អេស៊ីអិមស៊ី (ខេមបូឌា), ក្រុមហ៊ុនបេតាហ្រ្គោ (ខេមបូឌា) ខមភេនី លីមីធីត, ក្រុមហ៊ុនអេហ្រ្គី-ម៉ាស្ទ័រ ខូអិលធីឌី, ក្រុមហ៊ុន ឌឹ ហឺស្ស ធីអិមអេច, ក្រុមហ៊ុន អេ អេន ធី ហ្វីដ ឯ.ក, និងក្រុមហ៊ុន ស៊ីជេ ជេលជីដាងហ្វីដ (ខេមបូឌា) ខូអិលធីឌី។
បើតាមក្រសួងពាណិជ្ជកម្ម ការបញ្ជាទិញកសិផលខ្មែរសម្រាប់ផលិកម្មចំណីសត្វ នៅពេលនេះ បង្ហាញពីការចូលរួមជំរុញការវិនិយោគ លើការកែច្នៃកសិផលនៅក្នុងស្រុក ក៏ដូចជាបង្កើនគុណតម្លៃ និងការពង្រឹងខ្សែច្រវាក់តម្លៃផលិតផល ស្របពេលកម្ពុជាកំពុងជួបប្រទះបញ្ហាការកើនឡើងថ្លៃដើមចំណីសត្វ។
កាលពីថ្ងៃទី១៤ ខែមីនា ក្រសួងពាណិជ្ជកម្ម ក៏បានចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនចិនចំនួន២ លើការបញ្ជាទិញដំឡូងមីស្ងួត ២០ម៉ឺនតោនផងដែរ៕