- ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៨:២៩ នាទី យប់

ដោយ៖ម៉ម ពិសី (RFI ខេមរភាសា)
កាលពីព្រឹកថ្ងៃអង្គារ ទី១៨មីនា សមត្ថកិច្ចបារាំងបានចុះទៅបំបែកក្រុមអន្តោប្រវេសន៍ខុសច្បាប់ ជាច្រើនរយនាក់ ដែលបានចូលទៅស្នាក់នៅដោយខុសច្បាប់ នៅមជ្ឈមមណ្ឌលវប្បធម៌មួយកន្លែងកណ្តាលក្រុងប៉ារីស ប្រមាណ៣ខែមកហើយ។ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានអះអាងថានេះគឺជាប្រតិបត្តិការដ៏ចាំបាច់ ដើម្បីស្តារឡើងវិញនូវសណ្តាប់ធ្នាប់សាធារណៈ។ តែដោយឡែក ក្រុមសកម្មជននិងអ្នកនយោបាយបក្សឆ្វេងនិយមបារាំង បានរិះគន់អំពីការប្រើធម៌ក្តៅជ្រុលហួសហេតុ ពីសំណាក់សមត្ថកិច្ចបារាំង។
ម៉ោង៦ព្រឹក ថ្ងៃអង្គារទី១៨មីនា សមត្ថកិច្ចនរគបាលនិងកងកម្លាំងសន្តិសុខបារាំង បានចុះទៅដល់ទីតាំងមជ្ឈមណ្ឌលវប្បធម៌ Gaîté Lyrique សង្កាត់លេខ៣កណ្តាលក្រុងប៉ារីស ដើម្បីបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់វ័យក្មេងៗ ប្រមាណជាង៤០០នាក់ ដែលបានចូលទៅតាំងទី នៅទីតាំងនេះ តាំងតែពីថ្ងៃទី១០ធ្នូមក។ ក្នុងសំឡេងស្រែកអ៊ូរអែ អមដោយសំឡេងស្គរក្តូងក្តាំងផង ក្រុមយុវជនអន្តោប្រវេសន៍ខុសច្បាប់ និងសកម្មជនខ្លះផង បានឈរផ្តុំគ្នាជារនាំងដើម្បីរារាំងកុំឲ្យសមត្ថកិច្ចសំរុកចូល។
សមត្ថកិច្ចបារាំង បានប្រើកម្លាំងវាយបំបែក ដោយបានប្រើគ្រាប់បែកផ្សែង ដំបងឆក់ ដើម្បីសំរុកចូលទៅក្នុងអគារ និងបណ្តេញក្រុមជនអន្តោប្រវេសន៍ទាំងអស់ ឲ្យចេញមកខាងក្រៅ។ យោងតាមលោក Laurent Nuñez ប្រធានអាជ្ញាធរនគរបាលប្រចាំទីក្រុងប៉ារីស សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៤៦នាក់ ពីបទជេរប្រមាថ មិនសហការជាមួយកម្លាំងសមត្ថកិច្ច និងខ្លះទៀត គឺដើម្បីផ្ទៀតផ្ទាត់នីតិរដ្ឋបាល។
សាក្សីនិងអ្នកកាសែតដែលបានឃើញហេតុការណ៍ផ្ទាល់ បានអះអាងថា ប្រតិបត្តិការបំបែកនេះ បានបង្កឲ្យមានភាពចលាចល ភ័យជ្រួលច្របល់។
ប្រភពដដែលនេះ អះអាងថា ជនអន្តោប្រវេសន៍ និងសកម្មជនសិទ្ធិមនុស្សខ្លះ ត្រូវសមត្ថកិច្ចរុញច្រានដួលនឹងដី ហើយមានការរត់ជាន់គ្នាថែមទៀត។ ដោយឡែក អាជ្ញាធរបារាំង អះអាងថា មានអ្នករបួសស្រាល៩នាក់។ លោក Laurent Nuñez បញ្ជាក់ថា ប្រតិបត្តិការបានចប់សព្វគ្រប់នៅវេលាម៉ោង៨ ៣០នាទីព្រឹក តែសមត្ថកិច្ចនឹងរក្សាកម្លាំងខ្លះ ដើម្បីបន្តយាមសន្តិសុខនៅទីតាំងនេះ។
ក្រុមសកម្មជនការពារជនអន្តោប្រវេសន៍ និងអ្នកនយោបាយបារាំងបក្សឆ្វេងនិយមជ្រុល បរិហារថា សមត្ថកិច្ចបារាំងបានប្រើវិធីធម៌ក្តៅយ៉ាងហិង្សាបំផុត ទៅលើក្រុមអន្តោប្រវេសន៍ដែលភាគច្រើនសុទ្ធតែជាយុវជនក្មេងៗ ខ្លះជាអនីតិជនផង។ ដោយឡែក នៅលើបណ្តាញសង្គមX លោក Bruno Retailleau រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានអះអាងថារដ្ឋបារាំងបានចេញមុខទទួលខុសត្រូវ ចំពោះប្រតិបត្តិការនេះ ព្រោះថាស្ថានការណ៍ដ៏អាណាធិបតេយ្យនេះ មិនអាចបន្តទៀតបានទេ។
អ្នកយកព័ត៌មានបារាំង AFP បានអះអាងផងដែរ ថានៅក្នុងពេលចុះទៅបំបែក មន្ត្រីសង្គមកិច្ចទទួលបន្ទុករកទីកន្លែងស្នាក់នៅបន្ទាន់ ក៏មានវត្តមានដែរ ដើម្បីជួបជាមួយជនអន្តោប្រវេសន៍ ដែលស្ម័គ្រចិត្តចង់ទៅស្នាក់នៅទីកន្លែង ដែលរដ្ឋត្រៀមបំរុងទុក។ តែផ្អែកតាមលោក Laurent Nuñez ក្នុងចំណោមអន្តោប្រវេសន៍ខុសច្បាប់ទាំងជាង៤០០នាក់ គឺមានតែ៦នាក់ទេ ដែលបានស្ម័គ្រទៅស្នាក់នៅទីជម្រកបណ្តោះអាសន្នរបស់រដ្ឋ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ធ្នូ២០២៤ ក្រុមអន្តោប្រវេសន៍ខុសច្បាប់ភាគច្រើនមកពីទ្វីបអាហ្រិកតំបន់ខាងត្បូងសមុទ្រខ្សាច់សាហារ៉ា ប្រមាណ៤៥០នាក់ វ័យក្មេងៗនិងខ្លះអះអាងថាជាអនិតិជន បានសំរុកចូលទៅតាំងទីស្នាក់នៅក្នុងមជ្ឈមមណ្ឌលវប្បធម៌ Gaîté Lyrique ដែលជាកម្មសិទ្ធិរបស់សាលាក្រុងប៉ារីស។
ប្រឈមនឹងបញ្ហាអាណាធិបតេយ្យនេះ សាលាក្រុងប៉ារីស និងអាជ្ញាធរនគរបាលក្រុងប៉ារីស បានរុញទម្លាក់កំហុសលើគ្នាទៅវិញទៅមក។ នៅថ្ងៃទី១៣កុម្ភៈ តុលាការរដ្ឋបាលបានចេញដីកា បង្គាប់ឲ្យបណ្តេញអន្តោប្រវេសន៍ខុសច្បាប់ចេញពីទីតាំង ក្នុងរយៈពេលយ៉ាងយូរបំផុតមួយខែ។ ដោយសង្កេតឃើញសាលាក្រុងមានការស្ទើស្ទាក់ ក្នុងការធ្វើចំណាត់ការបណ្តេញ អាជ្ញារនគរបាលប្រចាំក្រុងប៉ារីស បានសម្រេចបើកប្រតិបត្តិការបំបែក ដោយលើកពីមូលហេតុអាណាធិបតេយ្យ និងអសណ្ដាប់ធ្នាប់សាធារណៈ៕